សៀមរាប ៖ ពលរដ្ឋនៅសង្កាត់ជ្រាវបានឲ្យដឹងថា មានក្រុមឈ្មួញបានឲ្យមនុស្ស មួយ ក្រុមលួចដុតព្រៃលិចទឹកនៅទំនប់៧៨ ដែលជាតំបន់៣ ក្នុងភូមិសាស្ត្រភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង សៀមរាប អស់រាប់សិបហិតា ដើម្បីវាទយកដីធ្វើជាកម្មសិទ្ធិ ចំណែកអាជ្ញាធរសង្កាត់ថា អត់ដឹង ចាំ សួរសិន។
ពលរដ្ឋបានបន្តថា ការដុតព្រៃលិចទឹកនេះគឺគេដុតតាំងពីឆ្នាំមុនមកម្លេះអស់ជិត១០ហិតា តែត្រូវបានហាមឃាត់។លុះនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្រុមឈ្មួញបានបន្តដុតទៀត អស់ ប្រមាណជាង៣០ហិតា។
ពលរដ្ឋបានបន្តថា ក្រុមឈ្មួញទាំងនោះ គេមានខ្សែរយៈត្រឹមត្រូវណាស់ គឺតាំងពីសហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ ទើបពួកគេអាចធ្វើទៅបាន។ពលរដ្ឋបានបន្តថា ក្រុមឈ្មួញបានដាក់តម្លៃដីនោះក្នុងមួយហិតាចំនួន២ម៉ឺនដុល្លារប្រសិនជាដីនោះគ្មានព្រៃ ចឹងហើយ ទើបក្រុមឈ្មួញបានប្រឹងប្រែងរកគ្រប់មធ្យោបាយដើម្បីវាទយកដីទាំងនេះ។
ព្រៃលិចទឹកដែល ពួកគេចង់ទិញយកមកធ្វើកម្មសិទ្ធិនោះ មានប្រមាណជាង១០០ហិកតា ក្នុងតំបន់៣ ដែលមានការគ្រប់គ្រងយ៉ាងតឹងតែង ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ប៉ុន្តែវាគួរ ឲ្យសោកស្តាយត្រូវក្រុមឈ្មួញចង់លេបយកទាំងអស់។ ជុំវិញករណីនេះដែរលោក ក្អោប រ៉ន ចៅ សង្កាត់ ជ្រាវ បានឲ្យដឹងនារសៀលថ្ងៃទី១៦ ខែកុម្ភៈនេះថា ករណីនេះលោកនៅមិនទាន់ដឹង នៅ ឡើយ ទេ។ លោកបន្តថា ចាំលោកសួរទៅកូនចៅសិន។ ចំណែកលោក សូរ ប្លាតុង អភិបាលក្រុង សៀមរាប មិនអាចទាក់ទងសុំការពន្យល់ ពីលោកបាននារសៀលថ្ងៃទី១៦ កុម្ភៈ នេះ ដោយហៅ ទូរស័ព្ទ ទៅលោកចូលជាច្រើនដងគ្មានអ្នកទទួល។ចំណែក លោក ព្រិន្ទ សាវិន នាយខណ្ឌរដ្ឋ បាល ជលផល ខេត្តសៀមរាប ក៏មិនអាចទាក់ទងសុំការពន្យល់បានដែរ នារសៀលថ្ងៃទី១៦ កុម្ភៈនេះ ដោយហៅទូរស័ព្ទទៅលោកនៅក្រៅតំបន់សេវា។
បញ្ហាឈូសឆាយព្រៃលិចទឹកនៅតំបន់ទំនប់៧៨ ក្នុងសង្កាត់ជ្រាវ នេះ មហាជន បានសំណូម ពរ ទៅអាជ្ញាធរថ្នាក់ជាតិនិងថ្នាក់ខេត្តមេត្តា ជួយអន្តរាគមន៍ និងចុះពិនិត្យមើលការរំលោភដីព្រៃលិច ទឹកនេះផង៕