៣​ខែ​ហើយ សំណុំរឿង​ឧកញ៉ា ថោង សារ៉ាត់ មិនទាន់​បញ្ជូនទៅ​ចៅក្រម​ស៊ើប​ទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2018

​ភ្នំពេញ ៖ រឿងក្តី​ឧកញ៉ា ថោង សារ៉ាត់ អ្នកមាន​ស្តុកស្តម្ភ​នៅ​កម្ពុជា​បច្ចុប្បន្នកំពុង​ស​ម្រាក​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី និង ក្រុម​អង្គរក្ស ពាក់ព័ន្ធ​ការបាញ់សម្លាប់​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ រហូតមកទល់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ពោល​គឺមាន​រយៈពេល​៣​ខែ​ហើយ​មិនទាន់​បញ្ជូន​សំណុំរឿង​ទៅឱ្យ​លោក​ចៅក្រម​លី សុខ​លេង​ស៊ើបសួរ​បន្ថែម​នៅឡើយ​ទេ​ដែល​រហូត​មកទល់ពេលនេះ​ជនជាប់ចោទ​ទាំងអស់​បាន​ជាប់ឃុំ​នៅ​ពន្ធនាគារ​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ​។​

​សំណុំ​រឿងនេះ​បាន​ត្រូវ​តុលា​ការលើក​យកមក​ប្រកាស​សាលក្រម​នៅ​ល្ងាច​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៧​បន្ទាប់ពី​បាន​បើកសវនាការ​ជំនុំជម្រះ​២២​លើក​និង​ពន្យារពេល​ប្រកាស​សាលក្រម​ជាង​៦​ខែ​រួចមកហើយ​។​

​សាលក្រម​ដែល​លោក តុ​ប ឈុន​ហេង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​អមដោយ​លោក​ម៉េង តូ​នី​និង​លោក​ហេង កេស​រោ ជា​ចៅក្រម​ប្រឹក្សា​បានប្រកាស​នោះ​គឺ​សម្រេច​ចាត់​របៀប​បង្វិល​សំណុំ​រឿងនេះ​ទៅឱ្យ​លោក​ចៅក្រម​លី សុខ​លេង​ស៊ើបសួរ​បន្ថែម​។​

​រឿងក្ដី​នេះ ស្ទើរ​ក្លាយជា​មន្ទិលសង្ស័យ​គ្រប់​មជ្ឈដ្ឋាន​ទៅហើយ នៅពេល​សាលក្រម​រឿងក្ដី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដែលមាន​លោក ថោង សារ៉ាត់ សេដ្ឋី​ស្តុកស្តម្ភ​នៅ​កម្ពុជា ជា​មេខ្លោង​បាន​បើកសវនាការ​ជំនុំជម្រះ​២២​លើក​និង​ពន្យារពេល​ប្រកាស​សាលក្រម​ជាង​៦​ខែ​រួចមកហើយ​បែរជា​តុល​លា​ការសម្រេច​ចាត់​របៀប​ទៅវិញ​។​

​អ្នកច្បាប់​មួយរូប​ផ្សេងទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាងថា រឿងក្តី​ព្រហ្មទណ្ឌ​បទល្មើស​ឧក្រិដ្ឋ ដែល​សម្រេច​ចាត់​របៀបនេះ មិន​ខុសច្បាប់​នោះទេ តែ​អាច​បង្កប់​នូវ​ភាពមិនប្រក្រតី ។​

​ប្រភពព័ត៌មាន បញ្ជាក់ថា ការចាត់​របៀបនេះ គឺ​ទុកពេល​ឱ្យ​អ្នក​រត់ការ​ទៅសុំ​អន្តរាគមន៍​ពី​ថ្នាក់លើ​ដើម្បី​ជួយ​បន្ធូរ​បន្ថយទោស​ឬ​លើកលែងទោស​ឱ្យ​លោក​ថោង សារ៉ាត់​និង​គូកន​។​

​លោក ថោង សារ៉ាត់ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២៨​និង​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត ។ រីឯ​ក្រុម​អង្គរក្ស ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត​និង​បទ​ឃាតកម្ម​គិតទុក​ជាមុន​ដែល​បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត​ដែរ ។​

​ហេតុការណ៍​បាញ់សម្លាប់​កក្រើក​រាជធានី​ភ្នំពេញ​នេះ កើតឡើង​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌចំការមន​៕