ផលិតផល​សម្រាប់​ទារក​របស់​ប្រទេស​បារាំង​កំពុង​វាយលុក​ទីផ្សារ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2018

​ភ្នំពេញ ៖ ផលិតផល​អាហារ​បំប៉ន សម្រាប់​កុមារ និង ផលិតផល​ថែរក្សា​សុខភាព​ស្បែក​មាតា​និង​ទារក ពី​ប្រទេស​បារាំង កំពុង​វាយលុក​ទីផ្សារ​កម្ពុជា ខណៈ​ប្រាក់ចំណូល​ពលរដ្ឋ​កម្ពុជា​ក៏មាន​កំនើន​ជា​បន្តបន្ទាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ ផលិតផល​ដែល​បាន​ចូលមក​កម្ពុជា និង​កំពុង​វាយលុក​ទីផ្សារ​នេះ ជា​ផលិតផល​កំពុង​ពេញនិយម​បំផុត​នៅ​ប្រទេស​បារាំង និង​ប្រទេស​ជាច្រើន​ទៀត​នៅលើ​ពិភពលោក ហើយ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មាតាៗ​ជាច្រើន​ផងដែរ ។

​លោក​មី​ស៊ែ​ល សឺ​បង់ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ទារក កុមារ ស្ត្រី​មកពី​បារាំង​បានអោយដឹងថា ការថែទាំ​ទារក និង​កុមារ អោយ​លូតលាស់​បានល្អ គឺជា​រឿង​មួយ​ពិបាក​ណាស់ ។ ពេលខ្លះ​គេ​សង្កេតឃើញថា ឪពុកម្ដាយ​មាន​រូបភាព​ធំៗ​ខ្ពស់ៗ តែ​ពេល​កូន​ពួកគាត់​បែរជា​ទាបៗ​និង​មាន​មាឌតូចៗ ។ កត្តា​ទាំងនោះ​អាច​បណ្ដាលមកពី​ការផ្ដល់​អាហារូបត្ថម្ភ​មិនបាន​គ្រប់គ្រាន់​ទៅតាម​ការលូតលាស់​សរី​រា​ង្គ​របស់​កូន​ពួកគាត់ ។​

លោក​បន្តថា នៅ​ប្រទេស​បារាំង​គេ​និយម​ប្រើ​ផលិតផល បៃ​អូ​ឡង់​(Biolane ) ជា​ផលិតផល​ដែលមាន​ការពេញនិយម និង​ទទួលស្គាល់​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​បារាំង និង​បាន​រាលដាល​ដល់​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​តំបន់​អាស៊ី ព្រមទាំង​មានការ​ទទួលស្គាល់​គុណភាព ពី​សំណាក់​អ្នកប្រើប្រាស់​ផងដែរ ។ ដោយឡែក ការចូល​មកដល់​កម្ពុ​ជា​របស់​ផលិតផល​មួយ​នេះ ក៏​ជាការ​សម្រួល​ដល់​ការ​បីបាច់​ថែរក្សា​កូនៗ​របស់​ស្ត្រី​កម្ពុជា​ផងដែរ ។ ផលិតផល​នេះ មិន​មែនមាន​ត្រឹមតែ​អាហារ​បំប៉ន​កុមារ​និង​ទារក​ប៉ុណ្ណោះ​ទេ តែ​វា​មាន​តាំងពី​ផលិតផល​ថែរក្សា​ស្បែក និង​រូបរាង​ខាងក្រៅ​របស់​កុមារ និង​ស្ត្រី​ជា​មាតា​ផងដែរ ។

​អ្នកស្រី​ចាន់ ដា​លី​ស នាយក​ផ្នែក​លក់​និង​ទីផ្សារ​របស់ ហាង​មេ​ហ្សុ​ង​ដឺ​រ៉ុ​ប ដែល​លក់​ផ​លិ​ផល​បៃ​អូ​ឡង់ នៅ​កម្ពុជា បានអោយដឹងថា ចាប់តាំងពី​អ្នកស្រី​យក​ផលិតផល​នេះ មកកាន់​ទីផ្សារ​កម្ពុជា ឃើញថា​កំណើន​នៃ​ការលក់​បានចាប់ផ្ដើម​កើនឡើង​បន្តិច​ម្ដងៗ និង​មានការ​ទទួលស្គាល់​ជា​បន្ត​បន្ទាប់ពី​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា ។ ដោយសារតែ​កំណើន​នៃ​អ្នកប្រើប្រាស់​ជា​បន្តបន្ទាប់ នៅពេល​ខាងមុខនេះ ក្រុមហ៊ុន​នឹង​ពង្រីក​ការចែក​ចាយ​ទៅតាម​បណ្ដា​ខេត្ត​នានា​ដែលមាន​សក្ដានុពល ដើម្បី​សម្រួល​ដល់​ស្ត្រី ជា​មាតា​នៅ​ទូទាំងប្រទេស​ដែល​ចង់បាន​នូវ​ផលិតផល​ដែល​អាចជួយ​រូបគាត់​និង​កូន​គាត់ លូតលាស់​បានល្អ ។

អ្នកស្រី​បន្តថា បើទោះបីជា​ផលិតផល​នេះ វា​ហាក់​មានតម្លៃ​ខ្ពស់​បន្តិច​មែន ក៏ប៉ុន្តែ​បើ​ធៀប​នឹង​ប្រាក់ចំណូល និង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ឃើញថា​មាន​ប្រជាពលរដ្ឋ​ជាច្រើន​អាចមាន​លទ្ធភាព​ទិញយក​ទៅប្រើ​ប្រាស់ ក្នុងអំឡុងពេល​កំពុង​ពរ​ពោះ រហូតដល់​កូន​នោះ​ធំៗ ។ លោកស្រី​ថា ក្នុង​ឆ្នាំ ២០១៧​កន្លងទៅនេះ កំណើន​នៃ​ការលក់​ផលិតផល​បៃ​អូ​ឡង់ នៅ​កម្ពុ​ជាមាន​កំណើន​រហូត​ដល់​ជាង​៧០​ភាព ដែល​ធ្វើអោយ​ក្រុមហ៊ុន​ត្រៀម​យក​ផលិតផល​ម៉ាក​ថ្មី​បន្ថែមទៀត​សម្រាប់​ចរាចរណ៍​លើ​ទីផ្សារ​កម្ពុជា ៕