នាយករដ្ឋមន្ត្រី​កម្ពុជា ជូនពរ​បងប្អូន​ខ្មែរ​ជាប់សែស្រឡាយ​ចិន ក្នុងឱកាស​ចូលឆ្នាំ​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ នេះ ដែលជា​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន បាន​ផ្ញើ​សារ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ដោយ​ជូនពរ​ដល់​ជនរួមជាតិ និង​បងប្អូន​ខ្មែរ​ជាប់សែស្រឡាយ​ចិន សូម​ប្រកប​តែ​សេចក្តីសុខ សុភមង្គល និង​មាន​លាភ​សំណាង​លុយកាក់​ហូរ​ចូល​គ្រប់ៗ​ក្រុមគ្រួសារ​។​

លើសពីនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ ដែល​អាច​បណ្តាលមកពី​ការដុត​ធូប​ទៀន ក្នុងឱកាស​ពិធីបុណ្យ​នេះ និង​អំពាវ​នាដ​ល់​ប្រជាពលរដ្ឋ ធ្វើដំណើរ​កម្សាន្ត​តាម​ទីជិត​ឆ្ងាយ សូម​គោរព​ច្បាប់​ចរាចរណ៍ និង​មាន​សុខ​សុវត្ថិភាព​គ្រប់​ក្រុមគ្រួសារ​។

​សម្តេច​តេ​ជោ​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ ចិន​នេះ ខ្ញុំ និង​ភរិយា​សូម​ជូនពរ​ដល់​បងប្អូន​ខ្មែរ កាត់​ចិន​ទាំងអស់ និង​ជនរួមជាតិ​ដែល​ចូលរួម​អបអរ សាទរ ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន សូម​ប្រកប​តែ​សេចក្តីសុខ សុភមង្គល ព្រមទាំង​មាន​លាភ សំណាង​លុយកាក់​ហូរ​ចូល​គ្រប់ៗ​ក្រុមគ្រួសារ​កុំបី​ខាន​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​សរសេរ​ផងដែរ​ថា នៅក្នុង​ថ្ងៃ​សែន​នេះ សូម​បងប្អូន​ប្រុងប្រយ័ត្ន​ភ្លើង​អគ្គិភ័យ ដែល​អាច​បណ្តាលមកពី​ការដុត​ធូប​ទៀន​មិនបាន​ប្រុងប្រយ័ត្ន​។ សូម​បងប្អូន​ធ្វើដំណើរ​កំសាន្ត ជិត ឆ្ងាយ មាន​សុខ​សុវត្ថិភាព និង​បាន​សប្បាយ​ជួបជុំ​ក្រុមគ្រួសារ​កុំបី​ខាន​ឡើយ​៕