បុរស​ខ្មែរឥស្លាម​ម្នាក់​ត្រូវ​ឃុំខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស​ក្រោមលេស​ទៅ​បម្រើ​ការងារ​ផ្ទះ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2018

​ភ្នំពេញ​៖ បុរស​ខ្មែរឥស្លាម​ម្នាក់ ត្រូវជា​ក្មួយបង្កើត​របស់ លោក អះ​ម៉ាត់ យ៉ះ​យ៉ា អតីត​រដ្ឋ លេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​នាំ​ពលករ​ទៅធ្វើ​ការខុសច្បាប់​នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ​បន្ទាប់ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សាកសួរ​រួចហើយ​។​
បើតាម​ប្រភព​មួយ​ផ្សេងទៀត បានឱ្យដឹងថា តុលាការ​នឹង​បន្ត​នីតិវិធី​ក្នុង​សំណុំ​រៀង​នេះ ដែល អាចពាក់ព័ន្ធ​ជាមួយ​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ផងដែរ​។​

មន្ដ្រីនគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អ៊ី​ស្មា​អែល ពិន​ឧស្ម័ន អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ​-​ឥស្លាម មុខរបរ​ធ្វើ​ស្លាក​លេខ​រថយន្ត ទីកន្លែង​កំណើត ភូមិ​ត្រពាំង​ឈូក ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្ន​ស្នាក់នៅ ផ្ទះ​លេខ​៣៦H ផ្លូវលំ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​ការ​ជួញ ដូរ មនុស្ស​និង​ការពារ​អនីតិជន ត្រូវបាន​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង របស់​ម្តាយ​ជនរងគ្រោះ កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ខណៈ​កំពុងធ្វើដំណើរ​នៅក្នុង​ភូមិសាស្ត្រ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​។​

មន្ដ្រីនគរបាល​បញ្ជាក់​ថា បើតាម​របាយការណ៍ កាលពី​អំឡុង​ឆ្នាំ​២០០៤ ជនសង្ស័យ​ខាងលើ​បាន​ឃោសនា​ក្នុងភូមិ​ថា ឈ្មោះ អះ​ម៉ាត់ យ៉ះ​យ៉ា ត្រូវជា​ពូ​របស់ខ្លួន ត្រូវការ​ជ្រើសរើស​ពល​ការិនី​បញ្ជូនទៅ​ធ្វើការ​ជា​ជំនួយការ​មេផ្ទះ នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត ដែល​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​២២០​ដុល្លារ​អា​មេ​រិច កិច្ចសន្យាការងារ​រយៈ​ពេល​២​ឆ្នាំ ចំពោះ​ឯកសារ​បែបបទ លិខិតឆ្លងដែន និង​សោហ៊ុយ​ធ្វើដំណើរ ឈ្មោះ អះ​ម៉ាត់ យ៉ះ​យ៉ា ជា​អ្នកចំណាយ​។​បន្ទាប់មក​បាន​អូសទាញ​ពលរដ្ឋ​ក្នុង ភូមិ​២​នាក់ ក្រោយមក​បាន​ចំនួន​២០​នាក់​ទៀត ហើយ​នាំទៅ​ប្រគល់​ឲ្យ​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ស្នាក់​នៅផ្ទះ​លេខ​៣៤ ផ្លូវ​លេខ​៧០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ពេលនោះ​ជនរងគ្រោះ​ត្រូវបាន​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ធ្វើ​អត្តសញ្ញាណ​ដោយ​ប្រើ​ឯកសារ​មិន​ប្រក្រតី ហើយ​បាន​បញ្ជូន​ចេញពី កម្ពុជា ទៅធ្វើជា​ស្ត្រី​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត តែម្តង ។​

តាម​របាយការណ៍​បណ្តឹង​របស់​ជនរងគ្រោះ បាន​លើកឡើងថា នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ជនរងគ្រោះ​ត្រូវបាន​ថៅកែ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម បិទ​សិទ្ធិសេរីភាព​ហើយ​ត្រូវបាន​គេ​លក់​ទៅ​ថៅកែ​ពី​ម្ចាស់​ទី​១ ទៅ​ថៅកែ​ទី​២ ក្នុងតម្លៃ​២​ម៉ឺន​ដុល្លារ ឲ្យ​ធ្វើ​ការងារ​ផ្ទះ ហើយ​រង​ការរំលោភ​ផ្លូវភេទ​និង​មិន​ទទួលបាន​ប្រាក់​ឈ្នួល​តាំងពី​ពេល​បញ្ជូន​ទៅដល់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត រហូតដល់​អំឡុង​ខែសីហា ឆ្នាំ​២០១៧​។​
មន្ដ្រីនគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស បន្ថែមថា ជនរងគ្រោះ​ទាំងអស់​ទើបតែ​សង្គ្រោះបាន​ចំនួន​២​នាក់​ប៉ុណ្ណោះ ដោយមាន​ការអន្តរាគមន៍​ពី លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ សហការ​ជាមួយ​ក្រសួងការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ សង្គ្រោះ​មក​កម្ពុជា​វិញ​៕