រថយន្ត​ដឹក​ផ្លែឈើ​មកពី​វៀតណាម​ឆ្ពោះទៅ​ភ្នំពេញ​ក្រឡាប់នៅស្រុក​ពារាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2018

​ព្រៃវែង ៖ រថយន្ត​ធុន​ធំ​មួយគ្រឿង ដឹក​ផ្លែឈើ​ពេញ​ចូល​មកពី​ប្រទេស​វៀតណាម បំណង​យកទៅលក់​បន្ត​នៅ រាជធានី​ភ្នំពេញ បាន​ប្រះ​ខ្លួន​ដេក​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨ ចាក់​ផ្លែឈើ​ចោល​រាយប៉ាយ​ពេញ​លើ​ដងផ្លូវ​ទាំង​ព្រឹក​ព្រលឹម​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បង្កដោយ​ខ្លួនឯង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨​ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៩.៦០​ស្ថិតក្នុង​ភូមិ​ត្នោត​.​ឃុំ​រកា​.​ស្រុក​ពារាំង​.​ខេត្តព្រៃវែង​។

​បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​នៃ​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​ពារាំង​បាន​ឲ្យ​ដឹងថា​រថយន្ត​ដឹក​ផ្លែឈើ​ក្រឡាប់​នោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ព​ណ៏​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A.4049​បើកបរ​ដោយ​ឈ្មោះ​យ៉​ន​.​រ៉ូ​ត​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រែក​.​ឃុំ​ចំប៉ី​.​ស្រុក​បាទី​.​ខេត្តតាកែវ​ដោយមាន​ដឹក​ផ្លែឈើ​ពេញ​រថយន្ត​ទិសដៅ​(​ពី​កើ​តទៅ​លិច​)​ចេញពី​ប្រទេស​វៀតណាម​គោលបំណង​យក​ផ្លែឈើ​ទៅ​លក់​នៅ​ផ្សារ​នាគ​មាស​រាជធានី​ភ្នំពេញ​។​លុះ​ពេល​បើក​មកដល់​ចំណុច​ខាងលើ​រថយន្ត​បាន​ដាច់​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង​ចេញពី​រថយន្ត​ទើប​បណ្តាល​ឲ្យ​ផ្អៀង​ក្រឡាប់​ទទឹងផ្លូវ​ខ្ចា​ក់​ចេញ​សុទ្ធតែ​ផ្លែឈើ​រាយប៉ាយ​លើ​ថ្នល់ជាតិ​តែម្ដង​។

​ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​បាន​ចុះទៅ​ជួយ​អន្តរាគមន៍​ចរាចរណ៍​លើ​ដងផ្លូវ​កុំ​ឲ្យ​មានការ​កកស្ទះ​ពិបាក​ដល់​អ្នកធ្វើដំណើរ​និង​បាន​ឲ្យ​ម្ចាស់​រថយន្ត​ហៅ​ឡាន​មក​ស្ទូច​យក​រថយន្ត​របស់ខ្លួន​ទៅធ្វើ​ការជួសជុល​ដោយ​ខ្លួនឯង​!​ព្រោះ​ករណីនេះ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដ៍ទៃ​និង​ប៉ះពាល​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​របស់រ​ដ្ធ​នោះឡើយ​!​ដោយ​គ្រាន់តែ​តៃ​អ្នកបើកបរ​បង្កដោយ​ខ្លួនឯងបាន​រងរបួស​ស្រាល​ប៉ុណ្ណោះ​។

​ទោះយ៉ាងណា មតិ​មហាជន​ជាច្រើន​បានលើកឡើង​ថា សព្វថ្ងៃ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨.​ជាពិសេស​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​នេះ​គេ​សង្កេតឃើញ​រថយន្ត​តូច​.​ធំ​ដឹកទំនិញ​ចូល​ពី​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​ដូច​ហែ​កឋិនទាន​ទាំងយប់​ទាំង​ថ្ងៃ​គឺ​បើកបរ​លឿនៗ​ណាស់​!​ហើយ​ចំពោះ​គុណភាព​ទំនិញ​ក៍​គ្មាន​ស្ថាប័ន​ពាក់​ព​ន្ធ័​ណាមួយ​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​គុណភាព​នូវ​សារ​ធាតុគីមី​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​រក្សា​ការពារ​សុវត្ថិភាព​សុខភាព​របស់​អ្នក​បរិភោគ​នោះដែរ​៕​