លោក ប៉ាន សូរ​ស័ក្តិ ថ្លែងថា បើ​បាត់បង់​សន្តិភាព​នឹងត្រូវ​បាត់បង់​អ្វីៗ​ទាំងអស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2018 ក+ ក-

​កំពង់ចាម ៖ ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ព្រៃឈរ បាន​គូសបញ្ជាក់ថា សន្តិភាព​គឺជា​កត្តា​សំខាន់ ដើម្បី​ធានា​ដល់​ដំណើរ​ការកសាង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ក៏ដូចជា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សមធម៌ ហើយ​បើសិន​បាត់បង់​សន្តិភាព នោះ​កម្ពុជា​នឹងត្រូវ​បាត់បង់​អ្វីៗ​ទាំងអស់​។​

លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដូច្នេះ នាឱកាស​អញ្ជើញ​ជា​អធិបតីភាព នៅក្នុង​ពិធី​សម្ពោធ​ឆ្លង​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា​របស់ វត្ត​អម្ពវ័ន ហៅ​វត្ត​ស្រោង ដែលមាន​អាយុកាល ៦១​ឆ្នាំ ស្ថិតនៅក្នុង​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​ជម្រាបជូន​ប្រជាពលរដ្ឋ អំពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ស្តារ និង​កសាង​ប្រទេស​ចេញពី​ចំណុចសូន្យ ដោយ​ត្រូវ​ប្រឈម​បញ្ហា និង​ត្រូវ​ហែល​ឆ្លង​ឧបសគ្គ​រាប់រយ​ជំពូក ដើម្បី​ដឹកនាំ​នាវា​កម្ពុជា មកកាន់​ត្រើយ​សុខសន្តិភាព និង​វឌ្ឍនភាព​ដូច​បច្ចុប្បន្ន ។ ព្រះរាជាណាចក្រ​កម្ពុជា បច្ចុប្បន្នកំពុង​ធ្វើ​សមាហរណកម្ម​ខ្លួន​យ៉ាងសកម្ម​ទៅក្នុង​តំបន់ និង​ពិភពលោក ហើយ​បាន​ក្លាយជា​ប្រទេស​គោលដៅ ដែលមាន​ភាព​ទាក់ទាញ​សម្រាប់​វិស័យ​ទេសចរ​ណ៏ និង​វិនិយោគ ជាមួយនឹង​អត្រាកំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​គិត​ជា​មធ្យម ៧% ក្នុង​រយៈពេល ២​ទស្សវត្ស​ចុងក្រោយ ។​

លោក បន្តថា ជាមួយ​វឌ្ឍនភាព​ដ៏​ប្រសើរ​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា មានឱកាស​បង្កើន​ជីវភាព និង​ប្រាក់ចំណូល​កាន់តែ​សមរម្យ ដើម្បី​ឆ្លើយតប​នឹង​ការវិវត្តន៍​នៃ​សាកលភាវូបនីយកម្ម​។ ក្នុង​រយៈពេល ៥​ឆ្នាំនេះ ប្រាក់បៀវត្ស​អប្បបរមា​របស់​មន្ត្រីរាជកា​រ បាន​កើនឡើង​បី​ដង ហើយ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ និយោជិត ក៏បាន​កើនឡើង​ជាង​ពីរដង​ផងដែរ​» បាន​អះអាង​បន្ថែម​។​

គួរ​រំលឹក​ដែរ​ថា កាលពី​ឆ្នាំ ២០១៧​កន្លងមកនេះ ក្រុមការងារ​ចុះ​ពង្រឹង​ឃុំ​ជ្រៃវៀន បាន​ចំណាយ​ពេលវេលា និង​ធនធាន​ជាច្រើន ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​របស់​ប្រជាជន និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ក្នុងនោះ​ក្រុមការងារ​បាន​ជួយឧបត្ថម្ភ​ដល់​ស្ត្រី​សម្រាលកូន ក្នុង​ម្នាក់ ១០​ម៉ឺន​រៀល និង​គ្រួសារ​សព​មួយ​គ្រួសារ ២០​ម៉ឺន​រៀល ព្រមទាំង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត គិត​ជា​ថវិកា​សរុប មាន​ចំនួន ២.៩១៥​លាន​រៀល និង​ប្រាក់​ដុល្លារ​ចំនួន ១៥៦.៣៨៤​ដុល្លារ​។ លើសពីនេះ ក្រុមការងារ​ជន​បង្គោល​យុវជន​ថ្នាក់កណ្តាល ក៏បាន​ជួយឧបត្ថម្ភ​អង្ករ​ចំនួន ២​តោន រៀងរាល់ខែ ដល់​ក្រុមការងារ​យុវជន​គណបក្ស​ស្រុក និង​បាន​ចុះ​ចែក​ស្បៀង​ជូន​គ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត​ថែមទៀត​៕