មន្ទីរ​ឧស្សាហកម្ម​ខេត្ត​ដាក់​ជញ្ជីង​យុត្តិធម៌​មួយគ្រឿង​ក្នុង​ផ្សារ​សម្រាប់​វាស់ទម្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2018

​កំពង់ឆ្នាំង ៖ ជញ្ជីង​ត្រឹមត្រូវ​តាម​ស្តង់ដា ឬ​ហៅថាៈ ជញ្ជីង​យុត្តិធម៌ ១​គ្រឿង ត្រូវបាន​មន្ទីរ ឧ​ស្សហកម្ម សិប្បកម្ម ប្រគល់ជូន​ប្រធាន​ផ្សារលើ​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព អភិបាលរង​ខេត្ត សម្រាប់ ជា​ប្រយោជន៍ ដល់​ប្រជាពលរដ្ឋ ទិញ​ទំនិញ​ដោយ​ការ​ថ្លឹង ដែល​សង្ស័យថាៈ មិន​គ្រប់​ទម្ងន់​អាច​យកមក​ថ្លឹង​សាកល្បង បាន​។ នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​ខេត្តកំពង់ឆ្នាំង ដែល​រៀបចំ​ដាក់​ជញ្ជីង យុត្តិធម៌ សម្រាប់​ប្រជាពលរដ្ឋ ទិញ​ទំនិញ អោយមាន​សុ​ក្រិត​ភាព នៃ​ទម្ងន់ ដែល​បានរៀបចំ​ដាក់​ខាងមុខ​ផ្សា​លើ ខេត្តកំពង់ឆ្នាំង​។

លោក ទិ​ត្យ វង្ស​វិសាល អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម សិប្បកម្ម ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថាៈ យោងតាម​ការណែនាំ ក៍​ដូចជា​ការផ្តល់​នូវ​ជញ្ជីង​យុត្តិធម៌ របស់​ក្រសួង ថ្ងៃនេះ ការិយាល័យ​ស្តង់ដា មាត្រា​សាស្ត្រ នៃ​មន្ទីរ​ឧ​ស្សហកម្ម សិប្បកម្ម បាន​នាំយក​នូវ​ជញ្ជីង​ស្តង់ដា មួយគ្រឿង មក​ប្រគល់ជូន​ប្រធាន​ផ្សា​លើ ខេត្តកំពង់ឆ្នាំង គឺ​ក្នុង​គោលបំណង ទុក​សម្រាប់​ប្រជា​ពល​ដែល​ទិញ​ទំនិញ ដោយ​ការ​ថ្លឹង មាន បន្លែ ត្រី និង​សាច់​ជាដើម ដែល​សង្ស័យថាៈ មិន​គ្រប់​ទម្ងន់ អាច​យកមក​សាកល្បង ជញ្ជីង​យុត្តិធម៌ ដែល​ដាក់​ប្រចាំការ នៅខាងមុខ​ផ្សារលើ​នេះ​បាន ។​លោក​បាន​បញ្ជាក់ថាៈ ជញ្ជីង​យុត្តិធម៌​នេះ អាច​ថ្លឹង​ទម្ងន់​ត្រឹម ៣០​គីឡូក្រាម ចុះក្រោម ដែលមាន​មាត្រា​សាស្ត្រ​ត្រឹមត្រូវ និង​កូនជញ្ជីង​សម្រាប់​វាស់​ទម្ងន់​ចាប់ពី​កូន​១​ក្រាម រហូតដល់​កូន​ទម្ងន់​១០​គីឡូក្រាម ។​

ក្នុងឱកាស​នោះដែរ លោក ហ៊ី ណាត អភិបាលរង​ខេត្តកំពង់ឆ្នាំង ក៍បាន​ណែនាំ ដល់​មន្ត្រី​នៃ​មន្ទីរ ឧស្សាហកម្ម សិប្បកម្ម ត្រូវ ចុះទៅ​ផ្សព្វផ្សាយ​ដល់​អាជីវ​ករលក់ ដូរ​ទាំងអស់ សូម​យក​ជញ្ជីង​របស់ខ្លួន មក​សាកល្បង ដើម្បី​យកតាម​ស្តង់ដា ត្រឹមត្រូវ ជាសវាង​ការខាតបង់ ព្រោះ​ពេលខ្លះ​ជញ្ជីង​របស់​បងប្អូន​អាជីវករ អាច​ធ្ងន់​ជាង​ស្តង់ដា តែបើ​ជញ្ជីង​មិន​ត្រឹមត្រូវ​អាច​ស្រាល​ជាង​ស្តង់ដា ដែលនាំអោយ​ខាតបង់​អ្នកទិញ សូម​ប្រញាប់​កែតម្រូវ​ជាបន្ទាន់ ជាសវាង​ជម្លោះ​ជាមួយ​អ្នកទិញ និង​ម្យ៉ាងវិញទៀត ការលក់ដូរ​ដោយ​កេ​ញ​បន្លំ ទម្ងន់ អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ទៀតផង ។ ជាមួយគ្នានេះ សា​ម៉ី​មន្ទីរ​ត្រូវធ្វើ​សេចក្តីជូនដំណឹង ដល់​ប្រជាពលរដ្ឋ ដែល​តែងតែ​ទិញ​ទំនិញ​ជា​រៀងរាល់ថ្ងៃ អោយ​ពួកគាត់​បានដឹងថាៈ យើង​បានដាក់​ជញ្ជីង​យុត្តិធម៌ មួយគ្រឿង​សម្រាប់ ថ្លឹង​សាកល្បង បើ​សង្ស័យថាៈ ទំនិញ​ដែល​គាត់​បាន​ទិញ​មាន​ទម្ងន់​មិន​គ្រប់ ។

សូម​រំ​ឮ​ក​ដែរ​ថាៈ នេះ​ជា​លើក​ទី​១​សម្រាប់​ខេត្តកំពង់ឆ្នាំង ដែល​បានរៀបចំ​ដាក់​ជញ្ជីង​យុត្តិធម៌ នៅមុខ ផ្សារលើ​នេះ ដើម្បីអោយ​មាន​ភាពយុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ ព្រោះ​កន្លងមក​មាន​លេចឮ​ពាក្យ​ច​ចាម​អារាម​ថាៈ អ្នកទិញ ត្រី សាច់ ១​គីឡូក្រាម​បានតែ ៧-៨​ខាំ ជាដើម ៕