ឃើញ​ប្តីបង្ហោះ​រូបភ្ជាប់​ពាក្យជាមួយ​ស្រី​ថ្មី លាយថ្នាំ​ពុលក្នុង​បាយ​ហូបធ្វើអត្តឃាត​បីនាក់​ម៉ែកូន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2018 ក+ ក-

​ខេត្តកំពត ៖ ខណៈ​ការ​លះលែង​នៅ​មិនទាន់​ដាច់ស្រេច ហើយ​ឃើញ​ប្ដី​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ពី​ពិធី​ភ្ជាប់ពាក្យ​ជាមួយ​ស្រី​ថ្មី ក៏​យក​ថ្នាំបុរាណ​លាយ​ជាមួយ​បាយ​ហូប​បំណង​ធ្វើអត្តឃាត​ជាមួយ​កូនប្រុស​២​នាក់ តែ​ស្លាប់​តែ​កូន​ពីរ​នាក់ ចំណែក​ស្ត្រី​ជា​ម្តាយ​មិន​ស្លាប់​។​ហេតុការណ៍​គួរអោយ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩៖៣០​នាទី​ព្រឹក​ថ្ងៃទី​៥០ ខែមករា នៅផ្ទះ​សំណាក់​សុខ​មនោរ​ម្យ ក្នុងភូមិ​ត្រពាំង​ខ្វា ឃុំ​ភ្នំ​កុង ស្រុក​អង្គ​ជ័យ ខេត្តកំពត​។​

​បើ​យោងតាម​ការ​អោយដឹងពី​នគរបាល​ខេត្ត បាន​ប្រាប់​អោយដឹងថា ស្ត្រី​ដែល​ប៉ង​ធ្វើអត្តឃាត​ដោយ​លាយថ្នាំ​ដាក់​ជាមួយ​បាយ​អោយ​កូន​ស៊ី​រួមជាមួយ​ខ្លួន​តែ​ពុល​ស្លាប់​កូន​ពីរ​នាក់​បងប្អូន​នេះ​ឈ្មោះ ប៉ាក់ សុ​ហេង អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​សិង្ហ ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ និង​កូនប្រុស​២​នាក់​ដែល​បាន​ស្លាប់​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​លេខ​២១៦​នោះ​ម្នាក់​ឈ្មោះ ហ៊ា​ល សុវណ្ណ អាយុ​៨​ឆ្នាំ និង​កូនប្រុស​ម្នាក់ទៀត​ឈ្មោះ ហ៊ា​ល ក្ដាន់ អាយុ​៣​ឆ្នាំ​។​
​នគរបាល​ខេត្ត​បាន​ប្រាប់ថា ស្ត្រី​ជា​ម្ដាយ​មិន​ស្លាប់​ទេ​ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ ហើយ​សព​កូន​ទាំងពីរ​នាក់​នោះ​ត្រូវបាន​គេ​ដឹក​ទៅធ្វើ​បុណ្យ​នៅ​ស្រុក​ទ្រាំង​។​

​នគរបាល​និយាយថា ស្ត្រី​ដាច់ចិត្ត​លាយថ្នាំ​ជាមួយ​បាយ​បណ្ដាលអោយ​ពុល​ស្លាប់​កូន​នេះ​បាន​ជិះ​ម៉ូតូឌុប​កូនប្រុស​២​នាក់មក​ស្នាក់នៅ​ផ្ទះសំណាក់​សុខ​មនោ​រម្យ នេះ​រយៈពេល​២​ថ្ងៃ​ហើយ ព្រោះ​គេ​ជា​អ្នកលក់​ថ្នាំ​បូរាណ​។​

​តា​មកា​អះអាង​ពី​នគរបាល​និយាយថា ម្ដាយ​ឪពុក​ក្មេងប្រុស​២​នាក់​នេះ​បាន​លែងលះគ្នា​ជិត​១​ឆ្នាំ​ហើយ តែ​មិនទាន់​ដាច់​ស្រ​ច​ទេ លុះ​ពេល​ឃើញ​បុរស​ជា​ប្ដី​ភ្ជាប់ពាក្យ​ជាមួយ​ស្រី​ផ្សេង ហើយ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ទើប​មាន​រឿងរ៉ាវ​គួរអោយ​អាណោចអាធ័ម​នេះ​កើតមាន​។​
​លោក គង់ កុសល អនុប្រធាន​កា​រិ​ល័យ​នគរបាល​បច្ចេកទេស​ខេត្ត បាន​ចុះមក​ពិនិត្យ​បន្ទប់​កើតហេតុ​និយាយថា កូនប្រុស​២​នាក់​នេះ​ស្លាប់​ដោយ​ម្ដាយ​របស់គេ​លាយថ្នាំ​ពូ​ល​ជាមួយ​បាយ​អោយ​កូន​ស៊ី​។​នាយរង​នគរបាល​រូបនេះ​និយាយថា មាន​ថ្នាំបុរាណ​ជាច្រើន​ប្រភេទ​ត្រូវបាន​ស្ត្រី​រូបនោះ​ជិះ​ម៉ូតូ​ដើរ​លក់ ហើយ​យក​ថ្នាំ​មួយ​ប្រភេទ​មក​លាយ​ជាមួយ​បាយ​អោយ​កូន​ស៊ី​ពុល តែ​លោ​កថា ថ្នាំ​នោះ​ក៍​មិនទាន់​ដឹង​ជា​ថ្នាំ​អ្វី​ដែរ ។​ស្ត្រី​មាន​ចេតនា​សម្លាប់​កូន​មិនទាន់​ដឹងថា ខឹង​ពី​រឿង​អ្វី​អោយ​ច្បាស់លាស់​នោះទេ ព្រោះ​ស្ត្រី​មានគំនិត​គិត​ខ្លី​នេះ​កំពុង​សម្រាក​ព្យាបាល​។​

ទោះបីជា​បែបណា​ម្ចាស់ផ្ទះ​សំណាក់ រួមទាំង​សមត្ថកិច្ច​ហាក់ដូចជា​មានការ​លាក់​បាំង​ព័ត៌មាន​មិនអោយ​បែកធ្លាយ ពី​ករណីនេះ​៕