ស្ត្រី​ចិន​ម្នាក់​ស្លាប់​ក្នុង​រថយន្ត​តាក់ស៊ី​ពេលធ្វើ​ដំណើរ​ពី​ក្រុងព្រះសីហនុ​មក​ភ្នំពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ​៖​ស្ត្រីជន​ជាតិចិន​ម្នាក់​ដេកស្លាប់​ក្នុង​រថយន្ត​តាក់ស៊ី​ខណៈ​ចេញដំណើរ​ពី​ក្រុងព្រះសីហនុ​ឆ្ពោះទៅ​ក្រុងភ្នំពេញ។

ហេតុការណ៍​នេះ​កើត​ទ្បើង នៅ​ម៉ោង​០៦​និង​០៥​នាទី ថ្ងៃទី​១៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ រថយន្ត​តាក់ស៊ី​លុច​ស៊ី​ស Lexus RX 300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិសាត់ 2A-0808 បើកបរ​ដោយ​ឈ្មោះ ឡាន សុខ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាត់ដំបង សង្កាត់​លលកស ក្រុង​ពោធិសាត់ ខេត្តពោធិ៍សាត់ មានមុខ​របរ​រត់​តាក់ស៊ី បាន​ដឹក​ភ្ញៀវ​ជនជាតិ​ចិន​មួយ​គ្រួសារ​មាន​គ្នា ចំនួន​០៣​នាក់ ចេញពី​ហាង​ម៉ា​ត ភ្នំ​ខៀវ​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ ។ មកដល់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤០-១៤១ ភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង អ្នកបើកបរ​ក៏បាន​ចូលទៅ​ចាក់​សាំង​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ស៊ូ​គី​មិច ទើប​ដឹងថា​មាន​អ្នកដំណើរ​ស្លាប់​ក្នុង​រថយន្ត ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​រថយន្ត​នេះ​មានឈ្មោះ XIAO FENGZHU ភេទ​ស្រី អាយុ ៤៩​ឆ្នាំ ស្នាក់នៅ​ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​បើតាម​ការបញ្ជាក់​បន្ថែម​ពី​កំលាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០២ សាកសួរ​ព័ត៌មាន​ពី​ក្រុមគ្រួសារ​ថា ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​ផង ហើយ​បំណង​របស់​ក្រុមគ្រួសារ​គឺ​ដឹក​យកទៅ​ព្យាបាល​នៅ​ប្រទេស​ចិន​វិញ តែ​ទោះបី​មានការ​អះអាង​របស់​ក្រុមគ្រួសារ​ក៏ដោយ ក៏​សមត្ថកិច្ច​ស្នាក់ការ​សន្តិសុខ​៤០២ សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា នៅ​ការពារ​ក​នែ្ល​ង​កើតហេតុ រងចាំ​ជំនាញ​ធើ្វ​កោសល្យ​វិ​ច្ឆ័​យ​ទៅលើ​សាកសព​សិន ទើប​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅពេល​ក្រោយ ៕