តុលាការ​កំពូល​បើក​ជ​ម្រះ​រឿងក្តី​លោកស្រី ថាក់ ឡា​នី ចោទ​សម្តេច​តេ​ជោ សម្លាប់​លោក កែម ឡី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 February, 2018 ក+ ក-

​ភ្នំពេញ ៖ រឿងក្តី​លោកស្រី ថាក់ ឡា​នី អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី បច្ចុប្បន្ន​បាន​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស ករណី​ចោទប្រកាន់ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​អ្នក​សម្លាប់​បណ្ឌិត​កែម ឡី នឹងត្រូវ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បើកសវនាការ​ជំនុំជម្រះ​។​

​ដីកា​កោះហៅ​ឱ្យ​ជនជាប់ចោទ​ចូល​សវនាការ​បង្ហាញថា លោកស្រី ថាក់ ឡា​នី អាយុ​៦៣​ឆ្នាំ ជាប់ចោទ​ពីបទ​”​បរិហារកេរ្តិ៍​ជា​សាធារណៈ និង ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្កឱ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​”​ប្រព្រឹត្ត​នៅ​ភូមិ​តាប៉ាង ឃុំ​ប៉ា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨:៣០​នាទី តាម​មាត្រា​៣០៥ មាត្រា​៤៩៤ និង មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​។​

​កន្លងមក ទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេច​ដូចគ្នា​ផ្តន្ទាទោស​លោកស្រី ថាក់ ឡា​នី ដាក់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​៦​ខែ​និង​ពិន័យ​៨​លាន​រៀល ព្រមទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំនួន​១០០​រៀល​។​

​នៅក្នុង​វេទិកាសាធារណៈ​នៅ​ខេត្តរតនគិរី លោកស្រី ថាក់ ឡា​នី បាន​ចោទប្រកាន់​សម្តេច​តេ​ជោ​ថា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី ។​

​ដើម្បី​ស្វែងរក​ភាពយុត្តិធម៌ និង ភាព​ស្អាតស្អំ​ក្នុងនាម​ជា​មេដឹកនាំ​កំពូល​នៃ​ប្រទេស សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​តាមរយៈ​លោក​មេធាវី គី តិច បានដាក់​ពាក្យបណ្ដឹង​ប្តឹង​លោកស្រី ថាក់ ឡា​នី ដោយ​សំណូមពរ​ឱ្យ​តុលាការ​ចាត់ការ​តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ត្រឹម​១០០​រៀល​ប៉ុណ្ណោះ ៕