សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា អាច​បញ្ចប់​នៅមុន​ពេល​បោះឆ្នោត​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​រំពឹងទុក​ថា សេចក្តីព្រាងច្បាប់ ស្តីពី ប្រាក់​ឈ្នួល​អប្បបរមា​អាច​នឹង​បញ្ចប់​ជា​ផ្លូវការ​ក្នុងអំឡុង​ឆមាស​ទីមួយ​ឆ្នាំ​២០១៨​នេះ ពោលគឺ​នៅមុន​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច សមាហរណកម្ម​អាស៊ាន ការប្រកួតប្រជែង​ក្នុង​វិស័យ ពាណិជ្ជកម្ម​អន្តរជាតិ និង​សង្គមជាតិ​នាពេល​បច្ចុប្បន្ន​។​

នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី ស្តីពី សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា នា​ព្រឹក ថ្ងៃទី​៣០ ខែមករា លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​បញ្ជាក់ថា ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​តាមរយៈ​យន្តការ​ច្បាប់ គឺជា​យន្តការ​ដ៏​រឹងមាំ​មួយ ក្នុងការ​ធានា​ឲ្យ​បាន​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​មួយ​សមស្រប​តាមបែប​វិទ្យាសាស្ត្រ ដែល​ផ្អែកលើ​លក្ខខណ្ឌ​វិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច តាមរយៈ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល អប្បបរមា​ដែលមាន​តំណាង​ស្មើៗ​គ្នា​មកពី​ភាគី​កម្មករនិយោជិត ភាគី​និយោជក និង​ភាគី​រដ្ឋាភិបាល​។ ក្រុមប្រឹក្សា​នេះ នឹងសិក្សា​ស្រាវជ្រាវ​និង​ផ្តល់​អនុសាសន៍​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​និង​អត្ថប្រយោជន៍​ផ្សេងៗ​របស់ ជន​ទាំងទ្បាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ហើយ​ប្រជុំពិភាក្សា​ដោយ​ឈរលើ​គោល ការណ៍​ប្រជាធិបតេយ្យ តម្លាភាព និង​ឈ្នះ​ឈ្នះ​។

សូមបញ្ជាក់ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានដាក់​ឲ្យ​មានការ​ប្រជុំពិភាក្សា​ត្រីភាគី លើ​សេចក្តីព្រាងច្បាប់​នេះ ចំនួន​០២​លើក​រួចមកហើយ កាលពី​ឆ្នាំ​២០១៦ និង​ចំនួន​០២​លើក​ទៀត នៅក្នុង​ឆ្នាំ​២០១៧​កន្លងទៅ​។

​តាមរយៈ​កិច្ចប្រជុំ​ត្រីភាគី និង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ទាំងនោះ ក្រសួង​ការងារ​បានទទួល​ធាតុ​ចូល ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ភាគី​សហជីព ភាគី​និយោជក អង្គការ​អន្តរជាតិ​ខាង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ ដទៃទៀត ហើយ​ក្រុមការងារ​កសាង​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​ក៏បាន​សិក្សា​ផ្ទៀងផ្ទាត់​មើល​មតិយោបល់​ទាំងនោះ ដើម្បី​កែសម្រួល​និង​ដាក់​ឲ្យ​ពិភាក្សា​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​នាពេលនេះ​៕