អ្នកទីក្រុង​កែប ឆ្ងល់​ករណី​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ​កាប់​រំលាយ​ភ្នំ​ព្រះ នៅ​ភូមិ​ដំណាក់​ចង្អើរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 January, 2018 ក+ ក-

​ខេត្ត​កែប ៖ ភ្នំ​ព្រះ ដែលជា​ភ្នំ​ធម្មជាតិ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ដំណាក់​អ​ង្អើ​រ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប កំពុង​ត្រូវបាន​ជីក​កកាយ ដោយ​ប្រើ​រថយន្ត​បែន​ជាច្រើន​គ្រឿង​ជីក​យក​អាចម៍ដី​ដឹកជញ្ជូន​យកទៅលក់​យ៉ាង​អនាធ​តេ​យ្យ​។ សកម្មភាព​ខាងលើនេះ ត្រូវបាន​លោក យស វ​ណ្នី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កែប ​អះអាងថា ក្រុមហ៊ុន ស៊ុន ស្រី​មាស ដែល​ជី​​កយក​ដីភ្នំ​នេះ គេ​មាន​អាជ្ញាប័ណ្ណ​។​

យ៉ាងណាក៏ដោយ សកម្មភាព​ជីក​កកាយ​ភ្នំ​ព្រះ​យ៉ាង​អនាធិបតេយ្យ​នេះ ត្រូវបាន​ប្រភព​ច្បាស់​ការណ៍​បង្ហើប​ឱ្យដឹងថា បានកើត​ឡើងជា​យូ​ខែ​មកហើយ ដែល​ម្ចាស់​គ្រឿងចក្រ​ត្រូវគេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​មួយ​នៅក្នុង​ក្រុងកែប​នេះ តែម្តង​។​ចំពោះ​ការផ្តួចផ្តើម​ឱ្យមាន​ជីក​កកាយ​រំលាយ​ភ្នំ​ព្រះ​ខាងលើនេះ ទំនងជា​គេ​សំអាង​លើ​អាជ្ញាប័ណ្ណ​ដែល​បាន​ត្រូវរ៉ូវ​គ្នា​រៀបចំ​របស់​ថ្នាក់​ណាមួយ ទើប​អាជ្ញាធរ​ដែនដី​ធ្មេចភ្នែក បិទ​ត្រចៀក មិន​ហ៊ាន​រារាំង​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ជើងភ្នំ​ព្រះ បាន​សម្តែង​ការងឿងឆ្ងល់​ដូចៗ​គ្នា​ថា ហេតុ​អី​បានជា​គេ​ចេញ​អាជ្ញាប័ណ្ណ​ឱ្យធ្វើ​អាជីវកម្ម​រំលាយ​ភ្នំ​នេះ ព្រោះ​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​ដែល​បន្សល់​ពី​ដូនតា ពិសេស​ភ្នំ​ព្រះ នេះ កាលពីមុន​មាន​សភាព​ខៀវស្រងាត់​ហ៊ុមព័ទ្ធ​ដោយ​ព្រៃ​ប្រឹក្សា តែ​ពេលនេះ​ក្លាយជា​ទីតាំង​ជីក​យក​អាចម៍ដី​យ៉ាង​អនាធិបតេយ្យ​ទៅវិញ ហើយ​មិនយូរ​ទេវា​នឹង​រលាយបាត់​រូបរាង​មិនខានឡើយ​។​

ក្រុម​ប្រជាពលរដ្ឋ​ដដែល បាន​លើកឡើងថា តំបន់​មួយចំនួន​ក្នុង​ក្រុងកែប ពិសេស​ផ្លូវថ្នល់​មួយ​ខ្សែ​ដែល​ពួកគេ​ដឹកជញ្ជូន​ដីភ្នំ បាន​ទ​ទូល​រង​ការខូចខាត​ជាច្រើន​កន្លែង ហើយ​កន្លែង​ខ្លះ​ខូច​ស្ទើរតែ​ទាំងស្រុង ។

លោក យស វ​ណ្នី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កែប បានអោយដឹងថា ភ្នំ​មួយ​នេះ គេ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ក្នុង​ការជីក​កកាយ​ធ្វើ​អាជីវកម្ម ប៉ុន្តែ​ទោះបី​យ៉ាង​ក្តី ក៏​ប្រជាពលរដ្ឋ​និយាយថា ការកាយ​យក​អាចម៍ដី​ភ្នំ​ព្រះ​នេះ អាជ្ញាធរ និង​ជំនាញ​មានការ​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ឈ្មូ​ញ​ដើម្បី​ផលប្រយោជន៍​រៀងៗ​ខ្លូន​។​

ចំណែក​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប មិនអាច​សុំ​ការពន្យល់​បានទេ ដោយសារ​ទុ​រ​ស័ព្ទ​ចូល​ហើយ តែ​គ្មាន​នរណា​លើក ឬក៏​គាត់​មិន​លើក​ទូរស័ព្ទ​ដោយសារ​គាត់​លេខ​របស់​អ្នកកាសែត​។ រីឯ លោក ស្រី ទិ​ត្យ សុខា អភិបាល​ក្រុងកែប ក៏​មិនអាច​សុំ​ការបំភ្លឺ​បានដែរ​ដោយសារ​លោកស្រី​ចេញទៅ​ក្រៅប្រទេស​។​

​ក្រុម​ប្រជាពលរដ្ឋ បាន​អំពាវនាវ នៅ​ចំពោះ​មុន​អ្នកកាសែត​ដោយ​ទទូច​ឱ្យ​ក្រសួង​រ៉ែ និង​ឋា​ម​ពល ឬ​ប្រមុខ​រាជរដ្ឋាភិបាល​សើរើ​ពិនិត្យឡើងវិញ​ករណី​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ​រំលាយ​ភ្នំ​ព្រះ ដែលជា​ភ្នំ​ធម្មជាតិ​ធ្លាប់​សម្រស់​ដ៏​ស្រស់​ដ្រ​កាល​​មួយនេះ ដើម្បី​ទុកជា​ប្រវត្តិសាស្ត្រ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​នាពេល​អនាគត​ផងដែរ​៕