ពលរដ្ឋ​នៅ​ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ តវ៉ា​ជំទាស់​ការហ៊ុំព័ទ្ធ​យក​ដី​ដោយ​ក្រុមហ៊ុន ផាន​អ៊ី​មិច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 February, 2018 ក+ ក-

​ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​នៅ​ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ នៅ​បន្ត​តវ៉ា និង ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ ខណៈដែល​ក្រុមហ៊ុន ផាន​អ៊ី​មិច នៅតែ​បន្ត​ដាក់​គ្រឿងចក្រ​ជីក​លើក​ទំនប់​ហ៊ុំព័ទ្ធ​រំលោភ​យក​ដី​ពួកគាត់​

​ការតវ៉ា និង​ស្នើសុំ​នេះ បន្ទាប់ពី​ពួកគាត់​បានឃើញ​ក្រុមហ៊ុន​ដាក់​គ្រឿងចក្រ​ជីក​លើក​ទំនប់​ហ៊ុំព័ទ្ធ​ពួកគាត់ ។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ដី​របស់គាត់​មិនបាន​លក់​ឲ្យ​ក្រុមហ៊ុន​ទេ តែ​ក្រុមហ៊ុន​បានដាក់​គ្រឿងចក្រ​ជីក​លើក​ទំនប់​ហ៊ុំព័ទ្ធ​រំលោភ​យក​ដី​គាត់​តែម្តង ។

​ប្រជាពលរដ្ឋ​ខ្លះទៀត ក៏បាន​លើក​ដែរ​ថា ពួកគាត់​បាន​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ពិតមែន តែ​មិនទាន់​ទទួលបាន​លុយ​គ្រប់​នៅឡើយ​ទេ គ្រាន់តែ​ទទួលបាន​លុយ​កក់​បន្តិចបន្តួច​ប៉ុណ្ណោះ ស្រាប់តែ​ក្រុមហ៊ុន​ដាក់​គ្រឿងចក្រ​ជីក​ទំនប់​ហ៊ុំព័ទ្ធ​រំលោភ​យកតែ​ម្តង ។ ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា ការលើក​ទំនប់ ក្រុមហ៊ុន​បាន​លើក​ខ្ពស់​ភ្ជិត​ផ្លូវ ធ្វើ​ឲ្យ​ពួកគាត់​មិនអាច​ធ្វើដំណើរ​ឆ្លងកាត់​ដឹក​កសិផល​ដូចជា​ស្រូវ ពោត សណ្តែក ជាដើម ។​

គួររំលឹកថា ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ នេះ ជា​ទំនាស់​ដ៏​រ៉ាំរ៉ៃ​មួយ​បានកើត​ឡើងជា​ច្រើន​ឆ្នាំ​មកហើយ​រហូតមកដល់​ពេលនេះ​នៅតែ​មិនទាន់​ទទួលបាន​ដំណោះស្រាយ​នៅឡើយ ។

​បញ្ហា​នេះ​ត្រូវបានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​អស់ជំនឿ​លើ​អាជ្ញាធរ ខណៈដែល​ការបោះឆ្នោត​អាណត្តិ​សភា​បាន​ខិតជិត​មកដល​៕