ទីតាំង​ភ្នាល់​បាល់​តាម​អន​ឡាញ​«​យីហោ ៣៦៥» ក្នុង​សង្កាត់​បឹងត្របែក បើក​លេង​២៤​ម៉ោង​លើ​២៤​ម៉ោង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2018 ក+ ក-

​ភ្នំពេញ ៖ ល្បែងស៊ីសង​តាម​អន​ឡាញ​« យីហោ ៣៦៥» ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៤៧៤ ក្នុង​សង្កាត់​បឹងត្របែក បាន​បើក​លេង​យ៉ាង​រលូន​រាប់​ឆ្នាំ​មកហើយ ចំណែក​សមត្ថកិច្ច​ខណ្ឌ​ចំការមន តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម គ្មាន​អើពើ​ចំពោះ​ទីតាំង​ដែលជា​ប្រភព​នៃ​បទល្មើស​កំពុង​ជ្រក​ក្រោម​ស្លាក​អាជីវកម្ម អិន​ធឺ​ណេ​ត ៣៥៦ នេះ​ទេ​។​

បុរស​ចំណាស់​ម្នាក់ ដែលមាន​លំនៅឋាន​ក្បែរ​ទីតាំង​អ៊ិន​ធើ​ណិ​ត​២៤​ម៉ោង ៣៦៥ នេះ បាន​រិះគន់​ធ្ងន់ៗ​លើ​សមត្ថកិច្ច​មូលដ្ឋាន ថា សមត្ថកិច្ច​ខណ្ឌចំការមន មិនដែល​មក​បង្ក្រាប​ទីតាំង​ខាងលើនេះ​ទេ មិនដឹងថា មាន​មូលហេតុ​អ្វីខ្លះ​នៅ​ពី​ក្រោយខ្នង​នោះឡើយ ទើប​គេ​មិន​បង្ក្រាប​។ បុរស​ដដែល​បន្តថា នៅលើ​ទឹកដី​ខណ្ឌចំការមន មាន​ទីតាំង​បើក​ល្បែងស៊ីសង​ភ្នាល់​បាល់​តាម​អន​ឡាញ និង​ល្បែងស៊ីសង​ផ្សេងៗ​ទៀត ឬ​កន្ទុយលេខ​ច្រើន​កន្លែង​ណាស់ ដែល​ល្បែងស៊ីសង​ខ្លះ ជ្រក​ក្រោម​ស្លាក​អាជីវកម្ម អ៊ិន​ធឺ​ណេ​ត ២៤​ម៉ោង ឯ​ខ្លះទៀត​ជ្រក​តាម​ផ្សារ និង​ខ្លះទៀត ជ្រក​តាម​អាហារ​ដ្ឋា​ន​នានា​។ បុរស​ចំណាស់​ដដែល​បាន​និយាយ​ដោយ​ចំអក​ថា កុំ​សង្ឃឹមថា សមត្ថកិច្ច​ខណ្ឌចំការមន គេ​បង្ក្រាប​ទីតាំង​ដូច​បាន​រៀបរាប់​ខាងលើនេះ បើទោះបីជា​ដឹងថា ទីនោះ​ជា​ជម្រក​ផ្តល់​មធ្យោបាយ​ឲ្យ​ជនល្មើស​អាច​ជ្រកកោន​លាក់ខ្លួន​ដោយសារ​បើក​២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ជួបជុំ​រៀបចំ​ផែនការ​មុនពេល​ចេញ​ធ្វើ​សកម្មភាព​លួច ឆក់ ឬ​ប្លន់ ក៏ដោយ​។​

​បុរស​ចំណាស់​ដដែល​នេះ បានដាក់​ការចោទប្រកាន់​ធ្ងន់ៗ​ថា ជាទូទៅ ទីតាំង​អាជីវកម្ម អ៊ិន​ធឺ​ណេ​ត ២៤​ម៉ោង លើ​២៤​ម៉ោង កន្ទុយលេខ ឬ​ល្បែងស៊ីសង​ដទៃទៀត គឺជា​អតិថិជន​របស់​មន្ត្រី​មាន​សមត្ថកិច្ច​មួយចំនួន ដូច្នេះ​មិនអាច​នឹង​លុបបំបាត់បាន​ដោយ​ងាយៗ​នោះទេ គេ​ទុក​ចាំ​ឱ្យ​សម្តេចនាយក​រដ្ឋមន្ត្រី​ស្រែក​ដាក់​បញ្ជា​តាម​កាសែត ទូរទស្សន៍ ដូច​ករណី​រថយន្ត ត ទ្រុង​ជាដើម ទើប​ធ្វើជា​ស្ទុះស្ទា​កេណ្ឌ​កម្លាំង​ចាត់វិធានការ ហើយ​ប្រកូក​ប្រកាស​ហៅ​ក្រុមអ្នកកាសែត និង​ទូរទស្សន៍​ឱ្យជួយ​ផ្សព្វផ្សាយ​យក​ស្នាដៃ​។

​ប្រភព​ផ្សេងទៀត​​ដែល​ស្និទ្ធ​នឹង​ថៅកែ​ល្បែង​តាម​អិន​ធឺ​ណេ​ត ម្នាក់ បាន​ប្រាប់​ឱ្យដឹងថា មន្ត្រី​សមត្ថកិច្ច​ខណ្ឌចំការមន​បង្ក្រាប​តែ​កន្លែង​ណា​ដែល​មិន​បង់លុយ​ឲ្យ​ពួកគេ​តែប៉ុណ្ណោះ កន្លែង​ណា​ដាក់​ខែ គេ​មិន​បង្ក្រាប​នោះទេ​។​​សូមបញ្ជាក់ថា យ៉ាងណាក៏ដោយ ខ​ណ្ខ​ចំការមន គឺជា​ខណ្ឌ​មួយ​ដែលមាន​ភូមិសាស្ត្រ​ស្មុគស្មាញ​ច្រើនណាស់​ដែរ និង​ជា​កន្លែង​ដែល​សម្បូរ​ទៅដោយ​បទល្មើស​ជាច្រើន​ទៀតផង ព្រោះ​មាន​ក្មេង​ទំនើង​ប្រមូលផ្តុំ​គ្នា​បាន​ប្រើប្រាស់​គ្រឿងញៀន និង​លេង​ល្បែងស៊ីសង​តាម​អ៊ី​ន​ធើ​ណេ​ត​២៤​ម៉ោង លើ​២៤​ម៉ោង ដែល​ទីតាំង​ខ្លះ បាន​ធ្ចើ​ឱ្យ​សមត្ថកិច្ច​វិលមុខ ប​ង្ក្រា​ហើយ​បង្ក្រាប​ទៀត​ដូច​វែក​ចក​។

​គួររំលឹកថា កន្លងមក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ធ្លាប់បាន​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ខណ្ឌ​ទាំងអស់​ឲ្យ​បង្ក្រាប​រាល់​ល្បែងស៊ីសង គ្រឿងញៀន និង​ត្រូវ​ទប់ស្កាត់​បទល្មើស​នានា​នៅតាម​បណ្តាខ​ណ្ខ​នីមួយៗ ឱ្យបាន​ពេញលេញ ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ពិសេស បញ្ជា​ឱ្យ​ចុះ​ត្រួតពិនិត្យ​ជាបន្ទាន់​ទីតាំង​អាជីវកម្ម អ៊ិន​ធឺ​ណេ​ត ព្រោះ​ជា​ទង្វើ​ខុសច្បាប់ បើសិន​ហ៊ាន​បើក​២៤ ម៉ោង​លើ​២៤​ម៉ោង​៕