ក្នុងចំណោម​វត្ត​២៣​នៅ​ក្រុង​ប៉ោយប៉ែត វត្ត​បា​លិ​លេ​យ្យ​រង​ការរិះគន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2018 ក+ ក-

​ប៉ោយប៉ែត ៖ វត្ត​មួយ​ក្នុងចំណោម​២៣​វត្ត​នៅ​កណ្ដាល​ទីក្រុង​រង​ការរិះគន់​ពី​អ្នកស្រុក​រួមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត រង​ការរិះគន់​គ្មាន​ការអភិវឌ្ឍ​រួមទាំង​ពិធី​បុណ្យទាន​ធំៗ​ស្ងាត់​ខុសពី​វត្ត​ដទៃ ប្រៀបបាន​ដូចជា​វត្ត​នៅ​ឆ្ងាយ​គ្មាន​មនុស្ស​រស់នៅ​។ វត្ត​ដែល​រង​ការរិះគន់​ពី​សំណាក់​ពលរដ្ឋ​ថា​គ្មាន​អភិវឌ្ឍន៍​នោះ​គី​មានឈ្មោះ វត្ត​បា​លិ​លេ​យ្យ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ឋិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​អ្នកស្រុក​និយាយ​គ្រប់គ្នា​ថា វត្ត​ខាងលើនេះ​កកើត​មុន​វត្ត​ផ្សេងៗ​ក្នុងចំណោម​វត្ត​ទូទាំង​ក្រុងមាន​ចំនួន​២៣​វត្ត​ដោយ​វត្ត​ទាំងនោះ​មាន​ការកសាង​រួចរាល់​មាន​ក្បាច់រចនា​ប​ទ្ម​ដ៏​ល្អ​ប្រណីត​ដោយឡែក​ព្រះវិហារ​មួយ​ត្រូវបាន​សាងសង់​តាំងពី​ឆ្នាំ​២០០១ ប៉ុន្តែ​ហាក់​ជាប់គាំង​មិន​ទៅមុខ​ម្តង​ធ្វើ​ម្តង​អត់ ។ ប្រសិនបើ​អ្នកធ្វើដំណើរ​ធ្លាប់​ឆ្លងកាត់​ក្រុង​ប៉ោយប៉ែត អតីត​ស្រុក​អូរជ្រៅ ឬ​ឆ្លង​ទៅមក​ដី​ថៃ អ្នកណា​ក៏​ស្គាល់​ដែរ ។ រៀងរាល់​ពេលដែល​មាន​ពិធីបុណ្យ​ទាន​ធំៗ​វត្ត​ម្តងៗ មួយ​នេះ​ពុំ​សូវ​មាន​ពុទ្ធបរិស័ទ​ចេញចូល​នោះទេ ខុសប្លែក​ពី​វត្ត​ដទៃ ។​អ្នកស្រុក​បានលើកឡើង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត ទាំងមូល​ហាក់បីដូច​មិនមាន​ការចាប់អារម្មណ៍​មកលើ​វត្ត​នេះឡើយ ដោយ​មិនដឹង​មូលហេតុ​អ្វី​នោះទេ​ពេល​មាន​ពិធីបុណ្យ​អ្វីមួយ​កើតឡើង ពេល​ក្រុម​អ្នកសារព័ត៌មាន​សាកសួរ​នាំ​លើ​បញ្ហា​នេះ​តាអាចារ្យ និង​ពុទ្ធបរិស័ទ​នៅ​ទីនោះ​មិនមាន​វាចារ​ហាក់បីដូចជា​លាក់​លៀម ពិបាក​ក្នុងការ​បញ្ចេញមតិ ដេញដោល​សួរ​គ្នា​ទៅវិញ​។​

​ជុំវិញ​វត្ត​រង​ការរិះគន់​ខាងលើនេះ​លោក ស៊ាន សេង​ហុក ប្រធានការិយាល័យ​ធម្មការ និង​សាសនា​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា បញ្ហា​វត្ត​បា​លិ​លេ​យ្យ ដែល​មិន​អភិវឌ្ឍន៍​មិន​ទៅមុខ​នោះ ព្រោះថា ចៅអធិការ​វត្ត និង​គណៈកម្មការ​ឬ​អាចារ្យ និង​ចៅអធិការ​វត្ត មិន​ចុះសម្រុង​នឹង​គ្នា​ដោយសារ​ចៅអធិការ​វត្ត​មួយ​នេះ ធ្វើ​អ្វី​មិន​ស្តាប់​គេឯង​ជម្នះ​យកតែ​ត្រូវ​អត្តនោម័ត​តែម្នាក់ឯង ទើប​ក្រុម​គណៈកម្មការ និង​ចៅអធិការ​វត្ត​មួយ​នេះ​ចាំមើល​បំណាំ​គ្នា ទើប​ការកសាង​មិន​ទៅមុខ​។​

​សូមបញ្ជាក់ថា នៅក្នុង​ខែមករា ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ ប្រធាន​ក្រុមហ៊ុន​កាស៊ីណូ WINSOR អតីត PARADISH បានស្នើ​សុំ​ជួយ​អភិវឌ្ឍន៍​ដូចជា​ចាក់ដី​ចាក់​បេតុង ដោយ​មើលឃើញ​ពី​ការខ្វះខាត​មិនតែប៉ុណ្ណោះ​ប្រធាន​ក្រុមហ៊ុន​បាន​ចុះ​ពិនិត្យ​បរិវេណ​វត្ត និង​វាស់វែង​ជាមួយ​ក្រុម​ជំនាញ​សំណង់​ខ្មែរ​ថៃ​ផងដែរ បែរជា​ចៅអធិការ​វត្ត​ខាងលើ​បដិសេធ​មិនឱ្យ​កសាង​ទៅវិញ ធ្វើ​ឲ្យ​គណៈកម្មការ​វត្ត និង​អាជ្ញាធរ​មានការ​ខឹងសម្បា​រ​យ៉ាងខ្លាំង ពី​បញ្ហា​នេះ​ផងដែរ​។

​ទាក់ទិន​ចៅអធិការ​វត្ត​បា​លិ​លេ​យ្យ ព្រះនាម ជា សំបូរ ហៅ ជា គឹម​យឿ​ត ហៅ ម៉ៃ ថៃ​សាន់ មិនអាច​សុំ​ការបកស្រាយ​បានឡើយ ព្រោះថា លេខ​ទូរស័ព្ទ​របស់ ព្រះអង្គ​ដែល​អ្នកសារព័ត៌មាន​ធ្លាប់​ស្គាល់ មិនអាច​ទាក់ទង​បាន​៕​