រដ្ឋបាល​រាជធានី ណែនាំ​ឱ្យ​មន្ទីរ​ធម្មការ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ រៀបចំ​ពិធីបុណ្យ​មាឃបូជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​ពិធីបុណ្យ​មាឃបូជា​ឆ្នាំនេះ នៅតាម​ទីវ​ត្ត​អារាម​ទាំង​១៥០​វត្ត ក្នុង​រាជធានី​ភ្នំពេញ ព្រោះ​ពិធីបុណ្យ​មាឃបូជា​នេះ ជា​បុណ្យ​ដ៏​ធំជាងគេ​នៅ​កម្ពុជា​។​

​តាម​សេចក្តីណែនាំ ស្តីពី​ការរៀបចំ​ពិធីបុណ្យ​មាឃបូជា របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ បុណ្យជាតិ​-​អន្តរជាតិ​ឆ្នាំនេះ ពិធីបុណ្យ​មាឃបូជា នឹងត្រូវ​ប្រព្រឹត្តទៅ​រយៈ​ព​លេ​២​ថ្ងៃ គឺ​ត្រូវ​នឹង​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ នៅ​បរិវេណ​ព្រះ​មា​ហា​សក្យមុនី ចេតិយ ភ្នំ​ព្រះរាជ​ទ្រព្យ​ឧ​ត្តុ​ង្គ​។​

​ដើម្បី​ញ៉ាំង​ឲ្យ​ពិធី​ដ៏​មង្គល​នេះ ប្រព្រឹត្តទៅ​យ៉ាង​មហោឡារិក​អធិក​អ​ធ័​ម ស័ក្តិសម​ទៅនឹង​អត្ថន័យ និង​ខ្លឹមសារ​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​សូម​ណែនាំ​៖

​ទី​១៖ គ្រប់​រដ្ឋបាល​ខណ្ឌ មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​ចាត់​ការតាំង​រៀបចំ​ឲ្យ​មាន​ពិធីបុណ្យ​មាឃបូជា ឲ្យ​បាន​អធិក​អ​ធ័​ម នៅ​ទីវ​ត្ត​អារាម​មួយ​ក្នុង​មូលដ្ឋាន​ជា​ផ្លូវការ​។​
​ទី​២៖ គ្រប់​រដ្ឋបាល​ខណ្ឌ ត្រូវ​បំផុស​ឲ្យ​តុបតែង​លម្អ ចង​បដា​ពាក្យស្លោក ទង់ជាតិ ទង់សាសនា នៅតាម​អាគារ​សាធារណៈ​រោងចក្រ សហគ្រាស គ្រប់​គេហដ្ឋាន វត្ត​អារាម ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ប្រពៃណី​សាសនា​ខាងលើ ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​កិត្តិយស​និង​ថ្លៃថ្នូរ​។​

​ទី​៣៖ រដ្ឋបាល​ខណ្ឌ មន្ទីរ អង្គភាព​ត្រូវ​ចាត់តាំង​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ ចួ​ល​រួម​ក្នុង​ពិធីបុណ្យ​មាឃបូជា នៅ​បរិវេណ ព្រះមហា​សក្យមុនីចេតិយ ភ្នំ​ព្រះរាជ​ទ្រព្យ​ឧ​ត្តុ​ង្គ​។​

ទី​៤៖ មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ ត្រូវ​ចាត់តាំង​បណ្តា​វិទ្យុ និង​ទូរទស្សន៍​រាជធានី​ភ្នំពេញ ប៉ុស្តិ៍​លេខ​៣ ចុះ​ធ្វើ​សកម្មភាព​យក​ព័ត៌មាន​ការផ្សព្វផ្សាយ​ធម្មទេសនា អំពី​ប្រវត្តិ​នៃ​ពិធី​មាឃបូជា​នេះ ឲ្យ​បាន​ទូលំទូលាយ​ស័ក្តិ​សមជា​ទិវា​បុណ្យជាតិ​ដ៏​រុងរឿង​។

ទី​៥៖ ស្នងការដ្ឋាន​នគរបាល បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី សហការ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​ក្នុង​ពិធីបុណ្យ និង​តាមផ្លូវ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចាប់ពី​រង្វង់​មូល​ជ្រោយចង្វា រហូតដល់​ព្រំ​ទល់​ខេត្តកណ្តាល​៕