ឡាន​ឡិច​ស៊ី​ស​បុក​រះ​អ្នក​សារ​រោង​អ័ក​កា​ដុង​ស្លាប់​២​នាក់ និង​បន្ត​ទៅបុក​ផ្ទះមួយ​ខ្នង​យ៉ាងដំណំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2018 ក+ ក-

​កណ្តាល ៖ រថយន្ត​ឡុ​ច​ស៊ី​ស RX300 មួយ​ទំនងជា​តៃកុង​ស្រវឹងស្រា បាន​បុក​រះ​អ្នក​សារ​រោង​អ័ក​កា​ដង់​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ពីរ​នាក់ ហើយ​រថយន្ត​នោះបាន​បន្តទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ទៀត​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាង​ដំ​ណុំ ទើប​រថយន្ត​នោះ​អស់​ល្បឿន ហើយ​តៃកុង​បាន​ចុះ​រត់​គេចខ្លួនបាត់ ។ ហេតុការណ៍​នេះ បានកើត​ឡើង​ពី​វេលា​ម៉ោងជាង​១២​រំលង​អ​ធ្រា​តុ​ឈាន​ចូក​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវ​លេខ​២១ ស្ថិតក្នុង​ភូមិ​ផ្កូ​វ​បំបែក ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល ។​

លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការ​ប៉ូលិស​ស្រុក​ស្អាង​បានឱ្យដឹងថា រថយន្ត​ដែល​បើក​បុក​មនុស្ស​ស្លាប់​ខាងលើ​មាន​ម៉ាក ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AE-5120 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​) ។ ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់ ទី​១​ឈ្មោះ ចាន់ សុភា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​តន្ត្រីសម័យ​នាយ ឆ្លាម មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល (​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​) និង​ទី​២ ឈ្មោះ អន ស្រីអូន ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ​តន្ត្រីសម័យ មាន​ទីលំនៅ​ភូមិគ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​(​ស្លាប់​នៅ និង​កន្លែងកើតហេតុ​) ។

​លោក​អធិការ​បាន​បន្ថែមថា នៅវេលា​កើតហេតុ​ខាងលើ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​២១ មាន​ទិសដៅ​ពី​ត្បូង​មក​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ទំនងជា​តៃកុង​ស្រវឹងស្រា បាន​ទៅបុក​រះ​អ្នក​សារ​រោង​អ័ក​កា​ដង់ បណ្តាលឱ្យ​ស្លាប់​២​នាក់ ភ្លាមៗ នៅនឹងកន្លែង ហើយ​រថយន្ត​នោះបាន​បន្តទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ទៀត​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាង​ដំ​ណុំ ភ្លាមៗ​នោះ​អ្នកបើករថយន្ត​បាន​រត់​គេចខ្លួនបាត់ តែម្ដង ។​

បន្ទាប់ពី​ទទួលបាន​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម​សមត្ថកិច្ច បាន​ចុះទៅ​ដល់ទី​កន្លែងកើតហេតុ សន្និដ្ឋានបានថាៈ បង្កឡើង អ្នកបើកបរ​ស្រវឹង ហើយ​បើក​ក្នុង​ល្បឿន​លឿន ដល់​ចំណុច​ផ្លូវ​កោង ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បង្កអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ។ ចំពោះ​សាកសព​ទាំង​០២ សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ​យក ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​បង្ក​បាន​ស្ទូច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​នៃ​ច្បាប់ ៕