ក្រុមហ៊ុន SPEED BOAT MIN ORMAX សង់​ផែ​ថ្ម​រំលោភ​ឆ្នេរសមុទ្រ​នៅ​ក្រុងព្រះសីហនុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ​៖ ខណៈ​វិស័យ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ​កំពុងមាន​សន្ទុះ​កើនឡើង​គួរ​ឲ្យ​កត់សំគាល់ ដោយ​ខេត្ត​បាន​ចែកចេញជា ជលយាន​ប្រភេទ​ក្រុមហ៊ុន​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ក្នុង​តំបន់​ឬ​បន់​រមណីយដ្ឋាន​តាម​កោះ​នានា ក្នុង​ខេត្ត​ព្រះសីហនុ​ជាពិសេស កោះរុង និង​កោះរុងសន្លឹម​។ ជាក់ស្ដែង​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ ស្ពិ​ត​បូត មិន​ឱ​មា​រ្ស (SPEED BOAT MIN ORMAX) កំពុង​រំលោភច្បាប់​យ៉ាងធ្ងន់ធ្ងរ​ដោយ​សាងសង់​សំណង់​កំពង់ផែ លយ​ចូល​ឆ្នេរសមុទ្រ​រាប់សិប​ម៉ែត្រ​ស្ថិតនៅ ភូមិ​៣ សង្កាត់​លេខ​១ (​រំដួល​ជើងភ្នំ​) ក្រុង​.​ខេត្ត​ព្រះសីហនុ​។​

បើតាម​ម្ចាស់​ការដ្ឋាន​សំណង់​ឥត​ច្បាប់​មួយ​នេះ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពិតជា​ការដ្ឋាន​របស់​លោក​ពិតប្រាកដ​មែន តែ​ការសាងសង់​នេះ​លោក​ធ្វើជា​ផែ​ជួសជុល អូប័រ តែប៉ុណ្ណោះ បើ​រដ្ឋ ត្រូវការ​ដី​នេះ​យកទៅ​អភិវឌ្ឍន៍​អ្វី​ផ្សេង លោក​មិន​ជំទាស់​នោះទេ​
​ហើយ​ចំពោះ​អ្នកសារព័ត៌មាន​ចង់​ចុះផ្សាយ​រឿងនេះ​ក៏​ផ្សាយ​ចុះ ម៉ា​សេរី លោក​មិន​ខ្វល់​ច្រើន​នោះទេ​។​

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ ២០១៨ មាន​ក្រុមការងារ​ខេត្ត​ដឹកនាំ​ដោយ​លោក លី វាន់​ដា ប្រធាន​ក្រុមការងារ​គ្រប់គ្រង​តំបន់ឆ្នេរ​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ដោយ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ចុះទៅ​ធ្វើការ​ពិនិត្យ​ទីតាំង​ដី​មួយកន្លែង ដែល​ម្ចាស់​បាន​សាងសង់​ផែ លយ​ចូល​សមុទ្រ និង​បាន​រៀប​ខឿន​ថ្ម​ត្រៀម​ចាក់ដី​។

ក្នុងពេល​ចុះ​នោះ​ក្រុមការងារ​បាន​និ​ពិ​ត្យ និង​សាកសួរ​ម្ចាស់​ទីតាំង រកឃើញថា ការដ្ឋាន​មួយ​នេះ​មិនមាន​ច្បាប់​អនុញ្ញាត​នោះទេ​។​បច្ចុប្បន្ននេះ ការដ្ឋាន​ត្រូវ លោក លី វាន់​ដា ប្រធាន​ក្រុមការងារ​គ្រប់គ្រង​តំបន់ឆ្នេរ សំរេច​ធ្វើ​កំណត់ហេតុ​ដោយ ហាមឃាត់​មិនឱ្យ​សាងសង់​បន្តទៀត​នោះឡើយ ដោយ​តំរូវ​ម្ចាស់​សំណង់​ទៅ​សូម​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​សិន​។​ក្នុងករណី បើ​ម្ចាស់​សំណង់​នៅតែ​រឹងទទឹង​មិន​ស្តាប់​តាម​ការណែនាំ ហើយ​នៅតែ​លួច​ធ្វើ​សកម្មភាព​សាងសង់​បន្តទៀត​នោះ អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

គួរ​រំលឹក​ផងដែរ​ថា កន្លងមក លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ធ្លាប់បាន​ថ្លែង​ជារឿយៗ​ថា (​ចំពោះ​សំណង់​ណា​ដែល​សាងសង់​រំលោភ​លើ​ឆ្នេរសមុទ្រ ទោះ​សំណង់​នោះ​មាន​សភាព​តូចតាច ឬ ធំ ដូចជា​កន្លងមក​នៅ​ឆ្នេរ​អូរត្រេះ ជាដើម ត្រូវតែ​ហាមឃាត់​និង​វាយ​កម្ទេចចោល ហើយ​ច្បាប់​ក៏​មិន​អនុវត្តន៍​ច្បាប់​ចំពោះតែ​ប្រជាពលរដ្ឋ​នោះទេ គឺ​ត្រូវតែ​ស្មើភាព​គ្នា មិន​ថា អ្នកមាន​លុយ និង​មានអំណាច​នោះឡើយ​។​លោក​អភិបាលខេត្ត ក៏បាន​បន្ថែមថា សំណង់​ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ​ខេត្ត​ទទួលស្គាល់​ឲ្យ​សាងសង់​មាន​តែមួយ​ប៉ុណ្ណោះ ស្ថិតនៅ អូរ​ឈើទាល សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​រួចមកហើយ ដោយ​មិនមាន​ការអនុញ្ញាត​ឲ្យ​មានការ​សាងសង់​ផែ ឬ​សំណង់​រំលោភ​នៅ​ចំណុច​ឆ្នេរ​ណា​ទៀត​ទេ​។​

ចំពោះ​បញ្ហា​សំណង់​រំលោភច្បាប់​សង់​លើ​ឆ្នេរសមុទ្រ​នេះ ប្រជាពលរដ្ឋ​កំពុងរ​ង់​ចាំមើល​ពី​ការអនុវត្តន៍​ច្បាប់​របស់​សាលាខេត្ត​ព្រះសីហនុ បើទោះបីជា​ពេលនេះ​ត្រូវបាន​កំណត់​ឲ្យ​ធ្វើការ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​ការសាងសង់​នេះហើយ​ក៏ដោយ​៕