អ្នកសម្របសម្រួល UN ថា ៥​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​ការងារ​នៅ​កម្ពុ​ជាមាន​សន្ទុះ​ខ្លាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 February, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សហ​ប្រជា​តិ​ប្រចាំ​កម្ពុជា លោកស្រី Claire Vander Vaeren បាន​កោតសរសើរ​ពី​វឌ្ឍនភាព​នៃ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ដែល​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច ឲ្យ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ពោលគឺ ក្នុងអំឡុងពេល​អាណត្តិ​ការងារ ជា​អ្នកសម្របសម្រួល​របស់​លោកស្រី​នៅ​កម្ពុជា​។​

​ការមើលឃើញ​ពី​តថភាព​បែបនេះ ត្រូវបាន​លើកឡើង ក្នុងជំនួប​ពិភាក្សា​ការងារ រវាង​លោកស្រី Claire Vander Vaeren ជាមួយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨​។​
​ឯកឧត្តម បណ្ឌិត អ៊ិត សំហេង បាន​លើកឡើងថា តាមរយៈ​បេសកកម្ម​រយៈពេល​៥​ឆ្នាំ របស់លោក​ស្រី តំណាង​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា​នេះ កិច្ចសហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​អង្គការសហប្រជាជាតិ ពិត​ជាមាន​លក្ខណៈ​ល្អប្រសើរ និង​មាន​វឌ្ឍនភាព​ខ្ពស់​។ វឌ្ឍនភាព​ជោគជ័យ​ទាំងឡាយ ដែល​កម្ពុជា​ទទួលបាន​នេះ គឺ​មិនអាច​កាត់ផ្ដាច់​ពី​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​បានឡើយ ក៏​រឹតតែ​មិនអាច​កាត់ផ្ដាច់​បាន​ពី​តួនាទី​របស់លោក​ស្រី Claire Vander Vaeren ដែលជា​អ្នកសម្របសម្រួល​តំណាង​អង្គការសហប្រជាជាតិ​ផងដែរ​។

ឯកឧត្តម មានប្រសាសន៍​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ក្ដី​សោមនស្ស​រីករាយ​ខ្លាំងណាស់ ដែល​ទទួលបាន​នូវ​គម្រោង​ល្អៗ​ជាច្រើន ក្នុង​ភាពជា​ដៃគូ​ជាមួយ​អង្គការសហប្រជាជាតិ និង​គោលនយោបាយ​ការងារ ដែល​កម្ពុជា​ទទួលបាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ជាពិសេស​គោលនយោបាយ​ជាតិ ស្តីពី​ការ អប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ និង​ភាពជា​ដៃគូ​ជាមួយ​អង្គការ ILO ដែល​បាន​រួមគ្នា​ដោះស្រាយ​បញ្ហា​ផ្សេងៗ ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​។

​លោកស្រី Claire Vander Vaeren បាន​បញ្ជាក់ថា ក្នុង​អាណត្តិ​ការងារ​រយៈពេល​៥​ឆ្នាំ​របស់​លោកស្រី បាន​មើលឃើញថា វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ពិត​ជាមាន​វឌ្ឍនភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​កត់សម្គាល់​។ អង្គការសហប្រជាជាតិ មាន​មោទនភាព​ក្នុង​ការធ្វើការងារ​ជាមួយ​កម្ពុជា នឹង​សមិទ្ធផល​ដែល​សម្រេចបាន​ជាមួយ ឯកឧត្តម​រដ្ឋមន្ត្រី ពិសេស​វិស័យ​គាំពារ​សង្គម ការលើកកម្ពស់​ប្រាក់​ឈ្នួល​អប្បបរមា ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ការទប់ស្កាត់​បញ្ហា​ដែល​កើតមាន​ពី​ការធ្វើ​ចំណាកស្រុក ការផ្ដល់អំណាច​ដល់​ស្ត្រី​ក្នុង​វិស័យ​ការងារ ហើយ​ចុង​ក្រោយនេះ ក៏បាន​ពិភាក្សា​លើ​គម្រោង​ថ្មី​មួយទៀត ស្ដីពី មុខរបរ និង​ការងារ​យុវជន ដែលមាន​ការជួយ​សម្រប​សម្រួល​ពី​អង្គការ ILO ដែលជា​អង្គការ​មួយ​ដ៏​សកម្ម ក្នុង​ការងារ​សហការ​ជាមួយ​រាជរដ្ឋាភិបាល លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

លោកស្រី​បាន​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​សម្របសម្រួល​ថ្មី របស់​អង្គការសហប្រជាជាតិ ដែល​នឹង​មកដល់​កម្ពុជា​នាពេលខាងមុខ​នេះ ដើម្បី​ប្ដេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​និង​បន្ត​វឌ្ឍនភាព​ការងារ​ទៅមុខទៀត​៕