តុលាការក្រុង​ភ្នំពេញ ចាប់ផ្តើម​ស៊ើបសួរ​ក្រុម​ចាប់ជំរិត​ឆ្លងដែន​២៩​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន​២៩​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ នេះ បញ្ជូន​មកដល់​អយ្យកា​រ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​តាមច្បាប់ ។ មន្ត្រី​តុលាការ​ថ្លែងថា ជនសង្ស័យ​ទាំងអស់​មាន​ជនជាតិ​ចិន​៤​នាក់ និង ជនជាតិ​ថៃ​២៥​នាក់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ថ្លែងថា ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​ចាប់ជំរិត​តាម​ប្រព័ន្ធ អ៊ីនធឺណិត​នៅ​ពីរ​គោលដៅ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់ទៀតថា សមត្ថកិច្ច​ក៏​កំពុង​ស្វែងរក​ចាប់ខ្លួន​មេក្លោង​ចាប់ជំរិត​ចាប់​ប្រព័ន្ធ Internet ២​នាក់​ប្តី​ប្រពន្ធ ដែលជា​ជនជាតិ​ចិនតៃវ៉ាន់​កំពុង​រត់គេចខ្លួន ដែល​មេក្លោង​ទាំង​២​នាក់ ប្តី​ប្រពន្ធ​នេះ មាន​ដីកា​ឱ្យ​ចាប់ខ្លួន​ពី​តុលាការ​ប្រទេស​ថៃ​ផងដែរ​។ មេបញ្ជាការ​អាវុធហត្ថ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​បង្ក្រាប​ទាំង​២​ករណីនេះ​រួច កម្លាំង​អាវុធហត្ថ​កំពុងធ្វើការ​ស្រាវជ្រាវ បទល្មើស​នេះ​បន្តទៀត ហើយ​ករណី​បង្ក្រាប​នេះ អាច​ចាត់ទុកថា ជា​លើក​ទី​១ ដែលមាន​ជនជាតិ​ថៃ ចូលរួម​ក្នុង​បទល្មើស​ចាប់ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ អ៊ីនធឺណិត​ដែល​កន្លងមក​ធ្លាប់​តែមាន​ជនជាតិ​ចិន ដែល​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារប្រាក់​នេះ​៕​