សប្តាហ៍​ក្រោយ មន្ត្រី​ពន្ធដារ​នឹង​ទៅ​ចុះ បញ្ជី​អចលនទ្រព្យ ដល់​លំនៅឋាន​ផ្ទាល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2018 ក+ ក-

​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​តទៅ អគ្គនាយក​ដ្ឋា​ពន្ធដារ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចុះ​ផ្ដល់​សេវា​ពន្ធដារ​លើ​ការចុះបញ្ជី និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អចលនទ្រព្យ ដល់ទី​តាំងរបស់​ម្ចាស់​អចលនទ្រព្យ ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​បើតាម​សេចក្ដីជូនដំណឹង ការចុះ​ផ្ដល់​សេវា​ពន្ធដារ លើ​ការចុះបញ្ជី និង​ធ្វើ​បច្ចុប្បន្នភាព ព័ត៌មាន​អចលនទ្រព្យ​នេះ ធ្វើឡើង​ដើម្បី​ស្រង់​ស្ថិតិ ថតរូប​ទីតាំង និង​សាកសួរ​ព័ត៌មាន​មួយចំនួន​អំពី​អចលនទ្រព្យ​ដូចជា អត្តសញ្ញាណ​ម្ចាស់​អចលនទ្រព្យ និង​ព័ត៌មាន​ចាំបាច់​ផ្សេងៗ​ទៀត ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​អចលនទ្រព្យ ដែល​បាន​ចុះបញ្ជី នៅក្នុង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​ជាមួយគ្នា​នោះ ក្រុមការងារ​នឹងធ្វើ​ការផ្សព្វផ្សាយ ពីបទ​ប្បញ្ញា​ត្តិ​ស្ដីពី​ពន្ធដារ ការផ្ដល់សេវា​ចុះបញ្ជី និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អចលនទ្រព្យ ព្រមទាំង​សេវា​ពន្ធដារ​ផ្សេងទៀត ជូន​ម្ចាស់​អចលនទ្រព្យ​គ្រប់រូប ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​។​

​ដើម្បី​ផ្ដល់​ភាពងាយស្រួល និង​ចៀសវាង​ការចំណាយ​ពេលវេលា អគ្គនាយកដ្ឋាន​ពន្ធដា​រ​ស្នើ​ឲ្យ​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ត្រៀមលក្ខណៈ​ជាមុន និង​រៀបចំ​ចម្លង​ទុក នូវឯ​សារ​ពាក់ព័ន្ធ​មួយចំនួន ជូន​ក្រុមការងារ​ដូចជា​៖

១.​ករណី​អចល​ទ្រព្យ បាន​ចុះបញ្ជី​ពន្ធដារ​រួចរាល់ ត្រូវមាន​៖ បង្កាន់ដៃ​បង់ពន្ធ​លើ​អចលនទ្រព្យ ប័ណ្ណ​សម្គាល់​ការបង់ពន្ធ​អចលនទ្រព្យ (​កាត់​សម្រាប់​បង់ពន្ធ​អចលនទ្រព្យ​)

២.​ករណី​អចលនទ្រព្យ មិនទាន់​ចុះបញ្ជី​ពន្ធដារ​ត្រូវមាន ៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សំបុត្រ​បញ្ជាក់​កំណើត​ឬ​លិខិតឆ្លងដែន​សម្រាប់​ជនបរទេស ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ឬ​លិខិតបញ្ជាក់​លំនៅ​, ប័ណ្ណ​សម្គាល់​សិទ្ធិ ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ឬ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី ឬ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​អចលនទ្រព្យ​ដែល​បញ្ជា​ក់ដោយ​អាជ្ញាធរ​ឃុំ សង្កាត់​ឡើងទៅ​៕