ផ្ទុះ​សង្គ្រាម​ស្នេហា​ត្រីកោណ​កក្រើក​ពេញ​គ្លីនិក​«​នគររាជ​» ក្រុង​ប៉ោយប៉ែត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2018 ក+ ក-

​ប៉ោយប៉ែត ៖ រឿងរ៉ាវ​ស្នេហា​ត្រីកោណ​បាន​បែកធ្លាយ​ជា​បន្តបន្ទាប់ ក្រោយពី​កើត​ជម្លោះ​រវាង​ស្ត្រី​ម្នាក់​ជា​ប្រពន្ធដើម និង​ស្ត្រី​ម្នាក់ទៀត ដែល​អះអាងថា​ជា​ប្រពន្ធ​ដែរនោះ បាន​កើតឡើង​នៅក្នុង​គ្លីនិក​«​នគររាជ​» ធ្វើ​ឲ្យ​អ្នកជំងឺ​ដែល​សម្រាក​ក្នុង​គ្លីនិក​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។ ហេតុការណ៍​នេះ បានកើត​ឡើង​កាល​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ ឋិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បន្ទាយមានជ័យ គ្រា​ដែល​ស្ត្រី​នាង​ជា​ប្រពន្ធដើម តាម​ទាន់​ប្ដី​របស់ខ្លួន​នាំ​ស្រី​កំណាន់ចិត្ត​មក​ព្យាបាល​ជំងឺខ្សោយបេះដូង​។​

សេចក្ដីរាយការណ៍​ពី​គ្លីនិក​បាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ គេ​ឃើញ​មាន​បុរស​ម្នា​ក់បាន​ចូលទៅ​គ្លីនិក​ដោយ​ឲ្យ​គ្រូពេទ្យ​នៅ​ទីនោះ​ជួយ​ព្យាបាល​ជំងឺ​ជូន​ស្ត្រី​ម្នាក់ ដោយសារ​ស្ត្រី​ម្នាក់​នោះ​មាន​សភាព​ល្ហិតល្ហៃ​អស់កម្លាំង​ខ្លាំង​បន្ទាប់ពី​ក្រុមគ្រូពេទ្យ​បាន​វះកាត់​យក​កូនក្រៅស្បូន​ចេញ​កាលពី​ជិត​ម្ភៃ​ថ្ងៃ​កន្លងទៅ​។​ប្រភព​ដដែល​បន្តថា ប្រហែលជា​មួយសន្ទុះ​ក្រោយមក ស្រាប់​តែមាន​ស្ត្រី​ម្នាក់​ផ្សេងទៀត​បាន​ចូលមក​ដល់ ហើយ​អះអាងថា នាង​ជា​ប្រពន្ធ​របស់​បុរស​ខាងលើ​នោះដែរ និ​ជា​ប្រពន្ធដើម​ទៀតផង ក្នុង​គ្រា​ដែល​បុរស​ខាងលើ​កំពុង​អង្គុយ​និយាយ​ជាមួយ​នាង​ដែល​ក្រុមគ្រូពេទ្យ​បានដាក់​សេរ៉ូម​។ ការជជែក​ដេញដោល​គ្នា​កាន់តែ​លាន់ឮ​ឡើង ធ្វើ​ឲ្យ​ជម្លោះ​ក៏​ផ្ទុះឡើង​តែម្តង និង​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​បុគ្គលិក​ពេទ្យ ព្រមទាំង​អ្នកជំងឺ និង​អ្នកធ្វើដំណើរ​នាំគ្នា​ឈរ​មើល និង​ស្ត្រី​ទាំង​២​នាក់​ប្រតាយប្រតប់​គ្នា​កើតជា​អំពើហិង្សា តែ​មិន​ធ្ងន់ធ្ងរ​ទេ​។ ខណៈនោះ​បុរស​ជា​ប្ដី ក៏ដូចជា​ក្រុមគ្រូពេទ្យ​ឃាត់​រារាំង ហើយ​បុរស​ជា​ប្ដី​បាន​ចាប់​អូស​ដៃ​នាង​ជា​ប្រពន្ធដើម​ចេញទៅ​បាត់ ទុក​ឲ្យ​នាង​ជា​ស្រី​កំណាន់ចិត្ត​នៅ​បន្ត​សម្រាក​ក្នុង​គ្លីនិក​ខាងលើ​តែម្នាក់ឯង ។​

តាម​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា បុរស​ជា​ប្ដី​ដែលមាន​ស្រី​កំណាន់ ហើយ​ប្រពន្ធ​តាម​ទាន់​នោះ ឈ្មោះ ម៉ួ​ន សេ​ហួង អាយុ​ប្រ​ហែ​ជាង​៣០​ឆ្នាំ ជា​មន្ត្រីនគរបាល​អន្តោ​ប្រវេ​ស្តន៍ ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។​

ប្រភព​បន្តថា ក្រោយពី​បុរស​ខាងលើ​ដឹក​ប្រពន្ធ​ទៅ​បាត់​មួយសន្ទុះ ស្រាប់តែ​នាង​ជា​ប្រពន្ធដើម​បាន​ជិះ​រថយន្ត​មកជា​មួយ​ឪពុក និង​ម្តាយ​ទៅកាន់​គ្លីនិក​ខាងលើ​ម្តងទៀត មិនដឹងថា មានបំណង​បង្កជម្លោះ​ជាថ្មី​ឬ​ធ្វើ​អ្វី​នោះទេ តែ​ត្រូវបាន​នាង​ជា​ស្រី​កំណាន់​របស់​ប្ដី​រួប​នោះ បាន​ចេញពី​គ្លីនិក​ទៅ​បាត់​តាំងពី​ភាគី​ម្ដាយ​ឪពុក និង​កូន​(​ប្រពន្ធដើម​)​មកដល់​ម្ល៉េះ ធ្វើ​ឲ្យ​ភាគី​ខាង​ប្រពន្ធដើម​កើតការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ហើយ​បាន​ផ្ទុះ​ជម្លោះ​ជះ​កំហឹង​ទៅលើ​ប្រធាន និង​បុគ្គលិក​គ្លីនិក​ទៅវិញ ដោយ​ចោទថា បាន​លាក់ទុក​ស្រី​ជា​ប្រពន្ធចុង​របស់​ប្តី​ខ្លួន​នៅក្នុង​បន្ទប់ មិនតែប៉ុណ្ណោះ​នៅបាន​ដើរចូល​លុកលុយ​គ្លីនិក រករឿង​គ្រូពេទ្យ​ដោយ​ទាមទារ​ឆែក​បន្ទប់​គ្រូពេទ្យ ដើម្បី​រក​ស្ត្រី​គូ​ជម្លោះ​ដែល​គ្រូពេទ្យ​បណ្តោង​សឺ​រ៉ូម​នោះ​។​ការទាមទារ​នេះ បានធ្វើ​ឲ្យ​ម្ចាស់​គ្លី​ន​និក មួរ​ម៉ៅ​យ៉ាងខ្លាំង​ដោយ​លើកឡើងថា បង្ក​ការអុកឡុក​ក្នុង​គ្លីនិក ខ្វះ​សីលធម៌ អាង​ខ្លួន​ជា​មន្ត្រី​មួយរូប​ប្រើពាក្យ​សម្តី​មិន​ថ្លៃថ្នូរ​ធ្វើ​ឲ្យ​ម្ចាស់​គ្លីនិក​ទទួលយក​មិនបាន​។

​ភ្លាមៗ​នោះ គេ​ឃើញ​ខាង​គ្លីនិក លើក​ទូរស័ព្ទ​ទាក់ទង​ហៅ​កម្លាំង​សមត្ថកិច្ច​មក​កន្លែងកើតហេតុ​ដើម្បី​ជួយ​អន្តរាគមន៍ ទើប​គ្រួសារ​មួយ​នេះ ព្រម​ចាកចេញ​ទៅវិញ​ដោយ​មិន​អស់ចិត្ត គ្រា​ដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​មកដល់ ។​

​បុរស​ម្នាក់​ជា​ឪពុក​ក្នុង​គ្រួសារ​ខាងលើ​នោះ ត្រូវបាន​គេ​ស្គាល់​ថា មានឈ្មោះ នួន ចាន់​សុភ​ក្ត្រ ជា​នាយរង​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ជា​ឪពុកក្មេក​បុរស​ម្នាក់ ឈ្មោះ ហួង ដែល​ប្រពន្ធ​តាម​ទៅរ​ករឿងក្នុង​គ្លីនិក​ខាងលើនេះ ។

​ជុំវិញ​ជម្លោះ​ក្នុងករណី​ស្នេហ៍​ត្រីកោណ បង្ក​ជា​ជម្លោះ​នៅក្នុង​មន្ទីរពេទ្យ​«​នគររាជ​»​ខាងលើ​នោះ អ្នកសារព័ត៌មាន នៅ​មិនទាន់​អាច​សុំ​ការបកស្រាយ​ពីសា​មី​ភាគី​ទាំង​ពីរបាន​នៅឡើយ​ទេ ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ៕