តំណែង​ព្រឹទ្ធសភា នីតិកាល​ទី​៤ នៅ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មាន​៨​អាសនៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2018 ក+ ក-

កំពង់​ចាប ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​អ្នកតំណាងរាស្ត្រ មណ្ឌល កំពង់ចាម នា​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើស តាំង​សមាជិក ព្រឹទ្ធសភា នីតិកាល​ទី​៤ នៅ​ការិយាល័យ​បោះឆ្នោត​ខេត្តកំពង់ចាម​។ សូម​ជម្រាបជូន​ថា ខេត្ត កំពង់ ចាម រួម​និង​ខេត្ត​ត្បូងឃ្មុំ គឺ​ស្ថិតក្នុង​ភូមិភាគ​២ នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។

ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤​នេះ មាន​គណបក្សនយោបាយ ចំនួន ៤ ចូលរួម​ប្រកួតប្រជែង​រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា​, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ មាន​សមាជិក សរុប​ចំនួន ៦២​រូប ដែល​ចំនួន​នេះ​ស្មើនឹង​ពាក់កណ្តាល​នៃ​ចំនួន​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦ ដែលមាន​សមាជិក​សរុប​ចំនួន ១២៥​រូប ក្នុងនោះ​សមាជិក​ព្រឹទ្ធសភា ២​រូប ត្រូវ​ចាត់តាំង ដោយ​ព្រះ មហាក្សត្រ និង​២​រូប​ទៀត ជ្រើសតាំង​ដោយ​រដ្ឋសភា​តាម​មតិ​ភាគច្រើន ហើយ​ក្រៅ ពីនេះ ត្រូវ​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​អសកល មិន​ចំពោះ​តាម​វិធី​បោះឆ្នោត​ជាសម្ងាត់​។​

ចំពោះ​អាសនៈ​ព្រឹទ្ធសភា​ដែល​ត្រូវ​បោះឆ្នោត ត្រូវបាន​បែងចែក​តាម​ភូមិភាគ​ដូច​ខាង​
​ក្រោម​៖ ភូមិភាគ​១ រាជធានី​ភ្នំពេញ​មាន ៦​អាសនៈ , ភូមិភាគ​២ ខេត្តកំពង់ចាម និង ខេត្ត​ត្បូងឃ្មុំ​មាន ៨​អាសនៈ , ភូមិភាគ​៣ ខេត្តកណ្តាល​មាន ៥​អាសនៈ , ភូមិភាគ​៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន​មាន ១០​អាសនៈ ភូមិភាគ​៥ ខេត្តតាកែវ កំពត និង​ខេត្ត​កែប​មាន ៧​អាសនៈ , ភូមិភាគ​៦ ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​មាន ៧​អាសនៈ , ភូមិភាគ​៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង​ខេត្ត​ព្រះសីហនុ​មាន ៩​អាសនៈ , ភូមិភាគ​៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគីរី និង​ខេត្ត​មណ្ឌល​គី​រី​មាន ៦​អាសនៈ​។​

សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤​នេះ មាន​អ្នក​បោះ ឆ្នោត​ចំនួន​១​ម៉ឺន ១​ពាន់ ៦៩៥​នាក់ ក្នុងនោះ​មាន​អ្នកតំណាងរាស្ត្រ​ចំនួន ១២៣​រូប និង​សមាជិក ក្រុមប្រឹក្សាឃុំ​/​សង្កាត់​ចំនួន ១​ម៉ឺន ១​ពាន់ ៥៧២​នាក់​។ ដោយឡែក​សម្រាប់​មណ្ឌល​ភូមិភាគ​២ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មាន​អ្នកបោះឆ្នោត​សរុប​ចំនួន ១​ពាន់ ៣៧១​នាក់ ក្នុងនោះ មាន​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ១៨​រូប តំណាងរាស្ត្រ​មណ្ឌល​ត្បូងឃ្មុំ សូន្យ រូប​(​គ្មាន​) និង​សមាជិក​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​ចំនួន ១​ពាន់ ៣៥៣​នាក់​។​

អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ឯកឧត្តម នុត សុខុម ក្នុងឱកាស អញ្ជើញ​ពិនិត្យ​ដំណើរការ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​ខេត្តកំពង់ចាម គឺ​ស្ថិតនៅ​វិទ្យា ល័យ​ព្រះសីហនុ ក្នុង​ក្រុង​កំពង់ចាម​បាន​គូសបញ្ជាក់ថា ជារួម​សម្រាប់​ការបោះឆ្នោត​ជ្រើស តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤​នេះ គឺ​ចាប់តាំងពី​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត របស់​បណ្តា​គណបក្សនយោបាយ រហូតដល់​ថ្ងៃ​បោះឆ្នោត​នេះ​អ្វីៗ​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន ជាពិសេស​សម្រាប់​យុទ្ធនា​ការឃោសនា​កន្លង​ទៅនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​
​ឆ្នោត​ពុំ​ទទួលបាន​ពាក្យ​បណ្តឹងតវ៉ា​ពី​គណបក្សនយោបាយ ឬ​ពី​ភាគី​ណាមួយ​ពី​ភាពមិនប្រក្រតី ឬ​ពី​បញ្ហា​អ្វីមួយ​ឡើយ​។​

សូម​ជម្រាបជូន​ថា កម្ពុ​ជាមាន ២៥​រាជធានី​/​ខេត្ត មាន​ឃុំ​/​សង្កាត់​សរុប​ចំនួន ១៦៤៦ ឃុំ​/​សង្កាត់ និង​មាន​ការិយាល័យ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ចំនួន ៣៣​ការិយាល័យ ក្នុងនោះ​សម្រាប់​មណ្ឌល​ភូមិភាគ​២ មាន​ចំនួន ៣​ការិយាល័យ ដោយ​ខេត្ត កំពង់ចាម​មាន ២​ការិយាល័យ និង​ខេត្ត​ត្បូងឃ្មុំ​មាន ១​ការិយាល័យ​៕​