សម្តេច​ក្រឡាម​ហោម​ចាត់ទុក រាជធានី​ភ្នំពេញ ជា​មូលដ្ឋាន​ដ៏​សំខាន់ ក្នុងការ​ពង្រឹង​សន្តិភាព និង​ស្ថេរភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2018 ក+ ក-

​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បានចាត់ទុក រាជធានី​ភ្នំពេញ ជា​បេះដូង​របស់​ជាតិ និង ជា​កន្លែង​ប្រមូលផ្តុំ​នូវ​បញ្ហា​ទាំងឡាយ នាពេល​កន្លងមក រាជធានី​ភ្នំពេញ​ពិតជា​ដើរតួ​សំខាន់​ជាមួយនិង​ក្រសួង ស្ថាប័ន និង​សមត្ថកិច្ច ពាក់ព័ន្ធ​ក្នុងការ​ពង្រឹង​សន្តិភាព​ស្ថេរភាព ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ តាំងពី​ថ្នាក់ជាតិ រហូតដល់​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ការចូលរួម​របស់​ប្រជាពលរដ្ឋ​។

ការបញ្ជាក់​របស់​សម្ដេច​ក្រឡាហោម​សខេង​បានធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ពុធ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត ឆ្នាំ​២០១៨ របស់​រដ្ឋបាល​រាជធានី​នៅ​សាលា​រាជធានី​ភ្នំពេញ​។​
​សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា ការចូលរួម​របស់​ប្រជាពលរដ្ឋ ដែល​មិន​ធ្វើ​អ្វី​ឱ្យមាន​ការរំខាន និង​ប៉ះពាល់​ដល់​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​នោះ ចាត់ទុកថា​ជាការ​ចូលរួម​ដ៏​ធំធេង បើទោះជា​គាត់​មិនមែនជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏ដោយ តែ​បាន​ប្រកាន់​នូវ​ឥរិយាបទ មិន​ធ្វើ​អ្វី​ប៉ះពាល់​ដល់​សន្តិភាព​ដែល​បាន​កើតមក​ដោយ​កិច្ចខិតខំ​ប្រឹង​ប្រែ​ដ៏​លំបាក​បំផុត​។​

​ទាក់ទិន​និង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​នៅ​រាជធានី​ភ្នំពេញ​វិញ​សម្តេច​ក្រឡាហោម​បាន​ទទួលស្គាល់ថា នៅមាន​បញ្ហា​ប្រឈម និង​ការលំបាក​ជាច្រើន តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដោះស្រាយ ព្រោះថា​ជា​កន្លែង​ប្រមូលផ្តុំ​មនុស្ស​រស់នៅ​ច្រើន រាល់​បញ្ហា​ទាំងឡាយ​គឺ​បាន​កើតមានឡើង ពិសេស​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ និង​បញ្ហា​ចរាចរ ដែល​កើតឡើង​ដោយសារ កំណើន​នៃ​មធ្យោបាយ និង ការ​មក​រស់នៅ​របស់​ប្រជាពលរដ្ឋ​ពី​គ្រប់ទិសទី ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ប៉ុន្តែ​សម្តេច ក្រឡាហោម​បានចាត់ទុក​ថា នេះ​ជា​ឱកាស​របស់​កម្ពុ​ជាមួយ​ដែរ បើសិនជា​មិនបាន​ជួបប្រទះ​បញ្ហា​ខាងលើនេះ​ទេ ប្រហែលជា​គ្មាន​ឱកាស ដើម្បី​និង​រៀបចំ​ស្ថានការណ៍​នេះ​ឱ្យ​ល្អប្រសើរ​ដែរ​។ បើ​គ្មាន​ការកើនឡើង​នៃ​មធ្យោបាយ ឬ មនុស្ស​នៅក្នុង​ទីក្រុង​ទេ ក៏​ជាការ​បញ្ជាក់ថា ប្រទេស​នោះ​គ្មាន​ការអភិវឌ្ឍន៍ និង​រីកចំរើន​នោះដែរ​។​

សម្តេច​ក្រឡាហោម​បញ្ជាក់ទៀតថា កម្ពុជា​សុទ្ធចិត្ត​ទទួលយក នូវ​បញ្ហា​ប្រឈម​ទាំងនោះ ដើម្បី​ធ្វើការ​សិក្សា ស្រាវជ្រាវ​ពី​មូលហេតុ​ពិតប្រាកដ ហើយ​ដាក់ចេញ​នូវ​វិធានការ​សមស្រប ដោះស្រាយ​ជា​បន្តបន្ទាប់ ដូចដែល​បានធ្វើ​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ រួមមាន​៖​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក ការបង្ក្រាប​គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ អំពើចោរកម្ម ជាដើម​។​
​សម្តេច​បាន​សង្កត់ធ្ងន់​ថា រាជធានី​ភ្នំពេញ ក៏ដូចជា​បណ្តា​ខេត្ត​នានា ការរក្សាបាន​នូវ​សន្តិសុខសម្រាប់​បំរើឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅនេះ​គឺជា​ព្រឹ​ត្ត​ការ​ដ៏​អស្ចារ្យ​មួយ សម្រាប់​ប្រទេស​ដែល​ទើបតែ​ចេញពី​សង្គ្រាម​ដូច​កម្ពុជា ហើយ​កន្លងទៅនេះ​បាន​អនុវត្ត នូ​វលិ​ទ្ធិ​ប្រជា​ធិ​តេ​យ្យ សេរី​ពហុបក្ស ធ្វើការ​បោះឆ្នោត​ទទួលបាន​ជោគជ័យ​ជាច្រើនលើក ដែលជា​មោទនភាព​របស់​ជាតិ​។​

សម្តេច​ឧបនាយករដ្ឋមន្ត្រី​បន្ថែមថា សម្រាប់​ឆ្នាំ​២០១៨​នេះ ក៏​ជា​ឆ្នាំ​ដ៏​សំខាន់ ដែល​កម្ពុជា​នឹងមាន​ការបោះឆ្នោត​រហូត​ដល់​ទៅ​២ គឺ​ការបោះឆ្នោត​ព្រឹទ្ធសភា​និតិ​កាល​ទី​៤ និង ការបោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ និតិ​កាល​ទី​៦ ដែលជា​ព្រឹត្តិការ​នយោបាយ​ដ៏​ធំ ដែល​អាចជា​ការបកស្រាយ និង​ពន្យល់​ដល់​មតិសាធារណៈ ពិសេស​អន្តរជាតិ​ឱ្យឃើញថា កម្ពុជា​នៅតែ​បន្ត​ដើរ​លើផ្លូវ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​យ៉ាងពិត​ប្រាកដ​។​មួយវិញទៀត កម្ពុជា​បាន​ចូលរួម​អនុវត្ត នយោបាយ​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងនោះ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​យកចិត្តទុកដាក់ ពិសេស​កំណែទម្រង់​ពាក់ព័ន្ធ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ជាដើម​។ ដោយឡែក​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ ដែលជា​កំណែទម្រង់​មួយ​មាន​អត្ថន័យ​ជ្រាលជ្រៅ ដល់​ការពង្រឹង​ស្ថេរភាព​នយោបាយ ការពង្រឹង​ល​ទិ្ធ​ប្រជាធិបតេយ្យ ពង្រឹង​ភាព​ធ្វើជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ និង​ការ​ជម្រុញ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​យ៉ាងណា​សម្តេច ក្រឡាហោម បានបញ្ជាក់​បន្ថែមថា រាល់​សមិទ្ធិផល​ដែល​រាជធានី​ភ្នំពេញ​សម្រេច បាន​ក្នុង​ឆ្នាំ​កន្លងទៅនេះ គឺ​បានរួម​ចំណែក​យ៉ាងពិត​ប្រាកដ ទៅក្នុង​ជោគជ័យ​រួម​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី និង​បានធ្វើឱ្យ​សុខសន្តិភាព​មាន​យ៉ាងរឹងមាំ មាន​ស្ថេរភាព​នយោបាយ យ៉ាង​ល្អប្រសើរ មានការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រីកចំរើន គួរឱ្យកត់សម្គាល់​និង​ជា​មោទនភាព​។ សម្តេច​ក្រឡាហោម សុំឱ្យ​ថ្នាក់ដឹកនាំ និង​គ្រប់ភាគី​ពាក់ព័ន្ធ បន្ត​យកចិត្តទុកដាក់​អនុវត្ត​សកម្មភាព​នេះ​តទៅទៀត ដើម្បី​ប្រយោជន៍ ប្រជាជន និង​ប្រទេសជាតិ​៕