សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត រងការចោទប្រើ​ហិង្សា​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រងរបួស​ធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2018 ក+ ក-

ប៉ោយប៉ែត ៖ ជនរងគ្រោះ​ម្នាក់​រងរបួស​ធ្ងន់​បញ្ជូន ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី ក្នុងស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យរ​ហូត​២​ដង ដោយ​ចោទថា​សមត្ថកិច្ច​មួយក្រុម​វាយ​ធ្វើបាប (​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​) ក្នុង​ជម្លោះ​ពាក្យសំដី​កាលពី​ចុងខែ​មករា ឆ្នាំ​២០១៨ នៅ​កម្មវិធី​ជួបជុំ​មួយ​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សាន គឹម​សេង ភេទ​ប្រុស អាយុ​24​ឆ្នាំ ជា​កម្មករ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​2​សង្កាត់ និង​ក្រុង​ប៉ោយប៉ែត រងរបួស​ធ្ងន់​ចំណុច​ពោះ​ដេរ​ជិត​២០​ថ្នេរ​នៅ​មន្ទីរពេទ្យ​ខាងលើ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ សាច់ញាតិ​ជនរងគ្រោះ​និង​ជនរងគ្រោះ​ប្រាប់ថា កាលពី​យប់​ថ្ងៃទី​21 មករា មានការ​ប្រគំ​តន្ត្រី​ស្រា​បៀរ​មួយ​នៅក្នុង​ភូមិ​-​កើតហេតុ​ខាងលើ លុះ​ម៉ោងជាង​9​យប់​ថ្ងៃ​ដដែល​មាន​ករណី​ផ្ទុះ​ជម្លោះ គឺ​បងប្រុស​បង្កើត​របស់ខ្លួន​ឈ្មោះ សាន គឹម​សែន ភេទ​ប្រុស អាយុ​28​ឆ្នាំ ផ្ទុះ​ជម្លោះ​ជាមួយ​អ្នកយាម​កម្មវិធី​។​

ជនរងគ្រោះ​បន្តថា ដោយសារ​ឃើញ​ជម្លោះ​ប្រវាយប្រតប់​រវាង​បងប្រុស និង​អ្នកយាម​កម្មវិធី​នោះ ខ្លួន​ក៏បាន​ស្ទុះ​ទៅ​ឃាត់ ព្រោះ​មិន​ចង់​ឲ្យ​មាន​បញ្ហា​កើតឡើង តែ​ពេលនោះ​ភាគី​ម្ខាង​ទៀត បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​(​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​) ។ មួយសន្ទុះ​ក្រោយមក ស្រាប់​តែមាន​សមត្ថកិច្ច​មួយក្រុម​ប្រហែលជា​១០​នាក់​ចុះ​ដល់​កន្លែងកើតហេតុ មិនបាន​សួរនាំ​ស្រាប់តែ បែរជា​ចាប់​បងប្រុស​របស់ខ្លួន​វាយខ្នោះ ហើយ​ខ្លួន​បាន​រារាំង​សមត្ថកិច្ច​តែ​ត្រូវគេ​ព្រួត​វាយ រហូត​រងរបួស​ធ្ងន់​ធ្ង​រដាច់​ពោះវៀន និង​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​មង្គល​បូរី​តែម្តង​។ ជនរងគ្រោះ​ប្រាប់ថា ខ្លួន​ចង់​ដាក់​បណ្តឹងទាមទារ​រក​យុត្តិធម៌​ដែរ ប៉ុន្តែ​មិន​ហ៊ាន ព្រោះ​យល់ថា គេ​ជា​សមត្ថកិច្ច ឯ​គ្រួសារ​ខ្លួន​ជា​អ្នកក្រីក្រ​។​

បុរស​ម្នាក់​ឈ្នោះ សាន គឹម​សែន ដែល​អះអាងថា​ជា​បងប្រុស​ជនរងគ្រោះ ថា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ដោយ​ប្អូន​របស់ខ្លួន​ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ម្ដងទៀត​បន្ទាប់ពី​អាកា​រៈ​ជំងឺ​របស់​ប្អូន​រើ​ខ្លាំង​ឡើងវិញ​(​ចុក​រមួល​ក្នុង​ពោះ​)​និង​ត្រូវបញ្ជូន​ចូល​បន្ទប់​សង្គ្រោះ​បន្ថែម​ទៀតផង មិនដឹងថា​ជម្ងឺ​ធ្ងន់ធ្ងរ​បែបណា​ឡើយ ចំណែក​រូប​ខ្លួន ក៏​ត្រូវបាន​បង់ប្រាក់​ចំនួន​១៥០​ដុល្លា​ផងដែរ ជា​ថ្នូរ​ដោះលែង​ដើម្បី​ទៅ​មើល​ប្អូន​រងគ្រោះ​សំរាក​នៅ​មន្ទីរពេទ្យ​។​

ជុំវិញ​ការចោទប្រកាន់​ខាងលើនេះ​លោក បោ​ន ប៉ិន មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ អ្នកសារព័ត៌មាន​បាន​ព្យាយាម​ទូរស័ព្ទ​ដើម្បី​សុំ​ការបកស្រាយ​ដែរ​តែ​ទូរ​សព្ទ័​ចូល​ចុច​ជាប់រវល់ ៕