មេបញ្ជាការ​ខេត្តព្រះវិហារ ជំរុញ​ឲ្យ​កងទ័ព​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ទប់ស្កាត់​បទល្មើស​ឲ្យ​បាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2018 ក+ ក-

​ព្រះវិហារ ៖ មេបញ្ជាការ​ប្រតិបត្តិកា​រ​សឹក​រង​ខេត្តព្រះវិហារ បាន​ណែនាំ និង​ជំរុញ​ឲ្យ​កម្លាំង​កងទ័ព​ទាំងអស់ ដែល​ឈរជើង​ការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន ត្រូវធ្វើ​យ៉ាងណា​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស​ការ​លួច​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង និង​បទល្មើស​គ្រឿងញៀន​ឆ្លងដែន ដើម្បី​រក្សាសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ខាន​តែ​បាន​។​

​ការជំរុញ​ឲ្យ​កងកម្លាំង​រក្សាសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​នេះ គ្រា​ដែល​ឧត្ដមសេនីយ៍ត្រី ច័ន្ទ សុ​ភ័​ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ រួម​ដំណើរ​ដោយ​ថ្នាក់ដឹកនាំ​តំបន់សឹក បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​នាយទាហាន នាយទាហានរង និង​ពលទាហាន នៅ​ចំណុច​នាគ​បួស របស់​វរ​សេនា​តូច​លេខ​១ ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ​នេះ លោក​មេបញ្ជាការ បាន​ផ្ដាំផ្ញើ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ធ្វើ​យ៉ាង​រក្សា​សុខភាព​ឲ្យ​បានល្អ ទើប​អាច​សម្រេច​រាល់​ការងារ​ទាំងឡាយ​របស់​អង្គភាព​បាន​។ លើសពីនេះ លោក​ក៏បាន​ជំរុញ​ឲ្យ​កងកម្លាំង​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​នូវ​បទល្មើស​ទាំងឡាយ ដូចជា ការទប់ស្កាត់​ពលករ​លួច​លបចូល​កាប់​ឈើ​គ្រញូង​ខុសច្បាប់ ការជួញដូរ​គ្រឿងញៀន​។​ល​។ ពិសេស​ជាង​នេះ កងកម្លាំង គឺត្រូវធ្វើ​យ៉ាងណា រក្សាសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​

នាឱកាស​នោះ លោក​មេបញ្ជាការ និង​នាយទាហាន​បាន​ជួយឧបត្ថម្ភ​ថវិកា និង​សម្ភារៈ​ឧបភោគបរិភោគ​មួយចំនួន ដូចជា លោក ច័ន្ទ សុ​ភ័​ក្ត្រា ថវិកា​ចំនួន​៤០០,០០០​រៀល មី​៣​កេស ទឹកក្រូច​១​កេស ត្រីខ​១​កេស​, វរសេនីយ៍ទោ យ៉ាន់ សុធា ថវិកា​១៦០,០០០​រៀល សម្រាប់​ទិញ​ធុង​ស្តុក​ទឹក​ចំនួន​២ និង​វរសេនីយ៍ត្រី ហូ សិលា ថវិកា​១៦០,០០០​រៀល សម្រាប់​ទិញ​ធុង​ស្តុក​ទឹក​ចំនួន​២​។​

សូមបញ្ជាក់ថា ក្រោយពី​បញ្ចប់​ការចុះ​សួរសុខទុក្ខ​កងកម្លាំង​នៅ​ចំណុច​នាគ​បួស របស់​វរ​សេនា​តូច​លេខ​១ លោក​មេបញ្ជាការ បាន​បន្តដំណើរ​ចុះ​ត្រួត​ពិនិត្យមើល​លេណដ្ឋាន ដែល​កំពុង​កសាង​សង​នៅ​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​១ អណ្តូង​រយ​ផងដែរ​៕