តុលាការ​នឹង​ជម្រះក្តី​រឿង​លោកស្រី ថាក់ ឡា​នី ចោទ​សម្តេច ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក កែម ឡី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2018 ក+ ក-

​ភ្នំពេញ ៖ តុលាការ​កំពូល​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាងមុខនេះ នឹង​បើកសវនាការ​ជម្រះ​រឿងក្តី​លោកស្រី ថាក់ ឡា​នី អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ដែល​បច្ចុប្បន្ន​បាន​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស ករណី​ចោទប្រកាន់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អ្នក​សម្លាប់​លោក កែម ឡី ជា​អ្នកវិភាគ​បញ្ហា​សង្គម​។​

​យោងតាម​ដីកា​កោះហៅ​ឲ្យ​ជនជាប់ចោទ​ចូល​សវនាការ ដែល​ផ្សព្វផ្សាយ កាលពី​រសៀល​ថ្ងៃទី​១៤ ខែ​កុ​ម្ភះ បាន​ឲ្យ​ដឹង ថា លោកស្រី ថាក់ ឡា​នី អាយុ​៦៣​ឆ្នាំ ជាប់ចោទ​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​» ប្រព្រឹត្ត​នៅ​ភូមិ​តាប៉ាង ឃុំ​ប៉ា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨:៣០​នាទី តាម​មាត្រា​៣០៥ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

​កន្លងមក​ទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ សម្រេច​ដូចគ្នា​ផ្តន្ទាទោស​លោកស្រី ថាក់ ឡា​នី ដាក់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ និង​ពិន័យ​៨​លាន​រៀល ព្រមទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំនួន​១០០​រៀល​។​នៅក្នុង​វេទិកាសាធារណៈ​នៅ​ខេត្តរតនគិរី លោកស្រី ថាក់ ឡា​នី បាន​ចោទប្រកាន់​សម្តេច​តេ​ជោ ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី​។​

ដើម្បី​ស្វែងរក​ភាពយុត្តិធម៌ និង​ភាព​ស្អាតស្អំ​ក្នុងនាម​ជា​មេដឹកនាំ​កំពូល​នៃ​ប្រទេស​សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ​លោក​មេធាវី​គី តិច បានដាក់​ពាក្យបណ្ដឹង​ប្តឹង​លោកស្រី​ថាក់ ឡា​នី ដោយ​សំណូមពរ​ឲ្យ​តុលាការ​ចាត់ការ​តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ត្រឹម​១០០​រៀល​ប៉ុណ្ណោះ​៕