អភិបាលខេត្ត​ព្រះវិហារ អំពាវនាវ​ដល់​ពលរ​ដ្ឋ​រួមគ្នា​ថែរក្សា​សន្តិភាព​ឲ្យ​នៅ​គង់វង្ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2018 ក+ ក-

​ព្រះវិហារ ៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​លើកឡើងថា បើ​ពុំមាន​សុខសន្តិភាព ប្រទេសជាតិ​ក៏​គ្មាន​ការអភិវឌ្ឍន៍​ដូច​បច្ចុប្បន្ន​នេះដែរ​។​

​ការ​ថ្លែង​បែបនេះ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​សម្ភោ​ធ ដាក់​ឲ្យ​ប្រើប្រាស់​រូបសំណាក​អ្នក​ព្រះ​ភិរម្យ​អ៊ូ ហៅ​ង៉ុ​យ នៅ​វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ស្ថិតក្នុង​សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ជាច្រើន​នាក់​ផងដែរ​។​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​បញ្ជាក់ថា សមិទ្ធផល​ដែល​កើតឡើង​នៅ​ចំពោះមុខ​យើង​នេះ គឺជា​ការខិតខំ​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ទាំងអស់ ហើយ​សមិទ្ធិផល​នេះ ក៏ដូចជា​សមិទ្ធិផល​ផ្សេងៗ​ទៀត គឺ​កើតឡើង​ស្រប​ពេលដែល​ប្រទេសជាតិ មាន​សុខ​ស​និ្ត​ភាព ដូច្នេះ​សុខសន្តិភាព ពិតជា​មានតម្លៃ​ណាស់ ដែល​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​ថែរក្សា​ឲ្យ​បាន​គង់វង្ស ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ជាមួយគ្នា​នោះ​ផងដែរ អភិបាលខេត្ត ក៏បាន​ជម្រុញ​ឲ្យ​សិស្សានុសិស្ស ត្រូវខិតខំ​រៀនសូត្រ​ដើម្បី​អនាគត​ខ្លួនឯង ក្រុមគ្រួសារ និង​សង្គមជាតិ និង​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ ពី​គ្រឿងញៀន​គ្រប់​ប្រភេទ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

​អភិបាលខេត្ត​បាន​គូសបញ្ជាក់​ផងដែរ​ថា ការដាក់​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់ រូបសំណាក​អ្នក​ព្រះ​ភិរម្យ​ភាសា​រអ៊ូ ហៅ​ង៉ុ​យ នៅពេលនេះ គឺជា​ការ​រំលឹក​ដឹងគុណ ដល់​អ្នកប្រាជ្ញ​ខ្មែរ​ដែលមាន​ឈ្មោះ​បោះ​សម្លេង ដែល​បាន​ចងក្រង​ជា​សៀវភៅ ជា​ក្រាំង​សម្រាប់​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​សិក្សា​រៀនសូត្រ​តាម​៕