សម្តេច ស ខេង ដាស់តឿន​ក្រសួង យុត្តិធម៌​ព​ន្លឿ​ន​ការកាត់ក្តី កុំ​ឲ្យ​រង​ការ​ចោទថា រំលោភសិទ្ធិ​មនុស្ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឲ្យ​ក្រសួងយុត្តិធម៌​ព​ន្លឿ​ន​ការកាត់ក្តី​ឲ្យ​ឆាប់​ដល់​អ្នក​ជាប់ឃុំ​ដែល​មិនទាន់​កាត់ក្តី ដើម្បី​កុំ​ឲ្យ​មានការ​ចោទប្រកាន់ថា រំលោភសិទ្ធិ​មនុស្ស​។​ការលើកឡើង​បែបនេះ បានធ្វើ​ឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ កាលពី​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

ក្នុង​ឪ​កាស​នោះដែរ សម្តេច ស ខេង បាន​ថ្លៃ​ង​សង្កត់ធ្ងន់​ដោយ​ជំរុញ​ឲ្យ​មន្ត្រី​ពន្ធនាគារ យកចិត្តទុកដាក់​ចំពោះ​បញ្ហា​អនាម័យ និង​កន្លែង​ស្នាក់នៅ​របស់​អ្នក​ជាប់ឃុំ​។

ជាមួយគ្នានេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ឯកភាព​តាម​ការស្នើសុំ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ក្នុងការ​បន្ថែម​ប្រាក់​របប​ប្រចាំថ្ងៃ​ដល់​អ្នក​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ជិត ៣​ម៉ឺន​នាក់ ដោយ​សម្ត​ច បាន​ណែនាំ​ឲ្យ​ស្នើសុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​សម្តេច ស ខេង បាន​បញ្ជាក់ថា ប្រាក់​របប​ប្រចាំថ្ងៃ​របស់​អ្នក​ជាប់ឃុំ គឺ​ក្នុង​មួយថ្ងៃ​បាន ២.៨០០​រៀល ក្នុង​ម្នាក់ៗ​។ ការផ្តល់ប្រាក់​បន្ថែម​នេះ គឺ​មិន​ឲ្យ​ស្នើសុំ​សម្រាប់​ប៉ូលិស​ដែល​ប្រចាំ​តាម​មណ្ឌល​កែប្រែ​នោះទេ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ គីម​សេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ មាន​ជន​ជាប់ឃុំ​ចំនួន​២,៨៤​ម៉ឺន​នាក់ ក្នុងនោះ​ជនបរទេស​មាន​ចំនួន​ជាង ១,១​ពាន់​នាក់ (​ស្រី ២៧១​នាក់​) អនីតិជន​ចំនួន​ជាង ១,៥​ពាន់​នាក់ (​ស្រី​៩៨​នាក់​) ស្ដ្រី​មាន​ផ្ទៃពោះ ចំនួន​៣២​នាក់ និង​កូនតូចៗ​តាម​ម្ដាយ​ចំនួន​១៤៧​នាក់ ក្នុងនោះ​មាន​ស្រី​៧២​នាក់​៕