លោក ថោង ខុន អញ្ជើញ​ប្រកាស​ទទួលស្គាល់​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍​ជលយាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ​៖​នៅ​សាលាខេត្ត​ព្រះសីហនុ រសៀល​ថ្ងៃទី ៧​រោជ ខែមាឃ ឆ្នាំរកា​នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អញ្ជើញ​ជា​គណៈ អធិបតី​ពិធី​ប្រកាស​ទទួលស្គាល់​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​ទេស ចរណ៍​ជលយាន​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​តំណាង​មន្ទីរ អង្គភាព អាជីវករ ពាណិជ្ជករ ។

​លោក​ឧកញ៉ា ទៀ វិចិត្រ ប្រធាន​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍​ជលយាន​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​លក្ខន្តិកៈរ​បស់​រដ្ឋបាលខេត្ត ក្នុង​រយៈពេល​៣ ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​លឿន​គួរ​ឲ្យ​កត់សម្គាល់ កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មានការ​កើនឡើង​លើសពី​ការកំណត់​វា​មាន​លក្ខណៈ​លឿន​ពេក​កើន​ប្រមាណ ១២០​ភាគរយ ។ ដោយឡែក​នៅ​ឆ្នេរ​ឋាន​សួ​គ៏ យើង​បានរៀបចំ​ជា​២ គឺ​ទី​១ គឺ​ហ្សូ​ន​ធម្មតា និង​ទី​២ គឺ​លក្ខណៈ​វី​អាយ​ភី ដោយ​រក្សា​ធម្មជាតិ​ព្រៃឈើ ដោយឡែក​ឆ្នេរ​ឋានសួគ៌​មាន​ភ្ញៀវ​ជា​មធ្យម​ប្រមាណ​ជា ៣០០​នាក់​ទៅលេង​កម្សាន្ត ។

​លោក​ឧកញ៉ា​បន្តថា យើង​នឹង​ត្រៀមលក្ខណៈ​បច្ចេកទេស​អូ​ប៊រ ឬ​ទូក​ដឹក​ភ្ញៀវទេសចរ​ឲ្យ​មាន​ស្តង់ដារ​និង​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ដូចជា​អាវ​ពោង ពិសេស​សុវត្ថិភាព​ចម្បង​សម្រាប់​ភ្ញៀវ ដើម្បីឱ្យ​ភ្ញៀវ​មាន​ទំនុកចិត្ត​មកលេង​កម្សាន្ត ។​

​លោក​យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន មានប្រសាសន៍ថា វិស័យ​ដឹកជញ្ជូន​ទេសចរណ៍​ជលយាន​មាន​សារៈ សំខាន់ ដែល​តម្រូវ​ឲ្យ​ខេត្ត​បង្កើត​សមាគមន៍​ដឹកជញ្ជូន​ទេសចរណ៍​ជលយាន គឺ​ដឹកជញ្ជូន​ផ្លូវទឹក សមាគម​នេះ​បាន​ដើរតួនាទី​ក្នុងការ​ប្រកួតប្រជែង​ប្រកបដោយ​តម្លាភាព ដើម្បី​ឲ្យ​សមាគមន៍​មាន​ភាព​សុខ ដុម​រម្យ​នា រួមចំណែក​ជាមួយ​រដ្ឋ និង​ឯកជន​ជម្រុញ​ឲ្យ​វិស័យ​ដឹក ជញ្ជូន​ភ្ញៀវទេសចរ​តាមផ្លូវ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍ​រីកចម្រើន​បន្ថែមទៀត សង្ឃឹមថា វិស័យ​ដឹកជញ្ជូន​ទេស ចរណ៍​ជលយាន រួមចំណែក​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ទៅលេង​កំសាន្ត​តាម​បណ្តា​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ។​

លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា ការបង្កើត​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍​ជលយាន​នៅ​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ទាំង​រដ្ឋ និង​វិស័យ​ឯកជន រដ្ឋ មានដូចជា​សាលាខេត្ត និង​ក្រសួង មន្ទីរជំនាញ​ពាក់ព័ន្ធ ដើម្បី​ក្តាប់ បាន​ពី​សំណូមពរ​របស់​បងប្អូន​ប្រតិបត្តិ​ករ និង​ដោះស្រាយ​តាមរយៈ​សមាគម យើង​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​អ្វី​ថ្មីៗ ដើម្បី​យកទៅ​ផ្សព្វផ្សាយ​ដល់​បងប្អូន​របស់​យើង​ជា​លក្ខណៈ​ល្អប្រសើរ​បំផុត ។ ឆ្លង​តាមរយៈ​សមាគម​នេះ យើង​នឹង​ពង្រឹង​បាន​គុណភាព​សេវា​ដឹក ជញ្ជូន​តាមផ្លូវ​សមុទ្រ​កាន់តែ​ល្អ ព្រោះ​ផលិតផល​ទេសចរណ៍​នៃ​ការដឹកជញ្ជូន​តាម​សមុទ្រ គឺមាន​លក្ខណៈ​សំខាន់​ណាស់​ដោយសារ​តម្រូវការ​ក្នុង​វិស័យ​ទេសចរណ៍​មក​ខេត្ត​ព្រះសីហនុ ជិត ២​លាន​នាក់​មកកាន់​ខេត្ត​ព្រះសីហនុ​ក្នុង​ឆ្នាំ​២០១៧ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​ជិត​កន្លះ​លាន​នាក់ និង​ទេសចរណ៍​ជាតិ ១​លាន​កន្លះ ។

ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​នៅតាម​កោះមាន ៣៨​ម៉ឺន​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជា​ជនជាតិខ្មែរ​មាន​ជាង ១២​ម៉ឺន​នាក់ និង​បរទេស​ជាង ២០​ម៉ឺន​នាក់ ទោះបី​ភ្ញៀវទេសចរ​អន្តរជាតិ​ច្រើនជាង​ទេសចរណ៍​ខ្មែរ​យ៉ាង ណាក៏ដោយ យើង​ជា​អ្នកបម្រើ​សេវា គឺ​មិន​រើសអើង​ខ្មែរ ឬ​បរទេស​នោះទេ ក្នុង​ច្បាប់​របស់​យើង មិន​គិតពី​ភ្ញៀវ​ជាតិ ឬ​អន្តរជាតិ​នោះទេ ដូច្នេះ​យើង​ត្រូវខិតខំ​ពង្រឹង​សេវា​របស់​យើង ផ្ដល់នូវ​ការពេញចិត្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ។​

លោក​រដ្ឋមន្ត្រី​ទេសចរណ៍​បាន​បន្តថា ឆ្លង​តាមរយៈ​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍​ជលយាន ធានា​គុណភាព​សេវា​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​របស់​យើង និង​មាន​ការធានា​គុណភាព​មួយ​យ៉ាង​ល្អ​និង​ជាការ​ពេញចិត្ត​របស់​ទេស​ចរណ៍ ហើយ​ទេសចរណ៍​របស់​យើង​នឹងមាន​ការកើនឡើង​ទៅ​ទស្សនា​នូវ​តំបន់​កោះ​កាន់តែច្រើន​បន្ថែមទៀត

ទន្ទឹមនេះ​ជាការ​ចូលរួមចំណែក​យ៉ាងសំខាន់​ចំពោះ​បងប្អូន​ដែល​បានផ្ដល់​វិភាគទាន​មួយចំណែក​ដល់​រដ្ឋ​សម្រាប់​ការងារ​បរិស្ថាន​ការងារ​សង្គម និង​ការងារ​ផ្សេងៗ​នៅលើ​កោះ​របស់​យើង​សម្រាប់​យកមក​រៀប​ចំកា​រ​អភិវឌ្ឍ​តំបន់​កោះ​របស់​យើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ឲ្យ​កាន់តែ​ល្អ មាន​សោ​ភ័​ណ្ឌ​ភាព បរិស្ថាន​ល្អ ហើយ​សង្ឃឹម​ជឿជាក់ថា នៅលើ​កោះ​របស់​យើង​ស្អាត មាន​ពណ៍​បៃតង និង​ជា​កន្លែង​ដែល​ទាក់ទាញ​បំផុត ដោយឡែក​នៅ គេ​ថែរក្សា​ប្រាសាទ​ចំពោះ​ខេត្ត​ព្រះសីហនុ យើង​ថែរក្សា​ឆ្នេរ និង​កោះ​ធម្មជាតិ ៕