តុលាការ​ឃុំខ្លួន​នារី​បម្រើ​ការងារ​ផ្ទះ​ម្នាក់​ដែល​ក្តិច​ប្រដាប់ភេទ​កូនប្រុស​ឧកញ៉ា ឌួង ឆាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2018 ក+ ក-

​ភ្នំពេញ ៖ នារី​បម្រើ​ម្នាក់​ដែល​ក្តិច​ប្រដាប់ភេទ​កូនប្រុស​ឧកញ៉ា​ឌួង ឆាយ បណ្តាលឱ្យ​ហើម​ខុស​ប្រក្រតី ត្រូវបាន​លោក ជួន សុរា​សី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ។​

​នារី​រូបនេះ​ឈ្មោះ អ៊ុ សុផាន់​ណា អាយុ​២៣​ឆ្នាំ ត្រូវបាន​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ ហិង្សា​ដោយ​ចេតនា តាម​មាត្រា​២១៧​នៃ​ក្រមព្រហ្មទណ្ឌ​។​

​នាង អ៊ុ សុផាន់​ណា ត្រូវបាន​លោក​ឧកញ៉ា ឌួង ឆាយ ឃាត់ខ្លួន​នៅពេល​ថ្ងៃ​ចូលឆ្នាំ​ចិន ប្រគល់ឱ្យ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​សែន​សុខ ចាត់ការ​តាមផ្លូវ​ច្បាប់ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា​វាយដំ​ទៅលើ​កូនប្រុស​តូចៗ​របស់លោក​ពីរ​នាក់​ជាច្រើនលើក​ច្រើនសារ និង​ចុង​ក្រោយនេះ នាង​អ្នកបម្រើ​បានធ្វើ​ទារុណកម្ម​វ៉ៃ និង​ក្តិច​ប្រដាប់ភេទ​(​ពងស្វាស​) លើ​កូនប្រុស​លោក​បណ្តាលឱ្យ​ហើម​ខុស​ប្រក្រតី ។​

​នៅក្នុង​ដំណាក់កាល​សម​ត្ថ​កិច្ច​កំពុង​ចាត់ការ​លើ​សំណុំ​រឿងនេះ លោក​ឧកញ៉ា ឌួង ឆាយ ក៏បាន​បង្ហោះ​គ្លី​ប​វីដេអូ​មួយ​តាម​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Duong Chay ឌួង ឆាយ រៀបរាប់​សាច់រឿង​នេះ​យ៉ាង​លំអិត​ជាច្រើន​នាទី​ផងដែរ ដែលមាន​ខ្លឹមសារ​ខឹង​ស្ត្រី​ឈ្មោះ អ៊ុ​សុផាន់​ណា​ជា​អ្នកបម្រើ​យ៉ាងខ្លាំង ។

ប៉ុន្តែ​ជាមួយនឹង​ការខឹង​នាង​អ្នកបម្រើ លោក​ឧកញ៉ា ឌួង ឆាយ ក៏មាន​ភាព​អាណិតអាសូរ​ដល់​ឪពុកម្តាយ និង​បងប្អូន​របស់​នាង អ៊ុ សុផាន់​ណា ដែល​បាន​ទៅ​សំពះអង្វរ​ដល់ផ្ទះ សុំ​ការសណ្តោសប្រណី​ទោស​ឱ្យ​នាង ។

តែ​លោក​នៅមាន​ការឈឺចាប់​នៅពេល​ឃើញ​កូនប្រុស​លោក​ជា​ក្មេង​មិនទាន់​ដឹងអី​សោះ និង​ជា​ក្មេង​ពិការ​សុខភាព​ទៀត ហើយ​គេ​ទាំងពីរ​នាក់​បាន​យំ​ស្រែក​នៅ​ចំពោះមុខ​ឪពុកម្តាយ​យ៉ាង​ដូច្នេះ សួរថា​ឪពុកម្តាយ​មានការ​ឈឺចាប់​ប៉ុណ្ណា​។ ប៉ុន្តែ​ពេលនេះ​លោក​ទុកឱ្យ​ច្បាប់​ជា​អ្នក​វិនិច្ឆ័យ​ទៅ​ចុះ ។

នៅមាន​ពាក្យពេចន៍​ជាច្រើន​ទៀត​ដែល​លោក​ឧកញ៉ា ឌួង ឆាយ បាន​រៀបរាប់​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របសលោក ហើយ​ថែមទាំង​បានបង្ហាញ​រូប​កូនប្រុស​ម្នាក់ ដែល​អះអាងថា នាង អ៊ុ សុ​ផា​ណា វ៉ៃ​ធ្វើបាប​នោះ​មាន​បន្លឺសម្លេង​ដែរ ៕