ជប៉ុន​ផ្តល់​ថវិកា​ជាង​១​លាន​ដុល្លារ​សម្រាប់​ការ​បោសសម្អាត​មីននិង​គាំពារ​មាតា​ទារក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2018

​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា បាន​ឯកភាព​ផ្តល់​ថវិកា ចំនួន ១.១៣១,៥៤៧ ដុល្លារ​អាមេរិក ដល់​អង្គភាព​ចំនួន​២ នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​គម្រោង​ជំនួយ ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​។​

​កិច្ចសន្យា​ផ្តល់ជំនួយ​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ ឯកឧត្តម ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា និង​អ្នកតំណាង​មកពី អង្គភាព​ទទួល​ជំនួយ​ទាំងពីរ ។​

ឯកឧត្តម ហូ​រី​ណូ អ៊ុ​ជិ​ហ៊ី ដេ​ហ៊ី​សា បាន​មាន​ប្រសា​ន៍ ក្នុង​ពិធី​ចុះហត្ថលេខា​នោះ​ថា សម្រាប់ គម្រោង ផ្ទេរ​បច្ចេកទេស​មេកានិច គ្រប់​ជ្រុងជ្រោយ បោសសំអាត​មីន ក្នុង​ខេត្តកំពង់ធំ ដែលមាន ថវិកា ចំនួន ៦៧៦, ០១៩ ដុល្លារ​អាមេរិក ដល់​អង្គការ​សកម្មភាព កម្ចាត់មីន​ជប៉ុន (JMAS)​។ គម្រោង​នេះ អង្គការ​នឹង​អភិវឌ្ឍន៍​លើ​បច្ចេកទេស​មេការ​និ​ច ក្នុងការ​បោសសម្អាត​មីន ដោយ​ប្រើ ម៉ាស៊ីន​ដោះមីន និង​ម៉ាស៊ីន​ដោះ​គ្រាប់បែក​ចង្កោម នៅក្នុង​តំបន់​ដែល​សម្បូរ​ទៅដោយ​គ្រាប់មីន និង គ្រាប់បែក​ចង្កោម​នៅ​លាយ​ជាមួយគ្នា​។​

​ជាមួយគ្នា​នោះ អង្គការ​នេះ​នឹង​ផ្ទេរ​វិធីសាស្ត្រ​បោសសម្អាត ដែលមាន​ប្រសិទ្ធភាព និង​សុវត្ថិ ភាព​ទៅ​មជ្ឈមណ្ឌល សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ដើម្បី​ពង្រឹងសមត្ថភាព និង​ព​ន្លឿ​ន​កិច្ច ខិតខំ​ប្រឹងប្រែង​របស់​CMAC ដើម្បី​ធ្វើឱ្យ​ប្រទេស​មាន​សុវត្ថិភាព​។​

ឯកឧត្តម ឯកអគ្គរាជទូត​បន្ត​ថា ជប៉ុន​បានសម្រេច​ផ្តល់​ថវិកា​ចំនួន​៤៥៥.៥២៨​ដុល្លារ​អាមេរិក សម្រាប់​លើកកម្ពស់​សុខភាព មាតា និង​ទារក នៅក្នុង​ខេត្តតាកែវ ដល់​អង្គការ World Vision Japan តាមរយៈ​គម្រោង​នេះ នឹង​ផ្តល់​ការបណ្តុះបណ្តាល​ដល់​បុគ្គលិក និង​អ្នកស្ម័គ្រចិត្ត សុខាភិបាល និង​ផ្តល់​ការអប់រំ​សុខភាព​ដល់​មាតា នៅក្នុង​ស្រុក​ប្រតិ​ប​ត្ត​គិរីវង់ និង​ស្រុក​ប្រតិបត្តិ កោះអណ្តែត ដើម្បី​លើកកម្ពស់​គុណភាព និង​ការទទួលបាន​សេវា​ទទួល សុខភាព ឱ្យ​កាន់តែ ល្អ ប្រសើរ និង​កាត់បន្ថយ​អត្រា​កុមារ ដែល​ខ្វះ​អាហារូបត្ថម្ភ និង​ជំងឺ​នានា ដែល​ឆ្លង តាម​ទឹក​មិន ស្អាត ។​គម្រោង​នេះដែរ នឹង​រួមបញ្ចូល នូវ​ការសាងសង់​ប្រព័ន្ធ​ទឹកស្អាត និង​បរិក្ខា​អនាម័យ នៅ​មណ្ឌល សុខភាព ស្រុក​ប្រតិបត្តិ​ចំនួន​២ ដើម្បី​កែលំអរ​បរិស្ថាន សុខាភិបាល​។ គម្រោង​ទាំង​២​នេះ គឺជា គម្រោង​លើក​ទី​៧​និង​លើក​ទី​៨ ដែល​បាន​ផ្តល់ជំនួយ​តាមរយៈ​គ្រោងការណ៍​នៃ​ជំនួយ​នៅ​កម្ពុជា សម្រាប់​ឆ្នាំសារពើពន្ធ ឆ្នាំ​២០១៧​របស់​ជប៉ុន​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០២​មក រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា​ជាង​៣១​លាន ដុល្លារ​អាមេរិក ដល់​គម្រោង​ចំនួន​១០៧ ដែល​ផ្តោត​សំខាន់​លើ​វិស័យ​អប់រំ នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​បោសសម្អាត​មីន​៕