សម្តេច​តេ​ជោ ហ៊ុន សែន ជួប​ជាមួយ​តំណាង​អង្គការសហប្រជាជាតិ ជាង​៥​ម៉ោង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2018 ក+ ក-

​ភ្នំពេញ ៖ តំណាង​អង្គការសហប្រជាជាតិ ដឹកនាំ​ដោយ​លោកស្រី ក្លែ​រ វ៉ាន់ឌី វ៉ា​រែ​ន បាន​ជួបប្រជុំ​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជាង​៥​ម៉ោង នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃ​អង្គារ​នេះ​។ ជំនួប​នោះបាន​ជជែក ពិភាក្សា​ពី​កិច្ចដំណើរការ​និង​ការចូល​រូ​ម របស់​អង្គការសហប្រជាជាតិ​ក្នុង​កិច្ចដំណើរការ​អភិវឌ្ឍ​នៅ​កម្ពុជា​។ តំណាង​អង្គការ​សហ ប្រជាជាតិ​បានប្រកាស​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​កិច្ចដំណើរការ​អភិវឌ្ឍ និង​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា​បន្តទៀត​។​

នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​ម៉ិ​ញ​លោកស្រី ក្លែ​រ វ៉ាន់ឌី វ៉ា​រែ​ន តំណាង​អង្គការ​សហ​ប្រ ជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ជូន​សម្តេចនាយក​រដ្ឋមន្ត្រី​ថា អង្គ ការ​សហប្រជាជាតិ​នឹង​នៅតែ គាំទ្រ​ចំពោះ​កម្ពុជា​ក្នុងការ​ជម្រុញ​ការអភិវឌ្ឍ​នៅ​កម្ពុជា អង្គការសហប្រជាជាតិ នឹង​បន្ត​គាំទ្រ​កម្ពុជា ជាមួយនឹង​ការពង្រឹង​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា​បន្តទៀត​។ នេះ​បើតាម ឯ​.​ឧ អ៊ាង សុផល្លែត​ជំនួយការ​ផ្ទាល់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ប្រាប់​អ្នកកាសែត​នៅក្រោយ​ជំនួប​នោះ ។ បើតាម ឯ​.​ឧ អ៊ាង សុផល្លែត នៅក្នុង​ជំនួប​នោះ​លោកស្រី ក្លែ​របា​ន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ជា​វិជ្ជមាន​ក្នុងការ​អភិវឌ្ឍ​តាម​គោលដៅ​សហស្សវត្ស ន័យ​ថា​កម្ពុជា​បានបញ្ចប់​នូវ​ការអនុវត្ត តាម​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្ត​មុនពេល​វេលា​។ លោកស្រី ក៍បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​ដែល​បានធ្វើ កន្លងមក ដែលជា​មូលដ្ឋានគ្រឹះ​ដ៍​សំខាន់​សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចិ​រ​ភាព​។ លោកស្រី​ថែមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បន្ត​ចូលរួម​ក្នុង​បេសកម្ម​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។​

​គួរ​បញ្ជាក់ថា អង្គ​សហប្រជាជាតិ បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​លើ​វិស័យ​បរិស្ថាន កសិកម្ម ក៍​ដូចជា​ក្នុង​វិស័យ​ដោះមីន​នៅ​កម្ពុជា​។ ពាក់ព័ន្ធ​នឹង​កិច្ច​គាំពារ​សង្គម​វិញ អង្គការសហប្រជាជាតិ​បាន​ចូលរួម​ក្នុង​វិស័យ​អប់រំ សុខាភិបាល ពិសេស​បញ្ហា​ជម្ងឺគ្រុនចាញ់ និង​ការលុបបំបាត់​ជម្ងឺអេដស៍​។ អង្គការសហប្រជាជាតិ​ក៍បាន​ចូលរួម​ក្នុង​ដំណើរការ​អភិបាលកិច្ច​ល្អ ដូចជា​ការពង្រឹង​លិ​ទ្ធិ​ប្រជាធិបតេយ្យ និង​ការចូលរួម​កំណែទម្រង់​ទាំងឡាយ​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា និង​ការចូលរួមចំណែក​ជន​ជាតិ​ភាគតិច​នៅតាម​រយៈ​ការ ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគាត់​។

​កិច្ច​ប្រជុំបាន​ផ្តោត​ការយកចិត្ត និង​ពិភាក្សា​យ៉ាង​ផុសផុល​លើ​ប្រធានបទ​សំខាន់​មួយចំនួន​ដូចជា ការរៀបចំ​គោលដៅ​អភិវឌ្ឍ​ដោយ​ចិ​រ​ភាព ដែល​ក្នុងនោះ ឯ​.​ឧ ឆាយ ថន រដ្ឋមន្ត្រី​ផែនការ​បាន​ជម្រាបជូន​អង្គប្រជុំ ថា​ឯកសារ​នេះ​បាន​ឆ្លងកាត់​កិច្ចប្រជុំ​បួន​ដង​រួចមកហើយ ឯកសារ​នឹងដាក់​ឆ្លងទៅ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើការ​អនុម័ត​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០១៨​នេះ​។ ជំនួប​ពី​ព្រឹក​ម៉ិ​ញក៍​ពិភាក្សា​ទៅលើ​បញ្ហា​យុវជន ដូចជា​ការបណ្តុះបណ្តាល និង​ការងារ និង​ការ​គាំពារ​សង្គម​ផងដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ អង្គការសហប្រជាជាតិ​ស្របតាម​របាយការណ៍​វ​ឌ្ឍ​ភាព​របស់លោក​ស្រី​ដែល​បាន រាយការណ៍​ជូន​សម្តេច​ពាក់ព័ន្ធ​ទៅនឹង​លទ្ធផល​ការងារ​ដែល​បាន​អនុវត្តន៍​ក្នុង​ឆ្នាំ ២០១៧​កន្លងទៅ​៕