សំណុំរឿង​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​អតីត CNRP នឹង​ជម្រះ​នៅ​ថ្ងៃទី​៩ កុម្ភៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2018 ក+ ក-

​ភ្នំពេញ ៖ រឿងក្តី​លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាងមុខនេះ បើកសវនាការ​ជំនុំជម្រះ​។ នេះ​យោងតាម​ដីកា​របស់​តុលាការ​កំពូល ដែល​ទើប​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភៈ នេះ​។​

​សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ឃឹម ប៊ុណ្ណ អនុប្រធាន​តុលាការ​កំពូល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោក វ៉េង ប៊ុនធឿន ជា​តំណាង​មហាអយ្យការ ។​

​គួរ​បញ្ជាក់ថា ទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេច​ដូចគ្នា​ផ្តន្ទាទោស លោក អ៊ុ សំអាន ដាក់ ពន្ធនាគារ រយៈពេល ២​ឆ្នាំ ៦​ខែ និង ពិន័យ​ជា​ប្រាក់ ចំនួន ៤​លាន​រៀល​ក្រោម​ការចោទប្រកាន់​ចំនួន​ពីរ​បទល្មើស ។​

​តុលាការ​រកឃើញថា លោក អ៊ុំ សំអាន មាន​ចេតនា​បង្ក ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យមាន ការរើសអើង​ជាតិ​សាសន៍​តាមរយៈ​ការសរសេរ និង​អត្ថាធិប្បាយ​ពាក់ព័ន្ធ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម ។​

​លោក អ៊ុំ សំអាន ជាប់ចោទ​ចំនួន​ពីរ​បទល្មើស គឺ​បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យមាន​ការរើសអើង តាម​មាត្រា ៤៩៥ និង​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​ដែល ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី ភ្នំពេញ និង​ព្រះរាជាណាចក្រ កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ ៕