បាញ់រះ​សម្លាប់់​មន្ត្រី​៣​រូប បន្ទាប់ពី​មានការ​បង្ក្រាប​ឈើ​ល្មើសច្បាប់​នៅ​ស្រុក​អូររាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2018 ក+ ក-

​មណ្ឌលគិរី ៖ នៅ​ចន្លោះ​ម៉ោង​ប្រហែល​៤-៥​ល្ងាច ថ្ងៃទី​៣០ មករា ២០១៨ មាន​ករណី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​បានកើត​ឡើង​បណ្ដាល​ឲ្យ មនុស្ស​៣​នាក់​បាន​ស្លាប់ មាន​មន្ត្រី​កងរាជអាវុធហត្ថ​១​នាក់ មន្ត្រី​បរិស្ថាន​១​នាក់ និង​មន្ត្រី​អង្គការ​១​នាក់ ហើយ​ការផ្ទុះ​នេះ​គេ​នៅ​មិនទាន់​ដឹងថា នរណា​ជា​ជនល្មើស​នោះទេ ព្រោះ​ខ្មាន់កាំភ្លើង​លប​បាញ់​ពីក្រោយ ។

ហេតុការណ៍ នេះ គឺ​បាន​កើតឡើង​នៅ​ចំណុច​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ពី​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​អូ​ររ​លែ តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ស្ថិតក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ។​

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិ​សា្ថ​ន​ខេត្តមណ្ឌលគិរី បាន​ថ្លែង​នៅ​យប់​ថ្ងៃទី​៣០ មករា នេះ ថា មុន​ឈានដល់​មាន ការផ្ទុះអាវុធ​ធ្វើ​ឲ្យ​មន្ត្រី​របស់លោក​បាន​ស្លាប់ គឺ​ក្រុមមន្ត្រី​ជំនាញ​របស់លោក​បាន​ល្បាត​ព្រៃ និង​ឈានដល់​ការបង្ក្រាប បទល្មើស​ព្រៃឈើ​១​ករណី ឃាត់ខ្លួន​បាន​មនុស្ស​មួយចំនួន និង​វត្ថុតាង​ម៉ូតូ​ដឹកឈើ រួម​និង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ នៅក្បែរ​ចំណុចកើតហេតុ ។ ក្រោយពេល​បង្ក្រាប​រួចរាល់ មនុស្ស​ទាំងនោះ​គឺ​មន្ត្រី​ជំនាញ​បានប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​នៅ ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​អូ​ររ​លែ ដែល​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​បន្ត​នីតិវីធី ហើយ​មន្ត្រី​ជំនាញ​របស់លោក​រឹបអូស យកតែ​វត្ថុតាង​ម៉ូតូ រួម​និង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ប៉ុណ្ណោះ​។​ប៉ុន្តែ​ក្នុងពេល​ក្រុមមន្ត្រី​ជំនាញ​ត្រលប់​មកវិញ​ពី​ចំណុច​បង្ក្រាប បាន​ប្រហែល​តែ​២​គីឡូម៉ែត្រ ក៏មាន​ស្នូរ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​មកពី​ក្រោយ​សំដៅ​មក​ក្រុមមន្ត្រី​ល្បាត បណ្ដាល​ឲ្យ​មាន​អ្នក ស្លាប់​យ៉ាង​អាណោចអាធ័ម​តែម្ដង និង​ពុំបាន​ដឹងថា នរណា​ជា​ជនល្មើស​នោះទេ ។​

ជនរងគ្រោះ​ទាំង​៣​នាក់​រួមមាន​៖ ទី​១៖ ឈ្មោះ សេក វ​ឌ្ឍ​នា ជា​មន្ត្រី​អាវុធហត្ថ​ផ្ទៃ​ប្រទេស (​ស្លាប់​), ទី​២៖ ឈ្មោះ តើន សុខ​ណៃ ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន (​ស្លាប់​) និង​ទី​៣៖ បុគ្គលិក​របស់​អង្គការក្រៅរដ្ឋាភិបាល ជា​អ្នក​នាំ​ផ្លូវ ឈ្មោះ ថុល ខ្នា បាន​ស្លាប់​ពេល​បញ្ជូនមក​មន្ទីរពេទ្យ ។​

អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង បាន​ថ្លែងថា ជុំវិញ​ករណីនេះ​លោក​បាន និង​កំពុង​បញ្ជា​ឲ្យ​កម្លាំង​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនល្មើស​ជាបន្ទាន់​ហើយ ដើម្បី​ឱ្យដឹងពី​មូលហេតុ​ពិត និង​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​៕