នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើ​សារ​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2018 ក+ ក-

​ភ្នំពេញ ៖ ខ្វះ​តែ​១​ថ្ងៃ​ទៀត​ដាច់​ខែមករា ហើយ​ចូលឆ្នាំ​ចិន​ក៏​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ បន្ទាប់ពី​ចូលឆ្នាំ​សកល​កន្លងទៅនេះ​។ ពិតណាស់ កម្ពុជា​យើង​ចូលឆ្នាំ​៣​ដង​ក្នុង​១​ឆ្នាំ ទាំង​សកល​, ឆ្នាំ​ចិន និង​ឆ្នាំ​ខ្មែរ​។ ពីមុន​យើង​មិនសូវ​ឃើញ​មាន​បងប្អូន​សែន​ចិន​ច្រើន​ទេ ប៉ុន្តែ​សព្វថ្ងៃនេះ​គឺមាន​កាន់តែ​ច្រើនឡើងៗ​។ ប្រទេសជាតិ​មាន​សុខសន្តិភាព គឺ​ពលរដ្ឋ​មាន​សិទ្ឋិ​សេរីភាព​ពេញលេញ​ក្នុងការ​ជ្រើសរើស​ជំនឿ​សាសនា ក៏ដូចជា​ការអបអរ​ប្រារព្វ​បុណ្យទាន​ទៅតាម​ប្រពៃណី​ទំនៀមទម្លាប់​ពី​ដូនតា​ដោយ​គ្មាន​ការបង្ខិតបង្ខំ​អ្វី​ឡើយ​។​

​ខ្ញុំ​សូម​ជូន​រូបថត​អនុស្សាវរីយ៍​មួយ​សន្លឹក​ថត​ក្នុង​ទសវត្ស​ឆ្នាំ ១៩៩១ ដែល​ពេលនោះ​ខ្ញុំ​និង​ភរិយា​បាន​ទៅ​ទស្សនកិច្ច​នៅ​មហាកំពែង​ប្រទេស​ចិន ក្នុងពេល​ដឹកនាំ​គណប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់ (Supreme National Council-SNC) មុននឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១​។

​សន្តិភាព​ដែល​យើង​បាន​ខិតខំ​រកបាន​ដោយ​លំបាក​បំផុត គឺ​យើង​ត្រូវ​រួមគ្នា​ថែរក្សា​អោយបាន​គង់វង្ស​ទាំងអស់គ្នា​។ ការចូលរួមចំណែករ​បស់​ជនរួមជាតិ គឺ​បានធ្វើអោយ​ប្រទេសជាតិ​យើង​មាន​មាន​សេចក្តីសុខ និង​កាន់តែ​រីកចម្រើន​មកទល់​សព្វថ្ងៃ​។​

​សូម​ជូនពរ​ជនរួមជាតិ​មាន​សុខ​សុភមង្គល​ក្នុង​ក្រុមគ្រួសារ សំណាងល្អ និង​មាន​សុខ​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​ជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅប្រទេស​កុំបី​ខាន​៕