រដ្ឋបាល​រាជធានី​ហាម​ដុត​ផាវ លេងល្បែង​ស៊ីសង និង​ហែរ​ក្បួន​ផ្សេងៗ ពេល​ចូលឆ្នាំ​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​៨ ខែកុម្ភៈ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីណែនាំ ស្ដីពី​ការរៀបចំ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៥ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ដោយ​ហាមប្រាម​ចំនួន​៣​ចំណុច​។​

​យោងតាម​សេចក្ដីណែនាំ​ដដែល មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុន​ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​សាធារណជន មិនត្រូវ​ធ្វើ​រឿង ៣​យ៉ាងដូច​ខាងក្រោម​៖​ការដុត​ផាវ កាំជ្រួច ឬ បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ​ក្នុងឱកាស​ពិធីបុណ្យ​នេះ​ការលេង​ល្បែង​គ្រប់​ប្រភេទ ដែលមាន​លក្ខណៈ​ស៊ីសង​ការហែក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា ឬ ប្រពៃណី​ដែល​គ្មាន​ការអនុញ្ញាត​។​

​សេចក្ដីណែនាំ​ដដែល បាន​លើកឡើងថា អាជ្ញាធរ​នឹង​ចាត់វិធានការ​ចំពោះ​សកម្មភាព​ទាំងឡាយ​ផ្ទុយ​នឹង​ការ​រៀងរាប់​ខាងលើ និង​ដកហូត​វត្ថុ​ទាំងនេះ ដែលមាន​លក់​នៅ​ទីតាំង​ក្នុង​រាជធានី​។ សម្រាប់​ជន​ដែល​បំពាន នឹងត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​៕