​នាយករដ្ឋមន្ត្រី​កម្ពុជា​បន្ត​ជួប​កម្មករ កម្មការិនី​ជាង​១​ម៉ឺន​នាក់ នៅ​ខណ្ឌ​សែន​សុខ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2018 ក+ ក-

\​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ កម្មករនិយោជិត​ជាង ១​ម៉ឺន​៥​ពាន់​១៩៧​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​១៥ ក្នុង​ខណ្ឌ​សែន​សុខ​ចំនួន​១០ ខណ្ឌមានជ័យ​ចំនួន​៣ និង​ខណ្ឌ​ពោ​ធ៌​សែន​ជ័យ​ចំនួន​២ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ។​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​កម្មករ និយោជិត ១​ម៉ឺន ៥​ពាន់ ១៩៧​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១៥ ក្នុង​ខណ្ឌ​សែន​សុខ​ចំនួន​១០ ខណ្ឌមានជ័យ​ចំនួន​៣ និង​ខណ្ឌ​ពោ​ធ៌​សែន​ជ័យ​ចំនួន​២ នៅក្នុង​រាជធានី​ភ្នំពេញ ។​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះ បណ្ដាល វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃអាទិត្យ ទី​២០ ខែសីហា រហូតដល់​ថ្ងៃទី​២១ កុម្ភៈ ឆ្នាំ​២០១៨ សម្ដេច​តេ​ជោ បាន​ជួប​ជាមួយ​កម្មករ និយោជិត​បាន​ចំនួន ៣០​លើក ដែលមាន​ចំនួន​សរុប ៣៤​ម៉ឺន ៤៥០០​នាក់ ក្នុងនោះ​ជួប​ជាមួយ​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម ជំនួយការ​នៃ​បណ្ដា​រោងចក្រ​នានា ចំនួន ៩​លើក ស្មើរ​នឹង ៤​ម៉ឺន​៧៧១ នាក់ មកពី​រោងចក្រ​ចំនួន ៦៦៣ និង​បាន​ជួប​កម្មករនិយោជិត​ចំនួន ២០​លើក ស្មើនឹង ៣៤៤​រោងចក្រ ដែលមាន​កម្មករនិយោជិត ចំនួន ២៩​ម៉ឺន ៩​ពាន់ ៤៤​នាក់ និង​បាន​អ​ញ្ជ​ញ​ជួប​បងប្អូន​កម្មករ និយោជិត​ផ្ទាល់​តាម​រោងចក្រ​ចំនួន​១០ មាន​កម្មករនិយោជិត​ចំនួន ២​ម៉ឺន ១​ពាន់ ៦៥១​នាក់ ។​

លោករដ្ឋមន្ត្រី បញ្ជាក់ថា រោងចក្រ សហគ្រាស ទាំង​១៥ ដែល​ជួបជុំ​នាឱកាស​នេះ មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​៧, កូរ៉េ​ចំនួន​២, ខ្មែរ​ចំនួន​២, ថៃ​ចំនួន​១ និង​ម៉ា​លេ​ស៊ី​ចំនួន​៣ ។ ក្នុងនោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​១២ , បោះពុម្ព​លើ​សំលៀកបំពាក់​ចំនួន​២ និង​ផលិត​ស្បែកជើង​ចំនួន​១ ។ ផលិតផល​ដែល​ផលិត ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស ៕