អាជ្ញាធរខេត្ត​ព្រះវិហារ ឃាត់​រថយន្ត​កែច្នៃ​ខុស​ច្ចេកទេស​ជិត​៣០០​គ្រឿង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2018 ក+ ក-

​ព្រះវិហារ ៖ អាជ្ញាធរខេត្ត​ព្រះវិហារ បាន​បើក​ប្រតិបត្តិ​ការចាប់​ឃាត់​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស តាម​គោលដៅ​នានា​ទូទាំង​ខេត្ត​ពេញ​មួយ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨​ម្សិលមិញ ដោយបាន​ត្រួតពិនិត្យ​រថយន្ត​ជិត​៣០០​គ្រឿង ក្នុងនោះ​រកឃើញ​រថយន្ត​ដឹក​សំពីងសំពោង​ចំនួន​៣៧​គ្រឿង ព្រមទាំង​រកឃើញ​រថ​យន្ត​ត​ទ្រុង​កែច្នៃ​ខុស​បច្ចេកទេស​ចំនួន​១​គ្រឿង ដោយបាន​កាត់ចោល​នៅនឹងកន្លែង​តែម្តង​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​ថ្លែងប្រាប់ cam post ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​ថា ដោយមាន​ការណែនាំ​ពី​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត ក៏ដូចជា ការអនុវត្ត​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គណៈកម្មការ​ក្រុមការងារ ត្រួត​ពិត​និត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ខេត្ត រួមមាន មន្ត្រី​មន្ទីរ​សាធារណការ​ខេត្ត កម្លាំង​ស្នងការ​នគរបាល​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ព្រមទាំង​អជ្ញាធរ​ក្រុង​ស្រុក បាន​ចុះ​ត្រួតពិនិត្យ​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​ដឹក​លើស​ទម្ងន់ ជា​លទ្ធផល​បាន​ឃាត់​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​២​គ្រឿង ដោយ​កាត់​ទ្រុង​ចោល​នៅនឹងកន្លែង​តែម្ដង​។​

​លោក​បន្តថា រហូតមកដល់​ពេលនេះ ក្នុង​ទឹកដី​ខេត្តព្រះវិហារ ឲ្យ​តែមាន​រថយន្ត​ត​ទ្រុង​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​ដឹក​លើស​ទម្ងន់ គឺ​ក្រុមការងារ​នឹង​បន្ត​អនុវត្ត​ចាប់​ឃាត់ និង​កាត់​ទ្រុង​នៅ​និង​កន្លែង ដោយ​មិនមាន​ការលើកលែង​នោះឡើយ តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​
លោក សំ លាង​ទ្រី បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​យុទ្ធនា​ការចុះ​ឃាត់​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស តាម​គោលដៅ​នានា ក្នុង​ខេត្ត​ជា​លទ្ធផល​មាន​៖ រថយន្ត​ត្រូវធ្វើ​ការត្រួតពិនិត្យ​២៦៤​គ្រឿង​, រថយន្ត​ពិនិត្យឃើញ​ត្រឹមត្រូវ​១២៦​គ្រឿង​, រថយន្ត​បាន​ណែនាំ​ដឹក​សំពីងសំពោង​៣៧​គ្រឿង​, រថយន្ត​ពុំមាន​ឯកសារ​គ្រប់គ្រាន់​៥៤​គ្រឿង​, រថយន្ត​ត្រូវបាន​ដោះ​ចង្អើរ​កន្ទុយ​២៣​គ្រឿង​, រថយន្ត​គ្មាន​ស្លាក​លេខ​៥​គ្រឿង​, រថយន្ត​គ្មាន​ប​ណ្ណ័​បើកបរ​១៧​គ្រឿង​, កាត់​ទ្រុង​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស​១​គ្រឿង​ផងដែរ​។​

សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ពី​ខេត្តកំពង់ចាម ក្នុងឱកាស​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត ត​ភ្ជាប់​ទឹកដី​នៃ​ខេត្តកំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ និង​បានកំណត់​កាលបរិច្ឆេទ​ថា ចាប់ពី​ម៉ោង​០០​យប់​នេះ តទៅ​នឹងមិន​អនុញ្ញាត​ឲ្យ​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស បើកបរ​លើ​ដងផ្លូវ​តទៅទៀត​ឡើយ ព្រោះ​រថយន្ត​ទាំងនោះ​បានធ្វើ​ឲ្យ​ខូចខាត​ដល់​ផ្លូវ ស្ពាន ដែល​រាជរដ្ឋាភិបាល​ខិតខំ​សាងសង់​យ៉ាង​លំបាក​។​

ជាមួយគ្នានេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែង​ព្រមាន​ដកតំណែង​អភិបាល​រាជធានី​-​ខេត្ត​ណា ដែល​អនុវត្តន៍​ការងារ​នេះ​មិនបាន​ចេញពី​តំណែង​ផងដែរ បើសិនជា​ករណី​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស និង​ដឹក​លើស​ទម្ងន់ នៅតែមាន​វត្តមាន​លើ​ដងផ្លូវ ក្នុងភូមិ​សាស្ត្រ​ខេត្ត​របស់ខ្លួន​ទៀត ។

​ប្រសិន​បើក​ប្រើ​វិធាន​ការចាប់​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​នេះ មាន​ម្ចាស់​ក្រុមហ៊ុន​តវ៉ា ឲ្យ​ទៅ​តវ៉ា​នៅមុខ​ផ្ទះ​សម្តេច សម្តេច​ចាប់​ពួកគេ​ដាក់ពន្ធនាគារ​តែម្តង​។ សម្តេច​បាន​បញ្ជា​ឲ្យ​ម្ចាស់​រថយន្ត​ទាំងអស់ យក​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​យក​រថយន្ត​ទៅ​កាត់​ទ្រុង​ហើយ​បើ​កាត់​មិនទាន់ មិន​ត្រូវយក​ឡើងលើ​ផ្លូវ​នោះឡើយ​៕