​ទីតាំងអាជីវកម្មនៅខេត្ត​ព្រះសីហនុ​ប្រើ​ស្លាក​យីហោ​ផ្សេងៗ ជា​អក្សរ​បរទេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 January, 2018 ក+ ក-

​ព្រះសីហនុ​៖ មានមតិ​សាធារណៈ​ជាច្រើន​ទាំង​ភ្ញៀវទេសចរ​ជាតិ និង ពលរដ្ឋ​រស់​ខេត្ត​ព្រះសីហនុ ពួកគេ​បាន​រិះគន់​សកម្មភាព​ការងារ របស់​ថ្នាក់ដឹកនាំ​មន្ទីរជំនាញ​ពាក់ព័ន្ធ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​កន្លងមក​ហាក់​មិនសូវ​រវល់​អើពើ ចំពោះ​ការសរសេរ​អក្សរ​បរទេស ពិសេស​អក្សរ​ចិន នៅលើ​ផ្ទាំង​ប៉ាណូ និង​ស្លាក​សញ្ញា​ផ្សេងៗ នៅលើ​ទីតាំង​សំណង់​អាគារ​ធំៗ និង​ទីកន្លែង​ផ្សេងៗ ដែលមាន​ម្ចាស់ ឬ​ថៅកែ​ជា​ជនបរទេស រួមមាន​ជនជាតិ​ចិន​ជាដើម​។​

លោក សុធី គឺជា ភ្ញៀវ ទេសចរ ក្នុង ស្រុក​មក ពី​ភ្នំពេញ បានផ្តល់​បទ​សម្ភាស​ដ​ល់​អ្នកយកព័ត៌មាន​ប្រចាំខេត្ត​ព្រះសីហនុ អោយដឹងថា​៖ លោក បាន​កត់សម្គាល់ថា ការគ្រប់គ្រង​ស្លាក​សញ្ញា​ផ្សេងៗ របស់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​នា​មូលដ្ឋាន​នេះ គឺ​មិនទាន់បាន​ត្រឹមត្រូវ​នោះទេ ព្រោះ​ឃើញ​មាន​ស្លាក​ផ្ទាំង​ប៉ាណូ និង​ស្លាក​សញ្ញា​សំគាល់​ទីតាំង សំណង់ សណ្ឋាគារ កាស៊ីណូ ខុន​ដូ ភោជនីយដ្ឋាន ក្លឹប​កម្សាន្ត និង​ផ្សារ​តូចៗ ឬ​ផ្សាយ​ម៉ា​ត​ភាគច្រើន ដែលមាន​ម្ចាស់ ឬ​ថៅកែ​ជា​ជនបរទេស ពិសេស​ជនជាតិ​ចិន គឺ​បាន​លើក​ស្លាក​សញ្ញា នៅតាម​ទីតាំង​នីមួយៗ ជា​អក្សរ​បរទេស ឬ​ជា​អក្សរ​ចិន​ធំៗ និង​មាន​ស្លាក​សញ្ញា​ខ្លះ​មាន​សរសេរ​អក្សរ​ខ្មែរ​ខ្លះ​ដែរ​តែមាន​ទំហំ​តូច​ជាង​អក្សរ​បរទេស និង​មាន​ស្លាក​សញ្ញា​ខ្លះទៀត សរសេរ​ជា​អក្សរ​បរទេស​សុទ្ធ​។​

បើទោះជា​យ៉ាងនេះ​ក្តី ពលរដ្ឋ​និង មន្ត្រីរាជការ​ជាច្រើនរូប នៅ​ខេត្ត​ព្រះសីហនុ បានស្នើ​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ ពិសេស​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជាដើម ឲ្យ​បន្តសកម្មភាព​ចុះ​ត្រួតពិនិត្យ​ការប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស ពិសេស​អក្សរ​ចិន នៅលើ​ផ្ទាំង​ប៉ាណូ និង​ស្លាក​សញ្ញា​សំគាល់​ផ្សេងៗ នៅលើ​សំណង់​អាគារ ឬ​ទីកន្លែង​នានា ដែលមាន​ថៅកែ​ជា​ជនបរទេស មានដូចជា​៖ ស្លាក​សំគាល់​ឈ្មោះ កាស៊ីណូ សណ្ឋាគារ ក្លឹប​កម្សាន្ត ភោជនីយដ្ឋាន ក្រុមហ៊ុន និង​ទីតាំង​មួយចំនួនទៀត ដែលមាន​ម្ចាស់​ជា​ជនបរទេស ឬ​ជន​ជាតិចិន នា​ខេត្ត​ព្រះសីហនុ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ​។​

កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី និង​ជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ហៅ​កាត់ (​គ​.​អ​.​ឆ​.​ក​)​ផង​នោះ​។ ឯកឧត្តម​ធ្លាប់បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មន្ទីរ​បរិស្ថាន មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ មន្ទីរ​សាធារណៈការ មន្ត្រី​តំណាង​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ នៃ​រដ្ឋបាលខេត្ត​ក្រុងព្រះសីហនុ បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​ចំនួន ៤​កន្លែង​ធំៗ នាទី​ប្រជុំជន ក្រុងព្រះសីហនុ ដើម្បី​ចូលរួម​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ខ្លឹមសារ​មួយចំនួន ៣​សំខាន់ រួមមាន​៖
១. លិខិត​លេខ ៣៣២២ ដន​ស​/​គ​អ​ឆក ចុះ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ ២០១៧ ស្តីពី​ការប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស​នៅលើ ផ្ទាំងគំនូរ​សំណង់ ឬ​ផ្លាកសញ្ញា​ផ្សព្វផ្សាយ​នៅតាម​តំបន់ឆ្នេរ ។​

២. លិខិត​លេខ ៣៣៩៦ ដន​ស​/​គ​អ​ឆក ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ ២០១៧ ស្តីពី​សេចក្តីណែនាំ​បន្ថែម​ស្តីពី​ការរៀបចំ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​បណ្តាញ​លូ​។​
៣. អនុក្រឹត្យ​លេខ ២៣៥ អនក្រ​.​បក ចុះ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ ២០១៧ ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​។​

​កាលណោះ តំណាង​ក្រសួង​ស្ថាប័ន​ជំនាញ​ទាំងនោះ ក៏បាន​ណែនាំ​ដល់​តំណាង​ក្រុមហ៊ុន​ទាំង​ចិន​មួយចំនួន ឲ្យ​អនុវត្តតាម​ខ្លឹមសារ​លិខិតអនុញ្ញាត​សាងសង់ សុវត្ថិភាព​ក្នុង​ការដ្ឋាន និង​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ ដែល​នៅ​ជា​ធរមាន ឲ្យ​បាន​ត្រឹមត្រូវ​៕