ខេត្តសៀមរាប​ប្រារព្ធ​ពិធី​ទិវា​អន្តរជាតិ​នារី​៨​មីនា លើក​ទី​​១០៧
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2018 ក+ ក-

​សៀម​រាម ៖ ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុ​ស្សារី​យ៍​លើក​ទី​១០៧ ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍ​ជាតិ​»​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែមីនា​នេះ ។​

​បន្ទាប់ពី​អាន​ព្រះរាជសារ​របស់​សម្តេច​ម៉ែ សម្តេច​យាយ សម្តេច​យាយទួត ដែល​ផ្ញើជូន​កូនចៅ ចៅទួត រួចមក លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ជួយ​ស្រុក​ប្រាសាទបាគង បាន​មានប្រសាសន៍ថា ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី នាពេលនេះ គឺ​ស្តែង​ចេញពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ក្នុង​ការលើក​កំពស់​សិទ្ធិ សេរីភាព​របស់​ស្ត្រី​។

​លោកជំទាវ មានប្រសាសន៍​បន្តថា ជាមួយគ្នានេះ​កត្តា​សន្តិភាព បានធ្វើ​ឲ្យ​ស្ត្រី មានឱកាស​គ្រប់យ៉ាង​ចូលរួម​គ្រប់​សកម្មភាព​សង្គម ហើយ​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​ឆ្អឹងខ្នង នៃ​ករ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ទៀតផង​។ ជាក់ស្តែង មន្ត្រីរាជការ ជា​ស្ត្រី​នៅ​កម្ពុជា បច្ចុប្បន្ន​ឡើងដល់​ចំនួន ៤១ % លើសពី​ការកំណត់​តាម​ស្តង់ដារ​អន្តរជាតិ ត្រឹម ៣០% ប៉ុណ្ណោះ​។​

ការជ្រើសរើស ប្រធានបទ​ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ បានលើកឡើង​ពី​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ស្វែងរក​សុខ​សន្តិភាព ដោយ​លំបាក ដែល​យើង ទាំងអស់គ្នា​ទាំង​ស្ត្រី ទាំង​បុរស​ត្រូវ​រួមគ្នា​ថែរក្សា​ឲ្យ​បាន​។​

លោកជំទាវ ឯម ផល្លា​មុន្នី ប្រធាន​សមាគមនារី​ក​ម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្រោយ​ថ្ងៃ​រំដោះ ឆ្នាំ​១៩៧៩ រដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ជា​ចំបង​ទៅលើ​តួនាទី​របស់​ស្ត្រី ដោយបាន​បង្កើតជា​សមា​គម​នារី​តាំងពី​ពេល​នោះមក ជាមួយនិង​រំលឹក​ខួប ទិវា​នារី​អន្តរជាតិ​៨​មីនា​ជា​រៀងដរាបមក ក្នុង​គោលបំណង​រំលឹក​ពី​ការតស៊ូ​របស់​នារី ទូទាំង​ពិភពលោក ក្នុងការ​ទាមទារ​ឲ្យ​មានការ​លើកកម្ពស់​សិទ្ធិ ស្ថានភាព ជីវភាព តួនាទី​របស់​ស្ត្រី ឲ្យ​ទទួលបាន​នូវ​អ្វីៗ​ដែល នារី​បាន​បាត់បង់​ជា​យូរអង្វែង​ណាស់​មកហើយ ។

លោកជំទាវ​បន្តថា ក្នុង​គោលការណ៍​លើក​កំពស់​សមភាព យេនឌ័រ ដែល​បុរស និង​ស្ត្រី ទទួលបាន​សិទ្ធិ​ស្មើគ្នា​រួចហើយនោះ ការសហការ យោគយល់ សាមគ្គី​រវាង​គ្នា​និង​គ្នា ក្នុងការ​បំពេញ​កិច្ចការ​នានា​នឹង​សម្រេចបាន​ជោគជ័យ​៕