អាជ្ញាធរខេត្ត​ព្រះសីហនុ​ចុះ​រុះរើ​រោង​តាំង​រូបសំណាក​ព្រះ​នាង​គង់​ស៊ី​អ៊ី​ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2018

​ព្រះសីហនុ ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ​បង្កើត​ក្រុមការងារ​គណៈកម្មការ​ចុះ​រុះរើ​រោង​សំណាក់​សំរាប់​តាំង​រូបសំណាក​ព្រះ​នាង​គង់​ស៊ី​អ៊ី​ម ដែល​បានធ្វើ​ល្មើសច្បាប់​លើដី​ចំណី​ឆ្នេរសមុទ្រ​។
​ក្រុមការងារ​គណៈកម្មកា​រ​ត្រួតពិនិត្យ​ការអភិវឌ្ឍ និង​សំណង់​តំបន់ឆ្នេរ បាន​ចុះ​រុះរើ​រោង​សំណាក់​សំរាប់​តាំង​រូបសំណាក​ព្រះ​នាង​គង់​ស៊ី​អ៊ី​ម ដែល​បានធ្វើ​ល្មើសច្បាប់​លើដី​ចំណី​ឆ្នេរ ។

​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​លោក លី ចិត្ត​និយម អនុប្រធាន​អចិន្ត្រៃយ៍ ក្រុមការងារ​ត្រួតពិនិត្យ​ការអភិវឌ្ឍ និង​សំណង់​តំបន់ឆ្នេរ បាន​ចុះ​រុះរើ​រោង​សំណាក់​សំរាប់​តាំង​រូបសំណាក​ព្រះ​នាង​គង់ ស៊ី​អ៊ី​ម ដែល​បានធ្វើ​លើដី​ចំណី​ឆ្នេរ ស្ថិតនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ទីតាំង​ក្បែរ​អតីត​ព្រះរាជដំណាក់​ឆ្នេរ​អូរ​ឈើទាល របស់ ឈ្មោះ ឡី បណ្តូល ដែល​បាន​សាងសង់​លើ​តំបន់ហាមឃាត់ មិនមាន​ការសុំ​អនុញ្ញាត​ពី​មន្ទីរ​ធម្មការ និង​សាសនា ព្រមទាំង​សាងសង់​ដោយ​គ្មាន​លិខិតអនុញ្ញាត​សាងសង់​។​

​គួរ​រម្លឹក​ផងដែរ​ថា​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​លោក លី វ៉ាន់ដា ប្រធាន​ក្រុមការងារ​បាន​ចុះទៅ​ហាមឃាត់ និង​ធ្វើ​កំណត់ហេតុ​ឱ្យ​ម្ចាស់​សំណង់​រុះ​រើចេញ​ជាបន្ទាន់ ប៉ុន្តែ​រហូតដល់​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ នេះ ម្ចាស់​សំណង់​មក​ទាន់​រុះរើ​ចេញ​តាម​ការណែនាំ​របស់​ក្រុមការងារ​នៅឡើយ ទើប​រដ្ឋបាលខេត្ត​ព្រះសីហនុ ដាក់​កម្លាំង​ចុះទៅ​រុះរើ​សំណង់​នោះ​ចេញ​៕