ចេញទៅ​កាប់​ឈើ​បាត់​១​យប់ ព្រឹក​ឡើង​ប្រទះឃើញ​ដើមឈើ​សង្កត់​ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2018 ក+ ក-

​ព្រះវិហារ ៖ បុរស​ម្នាក់​ចេញទៅ​រក​អា​ឈើ​ក្នុងព្រៃ​តែម្នាក់ឯង បាត់​មួយ​យប់​លុះ​ព្រឹក​ឡើង​ត្រូវ​ក្រុមគ្រួសារ​ដើររក ក៍​ប្រទះឃើញ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​ឈើ​សង្កត់ពីលើ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧.០០​នាទី ព្រឹក​ថ្ងៃទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ ត្រង់ចំណុច​ស្រែ​តាកែវ ខាងលិច​ផ្លូវ​កៅស៊ូ ចំងាយ​៥​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិ​ត្មា​ប៉ី​យេ ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រ​វិហារ​។​

​លោក​រួន យ៉េត អធិការ​នគ​បាល​ស្រុក​ជាំ​ក្សាន្ត បាន​បញ្ជក់​ថា ជនរងគ្រោះ​មានឈ្មោះ និ​ច នៀត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​លោក​បន្តថា​កាលពី​ថ្ងៃទី​១០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ ជនរងគ្រោះ បាន​បើក​គោយន្ត​កន្ត្រៃ​ចេញពីផ្ទះ ហើយ​ទៅរក​កាត់ឈើ​ក្នុងព្រៃ​ក្បែ​ស្រែ​ខាងលិច​ផ្លូវ​កៅស៊ូ ចំងាយ​ពី​ភូមិ​៥​គីឡូម៉ែត្រ តែ​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ លុះ​ព្រឹក​ឡើង​ក្រុមគ្រួសារ​ជនរងគ្រោះ​បានចេញ​ទៅរក ក៍​ប្រទះឃើញ​ជនរងគ្រោះ​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារ​ឈើ​សង្កត់ពីលើ​។​

​លោ​កថា​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំយកមក​ធ្វើ បុណ្យ​តាម​ប្រពៃណី​៕​