កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​សាន់​បា បង្កឱ្យមាន​ភ្លៀង​ធ្លាក់ចំ​ថ្ងៃ​ចូលឆ្នាំ​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2018

​ភ្នំពេញ ៖ តាម​បណ្ដា​រាជធានី ខេត្ត មួយចំនួន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា អាច​នឹងមាន​ភ្លៀង​ធ្លាក់​កក់ខែ​ពី​តិច​ទៅ​មធ្យម ចាប់ពី​ថ្ងៃទី​១៨ ដល់ ២២ ខែកុម្ភៈ ដោយសារ​ព្យុះ​មួយ​ឈ្មោះ សាន់​បា (Sanba)​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​។​
​ព្យុះ សាន់​បា នេះ​កំពុង​រំកិល​ខ្លួន​ឆ្ពោះ​មក​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ហើយនឹង​បន្តដំណើរ​ចូលមក​សមុទ្រ​ចិន​ខាងត្បូង មុន​ថយឥទ្ធិពល ពេលមកដល់​កៀក​ឆ្នេរ​អាគ្នេយ៍ ប្រទេស​វៀតណាម យប់​ថ្ងៃទី​១៧ ខែកុម្ភៈ​។​
​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក បានឱ្យដឹងថា នៅតាម​រាជធានី ខេត្ត ទូទាំងប្រទេស អាចមាន​ភ្លៀង​ធ្លាក់​ក្នុងអំឡុងពេល​ខាងលើ មានដូចជា រាជធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និង​បណ្ដា​ខេត្ត​នៅ​តំបន់ឆ្នេរ​៕​