ឃុំខ្លួន​អ្នកបើករថយន្ត​សាមុយ​ម្នាក់ ដែលបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យមនុស្សស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2018 ក+ ក-

​កណ្តាល ៖ បុរស​ដែលជា​តៃកុង​រថយន្ត​សង្គ្រោះបន្ទាន់​ម្នាក់ ត្រូវបាន​តុលាការ​ខេត្តកណ្តាល​សម្រេច​ចេញ​ដីកាឃុំខ្លួន កាលពី​ថ្ងៃទី ២៩ ខែមករា ឆ្នាំ​២០១៨ ចេញ​ដោយ​លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកណ្តាល ។

​ជន​ដែល​ត្រូវ​ឃុំខ្លួន​មានឈ្មោះ ផុន ថា​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​ទីលំនៅ​ភូមិ​ស្រី​សំពោង ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មុខរបរ​បើកបរ​ថ​យន្ត​សង្គ្រោះបន្ទាន់ ។ នៅក្នុង​ដីកា​សម្រេច​ឃុំខ្លួន​របស់លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកណ្តាល នេះ បានធ្វើការ​ចោទប្រកាន់​ពីបទ បើកបរ​ដោយ​ធ្វេសប្រហែស​ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​របួស ។

​គួររំលឹកថា ជន​ត្រូវ​ចោទ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី ដែល​បាន​បើករថយន្ត​សង្គ្រោះបន្ទាន់​មួយ របស់​គ្លីនិក​សម្ភព ម៉ិ​ញ វុទ្ធី រថយន្ត​ពាក់​ស្លាក​លេខ​កណ្តាល​២A ៧៧៤៨ ក្នុង​ល្បឿន​លឿន​រហូត​ឈានទៅដល់​បង្ក​គ្រោះថ្នាក់​បុក​មនុស្ស​២​នាក់ ដែលជា​អ្នក​កំពុង​ជួយសង្គ្រោះ​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​នឹង​រថយន្ត បណ្តាលឱ្យ​រងរបួស ហើយ​ស្លាប់​ម្នាក់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​បាន​ប្រហែល​៦​ម៉ោង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈើ​នាង​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា នៅវេលា​ម៉ោងជាង​៩​យប់ ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨ មាន​ម៉ូតូ​១​គ្រឿង ម៉ាក​សង់​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម ១O ១៧៤៣ បើកបរ​ដោយ​ឈ្មោះ សេង នី ភេទ​ប្រុស អាយុ​២៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ភូមិ​ដូន​ឡី ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្ត​កំពង​ចាម មុខរបរ​អ្នកបើកបរ​រថយន្ត​រោងចក្រ សា​ប្រ៊ី​ណា ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មាន​ទិសដៅ​ពី​កើ​តទៅ​លិច (​ភ្នំពេញ​ទៅ​កំពង់សោម ) លុះដល់​ចំណុច​ខាងលើ បាន​បុក​ពីក្រោយ​រថយន្ត​មិន​ស្គាល់​ម៉ាក (​បើក​រត់គេច​បាត់​) ក្នុងទិសដៅ​ស្របគ្នា បណ្ដាលអោយ​រងរបួស​ធ្ងន់ ។

ក្រោយ​កើតហេតុ ប្រជាពលរដ្ឋ​អ្នកដំណើរ​ចំនួន​៣​នាក់ បាន​ឈប់​ម៉ូតូ ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ នឹង​សំរួល​ចរាចរណ៍ ស្របពេលនោះ ក៏មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ (​ប្រភេទ​រថយន្ត​សង្គ្រោះ​) (​ជា​របស់​គ្លីនិក​សម្ភព ម៉ិ​ញ វុទ្ធី​) ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល​២A ៧៧៤៨ បើកបរ​ដោយ​ឈ្មោះ ផុន ថា​ត ភេទ​ប្រុស (​ជនជាប់ចោទ​ខាងលើ​) ដែល​បើក​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច មកជួយ​សង្គ្រោះ​ជនរងគ្រោះ​ក្នុងករណី​ខាងលើ ក៏​ជ្រុល​ទៅបុក​អ្នក​ជួយសង្គ្រោះ​បណ្ដាលឱ្យ​រងរបួស​ចំនួន​២​នាក់ ទី​១-​ឈ្មោះ អៀង ផល្លី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ក្ដាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល មុខរបរ​កម្មករ រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​បាន​ប្រហែល​៦​ម៉ោង និង​ទី​២-​ឈ្មោះ ឃឹម ធី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ កប់​ជ​ន្លុះ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល មុខរបរ​កសិករ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​គុប C៥០ ពណ៌​ទឹកប៊ិច រងរបួស​ស្រាល ។

​ការសម្រេច​ឃុំខ្លួន​របស់​តុលាការ​ខេត្តកណ្តាល​នេះ ភ្នាក់ងារ ព័ត៌មាន​មិនអាច​សុំ​ការពន្យល់​លពី​លោក ហុក វ៉ាន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្តាល​បានទេ ដោយសារ​ទូរស័ព្ទ​រប​ស់លោក​ទាក់ទង​មិន​ចូល​នៅ​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨​នេះ ។

​ដោយ​ឡែ​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍ វ៉ែន សា​វិ​ន ក៏បាន​ប្រាប់ កាលពី​រសៀល​ថ្ងៃទី ៣០ ខែមករា នេះ​ថា អ្នកបើកបរ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន បើសិន​ខ្ជីខ្ជា​គ្មាន​ការប្រុងប្រយ័ត្ន គឺ​ត្រូវ​ទទួលទោស​តាមផ្លូវ​ច្បាប់ ថ្វី​ត្បិត​គាត់​បើករថយន្ត​សង្គ្រោះបន្ទាន់​ទៅយក​អ្នករបួស​ដើម្បី​សង្គ្រោះ​ជីវិត ប៉ុន្តែ​គាត់​បើក​លឿន​ពេក ក៏​ទៅបុក​អ្នក​ដែល​កំពុង​ជួយសង្គ្រោះ​អ្នករបួស​បណ្តាលឱ្យ​ស្លាប់​ទៅវិញ ។

​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ ពិសេស​រថយន្ត​ដឹក​ថ្ម ដឹក​ដី ខ្សាច់ ទោះ​ប្រញាប់​យ៉ាងណាក៏ដោយ ក៏​ត្រូវតែ​គិតពី​គ្រោះថ្នាក់​ដល់​គេ​ដែរ ៕