ឃាត់ខ្លួន​បាន​ហើយ ស្ត្រី​ដែល​យក​ស្បែកជើង​គប់​រូបសំណាក​សម្ដេច​តេ​ជោ ហ៊ុន សែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ​៖ កម្លាំង​នគរបាល ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​បាន​ឃាត់ខ្លួន ស្ត្រី​ម្នាក់​ឈ្មោះ សំ សុខា ដែលជា​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​យក​ស្បែកជើង​គប់​រូបសំណាក​សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​ឆ្នាំ​២០១៧ កន្លងទៅនេះ នៅ​ខេត្ត​ព្រះសីហនុ​។​

​ការចាប់ខ្លួន​ស្ដ្រី​រូបនេះ ធ្វើឡើង ក្រោយ​លោក ស៊ឹង វុទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បានចេញ​ដីកា​ប​ង្គ្រា​ប​ឲ្យ​ចាប់ខ្លួន នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​។​

​ដីកា​ដដែល បញ្ជាក់ថា ស្ដ្រី​ឈ្មោះ សំ សុខា អាយុ​៣៨​ឆ្នាំ ត្រូវ​បានដាក់​ស្ថិតក្រោម​ការពិនិត្យ ពីបទ «​ប្រមាថ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​» ប្រព្រឹត្តទៅ​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​៤៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤-៥ ស្ថិតនៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ស្ត្រី សំ សុខា កាលពីពេល​កន្លងទៅ​ក៏​ធ្លាប់​បានចេញ​វីដេអូ​ឃ្លី​ប ជេរប្រមាថ​ធ្ងន់ៗ ទៅលើ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៀតផង​ដូចជា សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​ពញា​ចក្រី ហេង សំរិន និង​សម្តេច​ក្រឡាហោម ស ខេង ជាដើម​។ តែ​ក្រោយពី​ធ្វើ​សកម្មភាព ស្ដ្រី​រូបនេះ​ក៏បាន​រត់គេចខ្លួន​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ថៃ​បាត់​៕

​ ​