JICA នឹង​ផ្ដល់ជំនួយ​២៧​លាន​ដុល្លារ ដល់​កម្ពុជា សម្រាប់​សាងសង់​រោងចក្រ​ចម្រាញ់​ទឹកស្អុយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2018 ក+ ក-

​ប្រធាន​មន្ទី​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំ ពិ​សិទ្ធ បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា នឹង​ទទួល​ជំនួយ ចំនួន ២៧​លាន​ដុល្លារ ពី​ទីភ្នាក់ងារ សហប្រតិបត្តិការ​អន្តរជាតិ ជប៉ុន ហៅ​កាត់​ថា (JICA) ដើម្បី​សាងសង់​រោងចក្រ ចម្រាញ់​ទឹកស្អុយ​ជំហាន​ទី​១ នៅ​តំបន់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

ថ្លែងប្រាប់ ក្រុម​អ្នកសារព័ត៌មាន នៅក្នុង​ពិធី​បញ្ជ្រាប​ផ្សព្វផ្សាយ អំពី​ប្រព័ន្ធ​លូ រាជធានី​ភ្នំពេញ ដែល​រៀបចំ​ដោយ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុង​ឃី​តា​ឃ្យូ​ស្យ៊ូ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក សាំ ពិ​សិទ្ធ បាន​មានប្រសាសន៍ថា “​កម្ពុជា​នឹង​ទទួល បាន​គម្រោង​JICA​ដើម្បី សាងសង់​រោងចក្រ ចម្រាញ់​ទឹកស្អុយ​ជំហាន​ទីមួយ ដែលមាន​ទឹកប្រាក់​ប្រមាណ ២៧​លាន​ដុល្លារ នៅ​ជើងឯក ”​។​

​លោក​បន្ដថា ជំហាន​ទី​១ មានន័យថា កម្ពុជា​នឹង​សាងសង់​រោងចក្រ ចម្រាញ់​ទឹកស្អុយ តាម ការអនុម័ត​កម្ពុ​ជាទ​ទួលបាន​ភ្លើង​ខៀវ ហើយ​តាម​នីតិវិធី​ច្បាប់​របស់​កម្ពុជា អាច​ប្រើប្រាស់​រយៈពេល រហូតដល់​ឆ្នាំ​២០១៩​ខាងមុខ​។​

​លោក​អះអាងថា រាជធានី​ភ្នំពេញ ពុំទាន់​មាន​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ដើម្បី​សម្អាត ទឹក កខ្វក់ មុននឹង​បង្ហូរ​ចូល​ទន្លេ ឬ បឹងបួរ​នៅឡើយ​ទេ ដែលជា​ហេតុ ធ្វើ​ឲ្យ​មានការ​បំពុល​ទឹកទន្លេ និង បឹងបួរ​មួយចំនួន នៅ​ប៉ែក​ខាងត្បូង និង​ខាងជើង​រាជធានី​ភ្នំពេញ​។​
​ឆ្លៀតឱកាស​នេះ​ផងដែរ ប្រធាន​មន្ទី​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បន្ថែម ថា បច្ចុប្បន្ន នៅ​រាជធានី ភ្នំពេញ​មាន​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង មានដូចជា បណ្ដាញ​លូ​មូល លូ​ប្រអប់ លូ​ជ្រុង គ្រប់​ប្រភេទ និង​ទំហំ​ប្រមាណ​៧៣២.៣១២ ម៉ែត្រ ,​អណ្ដូង​លូ​គ្រប់​ប្រភេទ និង​ទំហំ​ចំនួន ៤៤.៨០៧ អណ្ដូង​លូ ,​ប្រឡាយ​ចំហរ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​សរុប​ប្រវែង ៥៩.៥៤៩​ម៉ែត្រ ក្នុងនោះ​ប្រឡាយ​បេតុង ប្រវែង​៣.៥៥៦​ម៉ែត្រ ,​ស្ថានីយ​បូមទឹក​ជំវិញ​ទីក្រុង​ចំនួន​១៣​ស្ថានីយ​៕