ទោស​ជាប់គុក​១​ឆ្នាំ ករណី​ប៉ូលិស​ដែល​បាញ់​ធ្វើឱ្យ​មនុស្ស​ស្លាប់​ពេល​បង្ក្រាប​កន្លែង​បញ្ជល់មាន់ ត្រូវ​ព្យួរ​ទាំងស្រុង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2018 ក+ ក-

ទោស​ជាប់គុក​១​ឆ្នាំ ករណី​ប៉ូលិស​ដែល​បាញ់​ធ្វើឱ្យ​មនុស្ស​ស្លាប់​ពេល​បង្ក្រាប​កន្លែង​បញ្ជល់មាន់ ត្រូវ​ព្យួរ​ទាំងស្រុង​
ភ្នំពេញ​៖ លោក​រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៨​បើកសវនាការ​រឿងក្តី​នេះ​និង​ប្រកាស​សាលក្រម​ភ្លាម​តែម្ដង ដោយ​ពុំ​បង្អង់​ឡើយ​។​

​សាលក្រម​គឺ​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ ច​ន វីរៈ ដាក់ពន្ធនាគារ​មួយឆ្នាំ​តែ​ទោស​នេះ​ត្រូវ​ព្យួរ​ទាំងអស់​ក្រោម​ការចោទប្រកាន់​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា​តាម​មាត្រា​២០៧​នៃ​ក្រមព្រហ្មទណ្ឌ​ទៅលើ​លោក​អនុសេនីយ៍ត្រី​ច​ន​វីរៈ​ប៉ូលិស​ផ្នែក​អន្តរាគមន៍​នៃ​អធិដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ផ្ទុះអាវុធ​បណ្តាលឱ្យ​មនុស្ស​ស្លូតត្រង់​ម្នាក់​ស្លាប់​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​សង្វៀន​ជល់​មាន់​នោះ​ឥឡូវនេះ​មាន​សេរីភាព​ឡើងវិញ​ហើយ ។​

​មន្ត្រី​តុលាការ ពន្យល់ថា ក្នុងករណី​ដែល​ជនជាប់ចោទ​ច​ន វីរៈ គ្មាន​ជាប់​បទល្មើស​ផ្សេងទៀត​ទេ ជននេះ​នឹងត្រូវ​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ ក្រោយ​ជាប់ឃុំ​ត្រឹម​២០​ថ្ងៃ​ប៉ុណ្ណោះ ។​
​រំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៨​កម្លាំង​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះបង្ក្រាប​ទីតាំង​និង​ក្រុម​អ្នកញៀន​ល្បែង​បញ្ជល់មាន់​មួយកន្លែង​នៅក្រោយ​ផ្សា​រកា​ណា​សុ​ី​ធី​ស្ថិត​ក្នុងភូមិ​ចោមចៅ សង្កាត់​ចោមចៅ​២ ។​
​កិច្ច​បង្ក្រាប​នោះ​សម​ត្ត​កិច្ច​បាន​ផ្ទុះអាវុធ​ឡើងលើ​ជាច្រើន​គ្រាប់​បណ្តាលឱ្យ​ត្រូវ​បុរស​ម្នាក់​កំពុង​ឈរ​ពីលើផ្ទះ​មើល​គេ លេងល្បែង​បញ្ជល់មាន់​ស្លាប់​ពេល​កំពុង​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

ជនរងគ្រោះ​ឈ្មោះ សៀក រ៉​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ​បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​ចោមចៅ​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕