កម្ពុជា ជប៉ុន ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ប្រមាណ ៧ លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2018 ក+ ក-

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង ០៩:០០ ព្រឹក នៅ​ទីស្ដីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា​(HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៨០០ លាន​យ៉េន (​ប្រមាណ ៧ លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​។​

​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​នេះ រដ្ឋាភិបាល​ជប៉ុន នឹង​ផ្ដល់​ហិប​ឆ្នោត ព្រមទាំង​សម្ភារៈ​ចាំ បាច់​ដទៃទៀត ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) សម្រាប់​ការបោះឆ្នោត សកល ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ។

​ជំនួយ​ជា​បន្តបន្ទាប់​របស់​ប្រទេស​ជប៉ុន​ដល់​កម្ពុជា និយាយ​ជារួម និង​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និយាយ​ដោយឡែក បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​ជប៉ុន ក្នុង​ការជួយ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការរីកចំរើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព​៕